33 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក​១៤០​ហិកតារ​បន្ថែម​ឱ្យ​ក្រសួង​យុត្តិធម៌​លក់​យក​លុយ​កែលំអ​ក្រសួង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន ១៤០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រសួង​យុត្តិធម៌ សម្រាប់​លក់​យក​ថវិកា​ប្រើប្រាស់​សម្រាប់​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រសួង។

បឹងតាមោក​មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​កន្លែង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ។

ប៉ុន្តែ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​ចំនួន​ជាង ១​ពាន់​ហិកតារ​ហើយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ មន្ត្រី​ជាន់ខ្ពស់ និង​ឯកជន ដូចជា​លោក វង្ស ពិសេន លោក សៅ សុខា លោក យ៉ា គឹមអ៊ី លោក សៀ សម្បត្តិ រួម​ទាំង​ក្រុមហ៊ុន​ឯកជន ទៅ​ឱ្យ​បុគ្គល​ឯកជន ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​ប្រាក់ និង​មាន​អំណាច សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​អនុញ្ញាត​ឱ្យ​ក្រសួង​យុត្តិធម៌ លក់​ដី​បឹងតាមោក​តាម​សំណើ និង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​នេះ​ដែល​រួម​មាន​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រី​សាលាក្រុង និង​មន្ត្រី​យុត្តិធម៌ រួម​ទាំង​ក្រសួង​ហិរញ្ញវត្ថុ ផង​ដែរ។

ក្រសួង​យុត្តិធម៌ ដែល​ត្រូវ​បាន​ផ្តល់​ដី ១៤០​ហិកតារ ធ្វើឡើង​តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១។

កាលពី​ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន ក៏​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​មហាផ្ទៃ លក់​ផ្ទៃដី​បឹងតាមោក ១០០​ហិកតារ​ដែរ ដើម្បី​យក​ប្រាក់​ចំណាយ​លើ​ការ​សាងសង់​អគារ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ។

កន្លងមក អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​បាន​រិះគន់​ចំពោះ​វិធានការ​កាត់ និង​ពុះ​ផ្ទៃ​បឹងតាមោក​ចែក​ទៅ​ស្ថាប័ន​រដ្ឋ ដោះដូរ និង​លក់​ឱ្យ​ឧកញ៉ា អ្នក​មាន​ប្រាក់​ជាបន្តបន្ទាប់ ដោយ​ដោយ​ពួកគាត់​បាន​លើកឡើង​ថា ការ​កាត់​ផ្ទៃ​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ អាច​នឹង​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​ខាងមុខ ខណៈ​បឹង​ធម្មជាតិ​ធំៗ​នៅ​ជុំវិញ​ទីក្រុង ត្រូវ​បាន​លុប​អស់​ដើម្បី​សាងសង់​អគារ និង​ស្ថាប័ន​រដ្ឋ ជាដើម។

ការ​រិះគន់​នេះ ត្រូវ​បាន​លោក ហ៊ុន សែន បាន​លើកឡើង​ថា បញ្ហា​ទឹកជំនន់​ដែល​បង្ក​ឱ្យ​លិច​រាជធានី​ភ្នំពេញ មិន​មែន​បណ្ដាល​មកពី​ការ​លុប​បឹង​ធម្មជាតិ​នោះ​ទេ។ បញ្ហា​ទាំងនោះ​លោក​លើកឡើង​ថា ទោះបីជា​មិន​លុប​បឹង រាជធានី​ភ្នំពេញ​ក៏​មាន​ទឹកជំនន់​ដែរ ហើយ​លោក​ថា​គួរតែ​ឈប់​រិះគន់​ពី​បញ្ហា​នេះ។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន ហាក់​ផ្ទុយពី​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ ដែល​បាន​ចេញ​លិខិត​មួយ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ ដោយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់ ក្រោយពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​សំណង់​ផ្សេងៗ​បិទ​ផ្លូវ​ទឹក​នានា​ជាបន្តបន្ទាប់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស