ក្រុម​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគាត់​ទាំង ៣៦៥​នាក់​ចូល​ធ្វើការ​វិញ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​អង្គការ​សង់ត្រាល់)

នយោបាយ

HRW៖ អាជ្ញាធរ​យាយី​កូដកម្ម​ដោយ​សន្តិវិធី​របស់​បុគ្គលិក Naga World គឺ​លម្អៀង​ផ្នែក​នយោបាយ

By ឌឹ ខេមបូឌា ដេលី

December 22, 2021

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ Human Rights Watch បាន​លើកឡើង​ថា ការ​យាយី​របស់​អាជ្ញាធរ​ចំពោះ​កូដកម្ម​ដោយ​សន្តិវិធី និង​ការ​ចេញ​ដីកា​បដិសេធ​កូដកម្ម​របស់​តុលាការ​ចំពោះ​កម្មករ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គឺ​ធ្វើឡើង​ដោយ​លម្អៀង​ផ្នែក​នយោបាយ ដែល​បង្ខំ​ឱ្យ​កម្មករ​ទាំងនោះ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត​ជាមួយ​នឹង​អាជ្ញាធរ​បន្ថែម​ពី​លើ​ការ​ប្រឈម​ជាមួយ​នឹង​ម្ចាស់​ក្រុមហ៊ុន Naga World។

អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក ហ្វីល រ៉ូបឺសុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នេះ​ថា វត្តមាន​របស់​ប៉ូលិស និង​កម្លាំង​សន្តិសុខ​ដែល​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​លើ​បាតុករ​ដែល​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី គឺ​បង្ហាញ​ពី​សកម្មភាព​បំភិតបំភ័យ ការ​យាយី​យ៉ាង​ធ្ងន់ធ្ងរ​លើ​ការ​តវ៉ា​របស់​កម្មករ​ដែល​កំពុង​ទាមទារ​ដោយ​ស្រប​ច្បាប់​ពី​ការ​រំលោភបំពាន​លើ​សិទ្ធិ​ការងារ​របស់​ក្រុមហ៊ុន Naga World នៅ​ពេលនេះ។

លោក ហ្វីល រ៉ូបឺសុន រិះគន់​ថា ការ​ឃោសនា​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចេតនា​ព្យាយាម​បង្ខូច​សកម្មភាព​កូដកម្ម​ដោយ​សន្តិវិធី ថា​ជា​ការ​បដិវត្ត​ពណ៌​នោះ គឺជា​សកម្មភាព​ជ្រុល​ហួសហេតុ និង​បង្ហាញ​ពី​ការ​រើសអើង​តាម​អំពើ​ចិត្ត​របស់​ខ្លួន​លើ​ក្រុម​សហជីព​គាំទ្រ​សិទ្ធិ​ការងារ​របស់​និយោជិត​កម្មករ​ខ្មែរ​របស់​ក្រុមហ៊ុន Naga World ទាំងស្រុង។

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​រារាំង​សកម្មភាព​កូដកម្ម​របស់​កម្មករ​ទាំងនោះ​ដោយ​សន្តិវិធី​ជា​បន្ទាន់ ជាពិសេស​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គួរ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​សហជីព និង​បុគ្គលិក​របស់​ខ្លួន​រាប់​រយ​នាក់​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​បាន​បណ្តេញ​ចេញ​កាលពី​ពេល​កន្លងទៅ អាច​ចូល​ធ្វើ​ការងារ​វិញ ដើម្បី​បញ្ចប់​នូវ​វិវាទ​នេះ​ឱ្យ​បាន​ឆាប់។

ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​តុលាការ​កម្ពុជា បាន​ចោទប្រកាន់ និង​រារាំង​កូដកម្ម​ដោយ​សន្តិវិធី​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) ថា​ជា​កូដកម្ម​ខុសច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ។

ក្រុម​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga Wolrd) តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគាត់​ទាំង ៣៦៥​នាក់​ចូល​ធ្វើការ​វិញ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​អង្គការ​សង់ត្រាល់)

កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន Naga world ចំនួន​ជាង ១៣០០​នាក់ មាន​ទាំង​កម្មករ​និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ផង ដែល​រង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​ពី​ខាង​ក្រុមហ៊ុន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន Naga World ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ចំនួន ៣៦៥​នាក់​ក្នុង​ចំណោម​កម្មករ​និយោជិត​ជាង ១៣០០​នាក់​ដែល​ក្រុមហ៊ុន Naga World បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​តាំងពី​ខែ​មេសា ឆ្នាំ​២០២១ មក។

នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ឈ្មោះ​ថា Fresh News បាន​ចុះផ្សាយ​ដោយ​ចោទប្រកាន់​ថា ប្រធាន​សហជីព​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺជា​មេខ្លោង​ក្នុង​ការ​រៀបចំ​បាតុកម្ម​ខុសច្បាប់​នៅ​មុខ​ក្រុមហ៊ុន Naga World ដែល​ទទួល​ការ​បណ្តុះបណ្តាល​ពី​សំណាក់​ជនបរទេស ដើម្បី​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។

ប៉ុន្តែ​ការ​ចុះផ្សាយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ចេតនា​ដើម្បី​លាប​ពណ៌​កម្មករ​ទាំងនោះ​ប៉ុណ្ណោះ ត្បិត​ពួកគេ​មិន​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ គ្រាន់តែ​ធ្វើ​កូដកម្ម​ទាមទារ​យុត្តិធម៌​ពី​ថៅកែ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ប៉ុណ្ណោះ។

ដោយឡែក​អ្នក​នាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចោទប្រកាន់​ផង​ដែរ​ថា ការ​ប្រើប្រាស់​អនីតិជន ឬ​ស្ត្រី ជាពិសេស​ស្ត្រី​មាន​កូនខ្ចី ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ចូលរួម​តវ៉ា គឺជា​តាក់តិច​មួយ​ដែល​រៀបចំ​ចលនា​បដិវត្តន៍​ពណ៌ ហើយ​អ្នក​រៀប​ផែនការ​នេះ​តែងតែ​បន់ស្រន់​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ​កើតឡើង​លើ​អនីតិជន ឬ​លើ​ស្ត្រី​ទាំងនោះ ដើម្បី​ទាញ​សមានចិត្ត និង​បញ្ឆេះ​កំហឹង​ពី​មហាជន។

បែប​នេះ​ក្តី នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រតិកម្ម​ថា ក្រសួង​ពាក់ព័ន្ធ​គួរតែ​រៀន និង​ប្រឹងប្រែង​រក​វិធី​ដោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ពី​ភាគី​វិវាទ​ទាំងសងខាង ជាជាង​ប្រឹង​បង្កើត​អត្ថបទ​លាប​ពណ៌​ភាគី​ផ្សេងៗ​ដែល​ជា​ការ​គេចវេះ​មិនព្រម​រក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​រង​ការ​រំលោភបំពាន​លើ​សិទ្ធិ​ការងារ​របស់​ពួកគេ​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល ៦០​ស្ថាប័ន​នៅ​កម្ពុជា ប្រតិកម្ម​ថា វិវាទ​រវាង​ក្រុមហ៊ុន Naga world និង​បុគ្គលិក​របស់​ខ្លួន​អាច​ដោះស្រាយ​បាន លុះត្រាតែ​ក្រុមហ៊ុន​ចូល​តុ​ចរចា​ជាមួយ​កម្មករ​និយោជិត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​ភាគី​ទាំងសងខាង​អាច​ទទួល​យក​បាន។

ចំណែក​ប្រព័ន្ធ​តុលាការ និង​កម្លាំង​សន្តិសុខ​របស់​សាលា​ក្រុង​ភ្នំពេញ មិន​គួរ​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​បំបិទ​សំឡេង​របស់​កម្មករ​និយោជិត​លើ​បញ្ហា​នេះ​ឡើយ។

កម្មករ​និយោជិត​ដែល​កំពុង​ចូល​ធ្វើ​កូដកម្ម អះអាង​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នេះ​ថា ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ​ពី​ខាង​ក្រុមហ៊ុន ស្រប​តាម​ច្បាប់​ការងារ ហើយ​ខាង​ក្រុមហ៊ុន​ក៏​គួរ​ចេញ​មុខ​ដោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា ជាជាង​ប្រើ​តុលាការ និង​សាលា​ក្រុង​ភ្នំពេញ​ចេញ​មុខ​ប្រឈម​មុខ​ជាមួយ​កូដករ​ជំនួស​ខ្លួន​ដូច​ពេលនេះ៕