ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ប្លន់ប្រដាប់អាវុធដែលបានកើតលើមនុស្សដែលល្បីៗក្នុងសង្គម ដូចជាឧកញ៉ា អ៊ាន សៀវម៉ី និងប្រធានគណបក្សខ្មែរក្រោក លោក William Guang ជាដើម គឺជាព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលពិតមែន ប៉ុន្តែកិច្ចការដែលសំខាន់ជាងនេះ គឺពលរដ្ឋខ្មែរគួរតែនាំគ្នាឃ្លាំមើលការស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាលវិញល្អជាង ព្រោះថាវាជាកិច្ចការដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ធ្នូ នេះថា អំពើចោរកម្មនៅកម្ពុជាតែងតែកើតមានជាធម្មតាទៅហើយ រីឯការបង្ក្រាប តាមដាន ស៊ើបអង្កេត និងកាត់សេចក្តី គឺជាភារកិច្ចរបស់សមត្ថកិច្ចប៉ុណ្ណោះ ចំណែកពលរដ្ឋមិនគួរផ្ដោតការយកចិត្តទុកដាក់ខ្លាំងពេកទេលើករណីទាំងនេះ ព្រោះថានៅមានភាពអយុត្តិធម៌សង្គមច្រើនទៀតដែលកំពុងត្រូវការពលរដ្ឋចូលរួមដោះស្រាយ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា កិច្ចការសង្គមដែលពលរដ្ឋគួរតែយកចិត្តទុកដាក់តាមដានសព្វថ្ងៃនេះមានច្រើនណាស់ ដូចជា៖
- សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋដែលត្រូវបានរឹតត្បិត
- វិបត្តិនយោបាយកំពុងជាប់គាំង
- ទណ្ឌកម្មអន្តរជាតិកំពុងសង្កត់លើមន្ត្រីរដ្ឋាភិបាលកម្ពុជា
- ការរំលោភបំពានសិទ្ធិការងាររបស់កម្មករនិយោជិតកំពុងតែកើតមាន
- និងការធ្លាក់ចុះនៃការអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាដើម។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះអះអាងថា ជុំវិញករណីប្លន់ប្រដាប់អាវុធនេះ ប្រសិនបើអាជ្ញាធររកឃើញថាជនសង្ស័យពិតជាបានធ្វើសកម្មភាពប្លន់ប្រាកដមែន ត្រូវតែអនុវត្តទៅតាមច្បាប់ ប៉ុន្តែមុននឹងឈានទៅដល់ការចោទប្រកាន់ដើម្បីកាត់ទោស សមត្ថកិច្ចគួរតែស៊ើបអង្កេតឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីបង្កើននូវជំនឿទុកចិត្តពីពលរដ្ឋរបស់ខ្លួនលើករណីនេះ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា អះអាងថា ចោរប្លន់ប្រដាប់ដោយអាវុធចូលប្លន់ទ្រព្យសម្បត្តិដល់គេហដ្ឋានអ្នកលក់ឡេ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានហើយ ដែលមានមេខ្លោងជាប្រធានគណបក្សខ្មែរក្រោក ឈ្មោះ William Guang ក្នុងនោះសមត្ថកិច្ចបានដកហូតបានវត្ថុតាងបានមួយចំនួន រួមទាំងកាំភ្លើង ៥ដើមផងដែរ។
ដោយឡែកមេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានអះអាងថា ប្រធានគណបក្សខ្មែរក្រោក ឈ្មោះ William Guang បានសារភាពថា ខ្លួនពិតជាបានដឹកនាំបក្ខពួកធ្វើសកម្មភាពចូលប្លន់ប្រាកដមែន ដោយឈ្មោះ William Guang ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាពប្លន់ដោយផ្ទាល់ ដោយសារតែខ្លួនស្អប់អ្នកលក់ឡេអនឡាញ សៀវម៉ី ដែលតែងបង្ហោះបង្អួតទ្រព្យសម្បត្តិតាមបណ្ដាញសង្គមរហូតមក។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ករណីប្លន់នេះទំនងជាព្រឹត្តិការណ៍នយោបាយដែលបានបង្កើតឡើងដោយបក្សកាន់អំណាច ដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនចេញពីព្រឹត្តិការណ៍អាក្រក់ៗដែលកំពុងកើតមានលើរដ្ឋាភិបាលកម្ពុជា ដូចជាការប្រតិកម្មរបស់និស្សិតប្រទេសភូមា លើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដោយការយករូបរបស់លោកជាន់នឹងបាតជើង និងដុតចោលតាមទីសាធារណៈកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា ប្រសិនបើករណីប្លន់នេះជាព្រឹត្តិការណ៍ដែលគ្មានការរៀបចំ ដើម្បីបង្កើតជាព្រឹត្តិការណ៍នយោបាយបង្វែរចំណាប់អារម្មណ៍មហាជនទេនោះ មានន័យថាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញកន្លងមក គឺគ្មានប្រសិទ្ធភាពអ្វីទាំងអស់ ព្រោះបញ្ហាអសន្តិសុខសង្គមនៅតែកើតមានលើពលរដ្ឋដដែល៕