លោក ហ៊ុន សែន ទទួលប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឱ្យទៅទទួលទានអាហារពេលព្រឹកនៅភូមិគ្រឹះរបស់លោក ដោយមានវត្តមានកូនប្រុសទាំងបីរបស់លោកផងដែរ គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី។
មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចតំណពូជ លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២២ ធ្នូ នេះថា នៅក្នុងពិធីទទួលទានអាហារពេលព្រឹកជាលក្ខណៈគ្រួសារនេះ លោក ហ៊ុន សែន និងមេដឹកនាំកុម្មុយនីស្តវៀតណាម បានពិភាក្សាគ្នាលើការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឲ្យជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
បុរសខ្លាំងនៅកម្ពុជារូបនេះអះអាងថា ប្រធានាធិបតីថ្មីវៀតណាម លោក ង្វៀន ស៊ួនហ្វុក បានកោតសរសើរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលកម្ពុជា និងវៀតណាម សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយ លើកកម្ពស់តួនាទី និងមុខមាត់ប្រទេសកម្ពុជាក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាចបែបនេះ គឺបន្ទាប់ពីលោកបានជួបជាមួយមេដឹកនាំវៀតណាម ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃនៅដើមសប្តាហ៍នេះ។
ប្រធានាធិបតីថ្មីរបស់វៀតណាម លោក ង្វៀន ស៊ួនហ្វុក បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២១ និងទី២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អរវាងកម្ពុជា-វៀតណាម។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ធ្នូ នេះថា ក្នុងជំនួបរបស់លោក ហ៊ុន សែន រួមជាមួយកូនៗរបស់គាត់ជាមួយនឹងមេដឹកនាំវៀតណាម គឺជាការសម្ដែងនូវភាពជិតស្និទ្ធកាន់តែស៊ីជម្រៅមួយកម្រិតទៀតក្នុងនាមជាមេដឹកនាំដែលធ្លាប់អនុវត្តតាមផែនការរបស់វៀតណាមកន្លងមក។
លោក ម៉ែន ណាត លើកឡើងថា ក្នុងជំនួបនេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មានចេតនាណែនាំឱ្យមេដឹកនាំវៀតណាម លោក ង្វៀន ស៊ួនហ្វុក មានទំនាក់ទំនងកាន់តែល្អបន្ថែមទៀតជាមួយកូនប្រុសរបស់លោក ជាពិសេសលោក ហ៊ុន ម៉ាណែត ដែលអាចនឹងត្រូវស្នងតំណែងបន្តអំណាចរបស់គាត់ទៅថ្ងៃក្រោយ ដើម្បីសុំការជ្រោមជ្រែងពីរដ្ឋាភិបាលវៀតណាម ដូចដែលលោកធ្លាប់ទទួលបានការគាំទ្រពីវៀតណាម ដូច្នោះដែរ។
លោកបន្តថា បញ្ហានេះមិនចម្លែកទេសម្រាប់មេដឹកនាំដែលល្មោភអំណាច និងប្ដេជ្ញាកាន់កាប់អំណាចតវង្សត្រកូលដូចលោក ហ៊ុន សែន ព្រោះថាមេដឹកនាំដែលប្រកាន់ជំហរដឹកនាំតាមបែបកុម្មុយនីស្តដោយការកាន់អំណាចមួយជីវិតបែបនេះ តែងតែរឹតចំណងចងជាគ្រួសារជាមួយមេដឹកនាំកុម្មុយនីស្តជានិច្ច ដើម្បីថែរក្សាអំណាចតំណពូជរបស់ខ្លួន។
កាលពីអំឡុងខែមេសា ឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានផ្ញើលិខិតជូនអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង ដោយលើកសរសើរពីកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ថាមានសមត្ថភាពអាចផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជាបាន ជាពិសេសបានទទួលស្នាដៃក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃវីរុស Covid-19 កន្លងមក។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន ទំនងជាដឹងច្បាស់ហើយថា ដើម្បីបង្កើនឥទ្ធិពលកូនប្រុសរបស់គាត់ក្នុងជួរគណបក្ស និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដើម្បីឲ្យពួកគេទទួលស្គាល់ក្នុងការស្នងអំណាចនេះ គ្មានជម្រើសផ្សេងណាក្រៅពីពឹងចៅហ្វាយចាស់របស់ខ្លួន គឺរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ឱ្យជួយជ្រោមជ្រែងកូនរបស់គាត់ឡើងកាន់អំណាចបន្តពីខ្លួននោះទេ៕