38 C
Phnom Penh

អាជ្ញាធរ​ព្រមាន​មិន​ឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​ភ្នំពេញ ព្រមាន​ថា ប្រសិនបើ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) និង​សហជីព​នៅតែ​បន្ត​សកម្មភាព​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ​ទៀត នោះ​ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ណាហ្គា វើលដ៍ និង​កម្មករ​និយោជិត កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ទោះបី​សាលា​រាជធានី​ភ្នំពេញ​ខិតខំ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ក៏ដោយ ក៏​កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា វើលដ៍ ពុំ​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​ដោយ​ខុសច្បាប់​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ។

ប្រភព​ដដែល​បន្ត​ថា ទោះ​មិន​មាន​ការ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ទាំង​ពីរ​ភាគី​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​បាន​សម្រេច​យក​ដំណោះស្រាយ​មួយ​ចំនួន ក្នុង​នោះ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​កន្លងមក​ឱ្យ​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ និង​ត្រូវ​ទូទាត់​ប្រាក់ខែ​ស្រប​តាម​ច្បាប់​ការងារ​ជូន​ចំពោះ​បុគ្គលិក​ណា​ដែល​បាន​សម្រេច​ថា ឈប់​បម្រើ​ការ​ជូន​ក្រុមហ៊ុន​បន្ត​ទៀត។

កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ សាលា​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) លីមីតធីត ដែល​មាន​ការ​ចូលរួម​ពី​អភិបាល​រង​ក្រុង​ភ្នំពេញ លោក កើត ឆែ និង​លោក មាន ចាន់យ៉ាដា ព្រមទាំង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម លោក ទេស រុក្ខាផល និង​តំណាង​កម្មករ​និយោជិត​ផង​ដែរ។

កម្មករ​ដែល​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន ណាហ្គា វើលដ៍ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា កិច្ចប្រជុំ​រវាង​អភិបាល​រង​ក្រុង​ភ្នំពេញ និង​តំណាង​កម្មករ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយ គឺ​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ចង់​ចូល​ធ្វើការ​វិញ​អាច​ចូល​ធ្វើការ​បាន ចំណែក​អ្នក​ដែល​សម្រេច​ថា​ឈប់​ធ្វើការ​ឱ្យ​ក្រុមហ៊ុន នឹង​ផ្តល់​ប្រាក់​តាម​ច្បាប់​ការងារ ប៉ុន្តែ​ក្រុមហ៊ុន​មិនទាន់​បាន​អនុវត្ត​ការ​ចរចា​នៅឡើយ​ទេ ដូច្នេះ​ការ​ធ្វើ​កូដកម្ម​ក៏​នឹង​មិន​បញ្ឈប់​ដែរ ប្រសិនបើ​ក្រុមហ៊ុន​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នៃ​អង្គប្រជុំ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្មករ​និយោជិត​ទាំងអស់​មិន​ចង់​ធ្វើ​កូដកម្ម​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​វិវាទ​ជាមួយ​នឹង​កម្មករ​របស់​ខ្លួន​មិន​សមរម្យ​តាម​ច្បាប់​ការងារ ទើប​ឈាន​ដល់​ការ​ធ្វើ​កូដកម្ម​បែប​នេះ។ ដោយឡែក​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គួរតែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ជូន​កម្មករ​ដោយ​យុត្តិធម៌​លើ​បញ្ហា​នេះ​ផង​ដែរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ផង​ដែរ​ថា ការ​ដោះស្រាយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហាក់​មិន​បាន​ឈរ​លើ​គោលការណ៍​ជា​អាជ្ញាកណ្ដាល​នោះ​ទេ ប៉ុន្តែ​ហាក់​មាន​ភាព​លម្អៀង​ទៅ​ខាង​ភាគី​ក្រុមហ៊ុន ជាជាង​ទាមទារ​រក​យុត្តិធម៌​ជូន​កម្មករ។

លោក​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដែល​ចោទ​ថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ទាំងនោះ​រួម​មាន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ផង គឺជា​ការ​ធ្វើ​បដិវត្ត​ពណ៌ ថា​ជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ រិះគន់​ថា ប្រវត្តិ​ក្រុមហ៊ុន ណាហ្គា វើលដ៍ នេះ មាន​ប្រវត្តិ​រើសអើង​សហជីព ៣​ជំនាន់​មក​ហើយ ដូច្នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវតែ​ពិនិត្យ​មើល​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់។ លោក​បន្ត​ថា ចំពោះ​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ដែល​បាន​ដាក់​របាំង​មិន​ឱ្យ​ក្រុម​កូដករ​ប្រើប្រាស់​បន្ទប់ទឹក និង​ចេញ​ទៅ​ទិញ​អាហារ​ហូបចុក គឺជា​ការ​គំរាម​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ផង​ដែរ។

នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាន​បង្ហាញ​កំណត់ហេតុ​ប្រជុំ​របស់​ខ្លួន​ថា កម្មករ​និយោជិត​ត្រូវតែ​នាំគ្នា​ចូល​ធ្វើ​ការងារ​វិញ​សិន ទើប​ខាង​ក្រុមហ៊ុន​បន្ត​ដោះស្រាយ​ការ​ទាមទារ​ទូទាត់​សំណង​តាម​ច្បាប់​ស្ដីពី​ការងារ ហើយ​អង្គប្រជុំ​នឹង​បន្ត​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ លីមីតធីត នេះ នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស