លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា និង​មេ​រដ្ឋប្រហារ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៃ​ប្រទេស​ភូមា។

ព័ត៌មានអន្តរជាតិ

អ្នកវិភាគ​អន្តរជាតិ​ថា​ជំហរ​ការទូត​របស់​កម្ពុជា​ករណី​ភូមា ធ្វើ​ឱ្យ​អាស៊ាន​ទៅ​រក​ភាព​អាម៉ាស់

By ឌឹ ខេមបូឌា ដេលី

December 23, 2021

ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នៅ​ប្រទេស​ភូមា កើតមាន​ឡើង គឺ​បណ្ដា​សមាជិក​អាស៊ាន​ភាគច្រើន​បាន​ថ្កោលទោស​របប​សឹក។

អ្វី​ដែល​ធ្វើ​ឱ្យ​សមាជិក​អាស៊ាន​ខកចិត្ត ព្រោះ​តែ​ពួក​យោធា​មិន​បាន​អនុវត្ត​ផែនការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ដែល​នាំ​ឱ្យ​សមាជិក​អាស៊ាន​រារាំង​ការ​ចូលរួម​របស់​ភូមា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែ​តុលា និង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ក្នុង​ខែ​វិច្ឆិកា។

ទោះបីជា​មាន​ការ​ព្រួយបារម្ភ​ដោយ​រដ្ឋ​អាស៊ាន​ផ្សេង​ទៀត​ក៏ដោយ ក៏​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ពេលនេះ​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ជាមួយ​យោធា ដោយ​លោក​យល់​ថា​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ ដើម្បី​ដំណោះស្រាយ គឺ​មាន​តែ​ជួប​មេដឹកនាំ​ភូមា។ គេ​បាន​ឃើញ​ទំនាក់ទំនង​បាន​កើតមាន​ឡើង​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​តែងតាំង​ដោយ​ពួក​យោធា គឺ​លោក Wunna Maung Lwin បាន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយ​ភ្ជាប់​ពាក្យ​សម្ដី​ជាមួយ​លោក ហ៊ុន សែន ហើយ​អញ្ជើញ​ឱ្យ​លោក ហ៊ុន សែន ទៅកាន់​ភូមា។ លោក​ក៏​បាន​ប្រកាស​ថា លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ពួក​យោធា រួម​ទាំង​អគ្គមេបញ្ជាការ និង​មេដឹកនាំ​រដ្ឋប្រហារ មីន អ៊ុងឡាំង (Min Aung Hlaing) នៅ​ក្នុង​អ្វី​ដែល​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ​ទៅ​ចាប់​ដៃ​ជាមួយ​នឹង​មេ​រដ្ឋប្រហារ។

Allegra Mendelson ដែល​ជា​អ្នក​ព័ត៌មាន​ជាន់ខ្ពស់​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​សម្រង់​វិភាគ​លើ​រឿង​នេះ ដោយ​សួរនាំ​ក្រុម​អ្នកវិភាគ​អន្តរជាតិ និង​អ្នក​នយោបាយ​បរទេស​ជាច្រើន​ដូចតទៅ៖

លោក Charles Santiago ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ដែល​ជា​បណ្ដាញ​សមាជិក​សភា​តស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស​ក្នុង​តំបន់។ លោក​បាន​និយាយ​ថា វិធីសាស្ត្រ​របស់​អាស៊ាន​ចំពោះ​ប្រទេស​ភូមា នៅ​ឆ្នាំ​នេះ ប្រហែល​មិនមែន​ជោគជ័យ​ដ៏​អស្ចារ្យ​ទេ ប៉ុន្តែ​ជា​ជោគជ័យ​របស់​លោក ហ៊ុន សែន ដែល​បាន​ជួប​ជាមួយ​មេ​រដ្ឋប្រហារ​នៅ​ភូមា​ទៅវិញ​ទេ។

អ្នក​សង្កេតការណ៍​អាស៊ាន​មួយ​ចំនួន​ជឿ​ថា ការ​ផ្តាច់​ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​រដ្ឋាភិបាល​យោធា ទំនង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាស៊ាន​មិន​ត្រូវការ​អ្នក​ពាក់​ឯកសណ្ឋាន​យោធា មក​ប្រជុំ​ជំនួស​ប្រជាជន​ភូមា​នោះ​ទេ។

សម្រាប់ Aljazeera បាន​ពិពណ៌នា​ថា ការ​ប្រកាន់​ជំហរ​នា​ពេល​ថ្មីៗ​នេះ​របស់​លោក ហ៊ុន សែន លើ​កិច្ចការ​ការទូត​ដែល​គេ​ប្រដូច​ទៅ​នឹង​ពួក Cowboy ជា​ពាក្យ​សំដៅ​លើ​យុទ្ធសាស្ត្រ​ការទូត​ដ៏​ប្រថុយប្រថាន និង​ឃោរឃៅ បាន​ធ្វើ​ឱ្យ​ដៃគូ​ក្នុង​តំបន់​ជាច្រើន​របស់​លោក​មាន​ការ​ព្រួយបារម្ភ។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា សមាជិក​គ្រួសារ​របស់​អាស៊ាន គឺ​ភូមា ហើយ​ប្រសិនបើ​មិន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ក្នុង​ប្រទេស​ភូមា ថា​តើ​ត្រូវ​ធ្វើការ​ជាមួយ​អ្នក​ណា។ លោក​បាន​ជំទាស់​ចំពោះ​អ្នក​រិះគន់​ដែល​បាន​ចោទ​សួរ​ការ​សម្រេច​ចិត្ត​របស់​លោក ក្នុង​ការ​ជួប​ជាមួយ​យោធា​ភូមា ដោយ​ប្រាប់​ពួក​គេ​ថា សូម​កុំ​រំខាន ហើយ​សូម​ផ្តល់​ឱកាស​ឱ្យ​លោក​ដោះស្រាយ​បញ្ហា​នេះ​ជា​មុន​សិន។

រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​និស្សិត​ភូមា យក​ទៅ​ជាន់ឈ្លី និង​ដុត​ចោល​តាម​ទី​សាធារណៈ។

លោក Charles Dunst សមាជិក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) បាន​និយាយ​សំដៅ​លើ​តួនាទី​របស់​លោក ហ៊ុន សែន ក្នុង​ការ​ចរចា​នៅ​ពេល​ចុងក្រោយ​របស់​លោក​ជាមួយ​ក្រុម​បំបែក​ខ្លួន​ទ័ព​ព្រៃ​ខ្មែរក្រហម ដែល​លោក ហ៊ុន សែន អះអាង​ថា​នេះ​ជា​បទពិសោធន៍​របស់​លោក​នៅ​កម្ពុជា​ក្រោយ​សង្គ្រាម។

អ្នកវិភាគ​រូប​នេះ​ថា លោក ហ៊ុន សែន ជឿ​ថា​លោក​ជា​អ្នក​បង្កើត​សន្តិភាព។

ទោះបីជា​របប​ខ្មែរក្រហម​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​អាយុជីវិត​ប្រជាជន​ប្រហែល ២​លាន​នាក់ ត្រូវ​បាន​ផ្តួល​រំលំ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៧៩ ដោយ​ការ​លុកលុយ​របស់​កងកម្លាំង​វៀតណាម​ក៏ដោយ ក៏​របប​នេះ​នៅតែ​រក្សា​បាន​នូវ​ទីតាំង​រឹងមាំ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន បាន​អះអាង​ជា​យូរ​មក​ហើយ​ថា នេះ​ជា​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហើយ​ក៏​ជា​យុទ្ធសាស្ត្រ​ដែល​លោក​បាន​បង្កើត​ឡើង ដើម្បី​លើក​ទឹកចិត្ត​ការ​រត់​ចោល​ជួរ​នៃ​កងទ័ព​ព្រៃ​ខ្មែរក្រហម ដែល​ជា​ទីបញ្ចប់​នៃ​ការ​ប្រយុទ្ធ​គ្នា ហើយ​មធ្យោបាយ​តែ​មួយ​គត់​របស់​លោក​ក្នុង​ការ​ទប់ស្កាត់​ករណី​ភូមា គឺ​តាមរយៈ​ការ​ចូលរួម​ជាមួយ​របប​យោធា ជាជាង​ដាក់​ឱ្យ​ពួក​យោធា​នៅ​ដាច់ឡែក​ពី​គេ។ តែ​យ៉ាងណា ភាព​ជោគជ័យ​នេះ នឹង​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​ទេ។ វា​អាច​ជា​ការ​ប្រថុយ​មួយ​ដែរ ហើយ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ភូមា អាច​កាន់តែ​អាក្រក់​ទៅ​ក៏​ថា​បាន។

ចាប់តាំង​ពី​រដ្ឋប្រហារ​មក របប​យោធា​ភូមា​បាន​សម្លាប់​មនុស្ស​ជាង ១៣៤០​នាក់។ នេះ​បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ ដោយ​របប​នេះ​នៅតែ​បន្ត​បង្ក្រាប​ក្រុម​បាតុករ និង​ប៉ះទង្គិច​ជាមួយ​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ដែល​កំពុង​កើន​ឡើង។

សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera យល់​ឃើញ​ថា ការទូត​បែប​កម្ពុជា​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​មាន​បញ្ហា​នៅ​ក្នុង​លក្ខណៈ​សម្បត្តិ​របស់​អាស៊ាន ជាមួយ​នឹង​ការ​អះអាង​ថា មេដឹកនាំ​កម្ពុជា​ដែល​គេ​ហៅ​ថា​បុរស​ខ្លាំង កំពុង​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង​ដោយ​មិន​ស្តាប់​អ្នកដទៃ​នៅ​ក្នុង​សមាគម​ឡើយ។

រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​និស្សិត​ភូមា យក​ទៅ​ជាន់ឈ្លី និង​ដុត​ចោល​តាម​ទី​សាធារណៈ។

សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី លោក Santiago មាន​ការ​ព្រួយបារម្ភ​ជាពិសេស​ចំពោះ​ការ​ខ្វះ​តម្លាភាព​ជុំវិញ​ការ​លើក​ទឹកចិត្ត​របស់​លោក ហ៊ុន សែន និង​សមត្ថភាព​ដែល​លោក​កំពុង​ប្រតិបត្តិការ ជាពិសេស​ពេល​លោក​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​ភូមា។ អ្នក​នយោបាយ​រូប​នេះ​ថា​លោក ហ៊ុន សែន កំពុង​ធ្វើ​រឿង​នេះ​ជា​ឯកតោភាគី។

លោក Santiago សួរ​ថា តើ​នរណា​បាន​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​បុរស​នេះ​ធ្វើ​ដូចនេះ? តើ​លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន ឬ​ក៏​តំណាង​ឱ្យ​អាស៊ាន? ជំហរ​របស់​លោក​ត្រូវតែ​មាន​ភាព​ច្បាស់លាស់ ហើយ​លោក​ត្រូវតែ​និយាយ​ជា​សាធារណៈ​ថា តើ​មាន​ការ​គាំទ្រ​ពី​អាស៊ាន​សម្រាប់​កិច្ចប្រជុំ​នោះ​ដែរ​ទេ? បើ​មិន​ដូច្នេះ​ទេ នេះ​គឺជា​បញ្ហា​របស់​អាស៊ាន។

លោក Santiago បន្ត​ថា អ្នក​ដែល​គួរ​ទៅ​មិនមែន​ជា​លោក ហ៊ុន សែន ទេ។ អ្នក​ដែល​គួរ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា គឺជា​បេសកជន​ពិសេស​របស់​អាស៊ាន។

កម្ពុជា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដោយ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស គឺ​លោក ប្រាក់ សុខុន ជា​បេសកជន​ពិសេស​អាស៊ាន​ថ្មី​ប្រចាំ​ប្រទេស​ភូមា តាម​ការ​សម្រេច​ជា​ឯកតោភាគី​របស់​លោក ហ៊ុន សែន។ មាន​ការ​សង្កេត​ឃើញ​ថា លោក ប្រាក់ សុខុន បាន​ដើរ​តាម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន លើ​ប្រទេស​ភូមា តាំងពី​ដើម​ដំបូង​មក ដែល​ថ្មីៗ​នេះ​ដោយ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក Wunna Maung Lwin។

ការ​ខ្វែង​គំនិត​របស់​កម្ពុជា​អំពី​ជំហរ​អាស៊ាន បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​ថា តើ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រក្សា​ផែនការ​សន្តិភាព​ចំនួន​ប្រាំ​ចំណុច​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ដែរ​ឬ​ទេ។

ចំណុច​ទាំង​ប្រាំ​នៃ​មតិ​ឯកភាព​ចែង​ថា បេសកជន​ពិសេស និង​គណៈប្រតិភូ​នឹង​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ។ រហូត​មក​ដល់​ពេលនេះ កម្ពុជា​ទើប​តែ​បាន​ផ្ដួចផ្ដើម​ការ​ផ្សព្វផ្សាយ​ជាមួយ​យោធា ដោយ​បាន​ព្រងើយកន្តើយ​ចំពោះ​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​ជា​ក្រុម​ជនស៊ីវិល​ធ្វើការ​តស៊ូ ដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​ភូមា ដែល​ក្រុម​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហគមន៍​ធំៗ ដូចជា​សហភាព​អឺរ៉ុប សភា​អន្តរជាតិ IPU សហរដ្ឋ​អាមេរិក រហូត​ដល់​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ​ទៀត​ផង។

ជាមួយ​គ្នា​នេះ អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន បាន​ជួប​ពិភាក្សា​ជាមួយ​លោក Min Aung Hlaing កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ តាមរយៈ​ការ​ហៅ​តាម​វីដេអូ គឺ​លោក វង្ស ពិសេន បាន​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​កងកម្លាំង​ការពារ​ជាតិ​អាស៊ាន ដែល​នឹង​ធ្វើឡើង​នៅ​ខែ​មីនា ឆ្នាំ​២០២២។ ត្រង់​ចំណុច​នេះ​ហើយ​ដែល Joanne Lin ជា​អ្នកស្រាវជ្រាវ​នាំមុខ​គេ​ក្នុង​កិច្ចការ​នយោបាយ-សន្តិសុខ​នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន វិទ្យាស្ថាន ISEAS-Yusof Ishak និយាយ​ថា លោក ហ៊ុន សែន មាន​បំណង​ចង់​ឱ្យ​ភូមា​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំងអស់​របស់​អាស៊ាន ហើយ​កម្ពុជា​អាច​ចូលរួម​បាន​យ៉ាង​ល្អ​ជាមួយ​យោធា ប៉ុន្តែ​នេះ​មិនមែន​ជា​អ្វី​ដែល​អាស៊ាន​កំពុង​ស្វែងរក​នោះ​ទេ។

ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​លើ​ប្រទេស​ភូមា ក៏​បាន​ជំរុញ​ឱ្យ​មាន​ចម្ងល់​ថា តើ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ពី​តួអង្គ​ខាងក្រៅ​ដែរ​ឬ​ទេ ដែល​គេ​សង្ស័យ​ច្រើន​ទៅលើ​ប្រទេស​ចិន ជាជាង​ប្រទេស​ជប៉ុន ដែល​លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​បាន​ពិភាក្សា​អំពី​ការ​សម្រេច​ចិត្ត​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី Retno Marsudi ដោយ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​អាច​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពហុភាគី។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ជំហរ​របស់​លោក ហ៊ុន សែន ចំពោះ​ប្រទេស​ភូមា បាន​កើតឡើង​បន្ទាប់ពី​បេសកជន​ពិសេស​របស់​ចិន លោក Sun Guoxiang បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី និង​ប្រ៊ុយណេ ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​យល់ព្រម​យក​មេ​រដ្ឋប្រហារ​ភូមា មីន អ៊ុងឡាំង ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន កាលពី​ខែ​វិច្ឆិកា ប៉ុន្តែ​ចិន​បរាជ័យ ដោយសារ​មាន​ការ​ជំទាស់​ពី​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។

ព្រោះ​តែ​ចិន​កំពុង​គាំទ្រ​របប​យោធា​ដើម្បី​ការពារ​ការ​វិនិយោគ និង​ផលប្រយោជន៍​របស់​ចិន គឺ​ពិត​ណាស់​ដែល​ចិន​ត្រូវ​ជំរុញ​កម្ពុជា​ឱ្យ​ផ្លាស់ប្ដូរ​ជំហរ​ឡើងវិញ​ចំពោះ​របប​សឹក​ភូមា។ តែ​បើ​ទៅ​មិន​រួច​ទេ សូម​កម្ពុជា​ព្យាយាម​ប្រញាប់​ដកខ្លួន​វិញ ពីព្រោះ​អាច​ធ្វើ​ឲ្យ​អាស៊ាន​បែកបាក់​សាមគ្គី​គ្នា​ដោយសារ​កម្ពុជា៕