លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នយោបាយ

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បក្ស​ជ្រើស​ជា​ផ្លូវការ​ឱ្យ​ជាប់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក

By ឌឹ ខេមបូឌា ដេលី

December 25, 2021

គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​សម្រេច​ជា​ឯកច្ឆន្ទ​គាំទ្រ​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជា​ផ្លូវការ​ឱ្យ​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ក្រោយ​ពេល​លោក ហ៊ុន សែន បើក​ការ​គំរាមកំហែង​លើ​អស់​មន្ត្រី​កុំ​ឲ្យ​មាន​ការ​ជំទាស់​ផែនការ​របស់​លោក។

គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កាន់​អំណាច បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​ថា ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន ក៏​បាន​សម្រេច​ជ្រើស​តាំង​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ជា​អនុប្រធាន​គណបក្ស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បន្ថែម​លើ​ចំនួន​អនុប្រធាន​បក្ស​ដែល​មាន​ស្រាប់ និង​គាំទ្រ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​បន្តបន្ទាប់​ទៀត ព្រមទាំង​បោះឆ្នោត​គាំទ្រ​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​តំណែង​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃ​អនាគត​ផង​ដែរ។

ការ​សម្រេច​បោះឆ្នោត​ជ្រើសរើស​កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​ឱ្យ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​ខ្លួន​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មិនមែន​ជា​ឆន្ទៈ​ពិតប្រាកដ​របស់​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងនោះ​ទេ ប៉ុន្តែ​ដោយសារ​មាន​ការ​គំរាមកំហែង និង​ការ​ទិញ​ទឹកចិត្ត​ពី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ក្រៅពី​ការ​តែងតាំង​មនុស្ស​ថ្មី​បន្ត​វេន​ក្នុង​បរិយាកាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​អាប់អួរ​បន្តិច​ក្នុង​ការ​លើក​ឲ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ប្រធាន​គណបក្ស និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត​បន្ត​តំណែង​ត្រកូល ហ៊ុន នោះ គឺ​មាន​តែងតាំង​លោក ស សុខា កូនប្រុស​របស់​លោក ស ខេង និង​លោក សាយ សំអាល់ កូនប្រុស​របស់​លោក សាយ ឈុំ និង​ជា​កូនប្រសា​របស់​លោក ឌិត មន្ទី ឲ្យ​ធ្វើជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​អនាគត​ផង​ដែរ។

នៅ​មុន​សន្និបាត​កើតឡើង​នៅ​ពេលនេះ លោក ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា លោក​និង​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​ទាំង​លោក ស ខេង និង​លោក ទៀ បាញ់ ផង បាន​ជួប​គ្នា​មុន​អ្វី​ដែល​លោក ហ៊ុន សែន ចាត់ទុក​ថា​វា​ជា​ការ​ពិគ្រោះ​យោបល់ និង​រក​វិធី​ដើម្បី​ដោះស្រាយ​វិបត្តិ​កើតឡើង​ប្រសិនបើ​អត់​ពី​លោក​ទៅ។

លើស​ពី​នេះ​ទៅ​ទៀត នៅ​មុន​មួយ​ថ្ងៃ​នៃ​អង្គ​សន្និបាត​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​កំណែ​ទម្រង់​ផ្ទៃក្នុង​បក្ស គេ​ក៏​សង្កេត​ឃើញ​វត្តមាន​ប្រធានាធិបតី​នៃ​ប្រទេស​វៀតណាម ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) នេះ ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​ជាប់ជួន​នៃ​អង្គ​សន្និបាត​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នេះ។

បើ​ទោះ​ជា​បែប​ណា នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន បាន​នាំ​កូនប្រុស​របស់​លោក​ទាំង ៣​នាក់ ផ្តល់​ការ​ស្វាគមន៍​ជា​លក្ខណៈ​គ្រួសារ​នៅ​គេហដ្ឋាន​របស់​លោក មុន​នឹង​ពិធី​ជ្រើសរើស​កូនប្រុស​ច្បង​របស់​លោក​មក​ដល់។

ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ​ដែល​អ្នកវិភាគ​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​យក​គំរូ​នៃ​ការ​ដឹកនាំ​តាម​បែប​ឪពុក​របស់​លោក និង​ផ្ដាច់ការ ប្រសិនបើ​ពិតជា​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត​មែន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ​ថា លោក​សូម​អបអរ​សាទរ​លោក ហ៊ុន សែន ដែល​បាន​សម្រេច​បំណង​ក្នុង​ការ​តែងតាំង​កូន​របស់​គាត់​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន ដែល​គាត់​ប៉ងប្រាថ្នា​ជា​យូរ​មក​ហើយ​នោះ ប៉ុន្តែ​ការ​តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​នេះ ទោះ​ជា​ធ្លាក់​ទៅ​លើ​មន្ត្រី​មួយ​ណា​ក៏ដោយ​ក្នុង​បក្ស​នោះ មិនមែន​ដើម្បី​រក​ផលប្រយោជន៍​ជូន​ជាតិ​នោះ​ទេ គឺ​ដើម្បី​តែ​រក​ផលប្រយោជន៍​ឱ្យ​គណបក្ស និង​បក្ខពួក​របស់​ពួកគេ​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវការ គឺ​គណបក្ស​នយោបាយ​មួយ​ដែល​ដឹកនាំ​ប្រទេស​ទៅ​រក​ការ​រក្សា​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជ្យជាតិ​របស់​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​មេដឹកនាំ​កាន់​អំណាច​បច្ចុប្បន្ន និង​អ្នក​បន្ត​វេន​កាន់កាប់​អំណាច​នៅ​ថ្ងៃ​អនាគត​របស់​បក្ស​ដែល​មាន​សារជាតិ​មកពី​បក្ស​កុម្មុយនីស្ត​នោះ គឺ​ដើម្បី​តែ​ថែរក្សា​អំណាច និង​ពឹង​បរទេស​ឱ្យ​ជួយ​ជ្រោមជ្រែង​អំណាច​ខ្លួនឯង​តាមរយៈ​ការ​សម្បទាន​ទឹកដី​កម្ពុជា ក្នុង​រូបភាព​មិត្តភាព​ម៉ឺន​ឆ្នាំ ឬ​មិត្ត​ដែកថែប​តែប៉ុណ្ណោះ។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន គំរាម​ថា អ្នក​ដែល​ចង់​ដណ្តើម​តំណែង​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពី​កូនប្រុស​របស់​លោក ត្រូវ​តែ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ហើយ​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​គំរាម​ថា អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​មាន​ជីវិត​រស់នៅ​ដែរ ហើយ​សង្គ្រាម​ច្បាស់​ជា​នឹង​ផ្ទុះឡើង​ជា​មិន៕