ប្រជាសហគមន៍អះអាងថា ព្រៃឡង់នឹងវិនាសក្នុងឆ្នាំ២០២២ ប្រសិនបើរដ្ឋាភិបាលមិនអើពើទប់ស្កាត់ ខណៈសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៅស្រុករវៀង ខេត្តព្រះវិហារ បានកើនឡើងខ្លាំងយ៉ាងគគ្រឹកគគ្រេងជាងពេលកន្លងមក។
ការអះអាងរបស់ប្រជាសហគមន៍ ធ្វើឡើងបន្ទាប់ពីពួកគេបានចុះល្បាតព្រៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងចំនួន ១០កន្លែងផ្សេងគ្នាក្នុងតំបន់ព្រៃឡង់ ដោយរកឃើញបទល្មើសចំនួន ៣១០ករណី។
សហគមន៍ការពារព្រៃឡង់បានឲ្យដឹងទៀតថា ទីតាំង ១០កន្លែងដែលពួកគេចុះល្បាត ហើយបានរកឃើញបទល្មើសនោះមានដូចជា តំបន់ស្រុកចាស់ តំបន់ភ្នំគគឹល តំបន់ភ្នំចោទ តំបន់ស្រែចារ តំបន់ជ្រាប់ស្វាយ តំបន់អូរអាចម៍ដែក តំបន់ជាំទូក តំបន់ក្បាលតាង៉ុត តំបន់ក្បាលថ្នុង និងស្មាច់កោង ក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។

សមាជិកបណ្ដាញព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ទីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃចន្ទ ទី២៧ ធ្នូ នេះថា ទោះបីជាការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យក៏ដោយ ប៉ុន្តែគ្មានមន្ត្រីអនុរក្សណាម្នាក់ចុះទៅស៊ើបអង្កេត និងទប់ស្កាត់ទេ។ លោកបន្តថា បច្ចុប្បន្នពួកគេបានចុះស៊ើបអង្កេតដោយរកឃើញការកាប់បំផ្លាញ និងដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃដោយមិនមានការថមថយឡើយ។
លោក ស្រី ទីន បញ្ជាប់ថា បើសិនជាព្រៃឈើតំបន់ព្រៃឡង់នៅតែត្រូវបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ហើយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នៅតែមិនអើពើទប់ស្កាត់បែបនេះ លោកថាមិនដល់មួយឆ្នាំទៀតទេ ព្រៃឈើក្នុងតំបន់ព្រៃការពារមួយនេះនឹងត្រូវវិនាសអស់មិនខាន។
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ ប្រជាសហគមន៍បណ្ដាញព្រៃឡង់ បានរកឃើញ និងជួបបទល្មើសគោយន្ត ២៧គ្រឿង (ដឹកឈើតាប់) ជួបឡានបង្គង (ឬហៅថាអារ៉េវ) ចំនួន ៤គ្រឿង ដែលស្ថិតនៅទីតាំងចំនួន ៩កន្លែង នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បន្ទាប់ពីពួកគេចុះល្បាតរយៈពេល ៤ថ្ងៃ។
អំឡុងពេលចុះល្បាតនោះ ពួកគេបានជួប និងឃើញឈើជាច្រើនដែលជនល្មើសកាប់ ដឹកជញ្ជូននោះភាគច្រើនមុខកាត់ធំៗមានមុខកាត់ចន្លោះពី ៤០សង់ទីម៉ែត្រទៅ ១១០សង់ទីម៉ែត្រ ដោយប្រភេទដើមឈើទាល ស្រឡៅ ពពេល គគីរ ត្រាច ដូងចែម ផ្ដៀក លំបោរ ស្ទៀង។

កាលពីពេលកន្លងមក លោក ហ៊ុន សែន ដែលត្រូវបានគេដាក់រហស្សនាមជាបុរសខ្លាំងដើរបញ្ច្រាសទិសនោះ ធ្លាប់ប្រកាសកាត់កខ្លួនឯង បើសិនទប់ស្កាត់បទល្មើសព្រៃឈើមិនបាន។ ការប្រកាសនោះមិនមានប្រសិទ្ធភាព លោក ហ៊ុន សែន បានបង្កើតគណៈកម្មការជាតិមួយដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។
ក្រោយបង្កើតគណៈកម្មការជាតិនោះ ក៏មានការបង្ក្រាបបទល្មើសព្រៃឈើនោះ មានឧកញ៉ាពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះឧកញ៉ា គង់ គ្រឹង និងឧកញ៉ា ស៊ឹង សំអុល ហៅខ្នា តែប៉ុណ្ណោះ ប៉ុន្តែឧកញ៉ាផ្សេងទៀតដែលល្បីកាប់បំផ្លាញ និងរកស៊ីឈើនៅកម្ពុជាមួយចំនួនទៀត មិនត្រូវបានតុលាការកោះហៅ និងចាប់ខ្លួនឡើយ។
ព្រៃឡង់ជាព្រៃធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរដ្ឋាភិបាលដាក់ និងកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦ ដោយមានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតារ ដោយគ្របដណ្ដប់នៅខេត្តចំនួន៤ ក្នុងនោះមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ ទោះបីជាព្រៃឡង់ត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់ការពារក្ដី ប៉ុន្តែព្រៃឈើនៅក្នុងតំបន់នោះត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញបទល្មើសនៃការកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់។
របាយការណ៍របស់អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បង្ហាញថា នៅក្នុងឆ្នាំ២០១៩ សកម្មភាពកាប់បំផ្លាញព្រៃឡង់កើនឡើងជាង ៧០% បើប្រៀបធៀបជាមួយឆ្នាំមុនៗ។ ការសិក្សានេះ ឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់អស់ប្រមាណជាង ៤ម៉ឺន ៧ពាន់ហិកតារ (៤៧៤០០ហិកតារ)។
ក្រោយពីបទល្មើសនៅតែកើតមាននោះ នៅខែមិថុនា ឆ្នាំ២០២១ នេះ សហរដ្ឋអាមេរិកបានផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា លើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបទៅនឹងវិធានការរបស់រដ្ឋាភិបាលដែលបានបិទខ្ទប់សំឡេង និងសកម្មភាពរបស់សកម្មជនការពារព្រៃឈើមិនឱ្យចូលល្បាតបទល្មើសនៅតំបន់ព្រៃឡង់ ខណៈបទល្មើសព្រៃឈើក្នុងតំបន់ការពារមួយនេះនៅតែបន្តរងការកាប់បំផ្លាញ៕