29.3 C
Phnom Penh

លោក ហ៊ុន សែន អាច​ត្រៀម​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រលយ​ពាក្យ​ជា​ថ្មី​ទៀត​ពី​បំណង​នៃ​ការ​ចាកចេញ​របស់​លោក​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​បំណង​នេះ​អាច​នឹង​ត្រូវ​កើតឡើង​នៅ​ក្រោយ​ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​គណៈ​មជ្ឈិម​បក្ស​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​មកពី​បក្ស​កុម្មុយនីស្ត​បដិវត្ត​វៀតណាម បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​វេន​តែ​ម្នាក់​គត់ ដែល​នឹង​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​របស់​ខ្លួន។

ថ្លែង​ក្នុង​ឯកសណ្ឋាន​ជា​យោធា​ពាក់​ផ្កាយ​មាស​៥ ផុត​លេខ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្ដីការ​នៃ​ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះ លោក ហ៊ុន សែន អះអាង​ថា ចាប់ពី​ឆ្នាំ​២០២៣ ខាងមុខ​នេះ​តទៅ លោក​នឹង​ក្លាយ​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​ហើយ។ សារ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​លើកឡើង​ជា​ថ្មី​ទៀត​នៅ​ពេលនេះ ទំនង​ជា​លោក​ចង់​ប្រាប់​ថា លោក​នឹង​ត្រូវ​ចាកចេញ​ពី​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដូច​បច្ចុប្បន្ន​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ឆាប់ៗ​ហើយ។

កាលពី​ពិធី​សម្ពោធ​អគារ​សាលា​ជាតិ​គយ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​ស្រដៀង​គ្នា​នេះ​ដែរ។ ប្រតិកម្ម​នឹង​អ្នក​ដែល​ចង់​រត់ការ​ឡើង​ធ្វើជា​មេគយ ដោយ​លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​នៅតែ​រក្សា​មេគយ​ចាស់ គឺ​លោក គុណ ញឹម ក្នុង​តំណែង​នេះ​ដដែល។ លោក​ថា ប្រសិនបើ​ចង់​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​មេគយ​នេះ គេ​ត្រូវ​រង់ចាំ​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​រហូត​ដល់​នៅ​មុន​ឆ្នាំ​២០២៥ ទើប​អាច​រុះរើ​បាន នៅ​ពេល​ដែល​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ចូល​កាន់​តំណែង​បន្ត។

អ្នក​ឃ្លាំមើល​និយាយ​ថា ប្រសិនបើ​នៅ​ក្រោយ​ឆ្នាំ​២០២៣ លោក ហ៊ុន សែន ពិតជា​ត្រូវ​ចាកចេញ​ពី​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​មែន នោះ​វា​ហាក់ដូចជា​ប្រញាប់ប្រញាល់​ពេក ឬ​ហាក់​ផ្ទុយពី​អ្វី​ដែល​លោក​ធ្លាប់​អះអាង​ជា​សាធារណៈ​ថា លោក​នឹង​នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​អាយុ ៩០​ឆ្នាំ ឬ​មួយ​ជីវិត ជាដើម។

ការ​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ភាព​ជឿជាក់​នេះ ទំនង​ជា​លោក ហ៊ុន សែន បាន​ដឹង​រួច​ជាស្រេច​ហើយ​ថា ក្រោយ​ចុះចេញ​ពី​តំណែង​ទៅ លោក​នឹង​លែង​ខ្វាយខ្វល់ ឬ​ត្រូវ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដោយ​ការ​ចាប់​ចង ឬ​ត្រូវ​ប្រឈម​នឹង​ទោស​ទណ្ឌ​ដូច​បណ្តា​មេដឹកនាំ​ក្នុង​ពិភពលោក​ដទៃ​ទៀត ដោយសារ​មាន​កំហុស​អំឡុង​ពេល​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស។

ម្យ៉ាង​វិញ​ទៀត លោក​ក៏​បាន​ត្រួសត្រាយ​ផ្លូវ​ដើរ​ឱ្យ​កូនប្រុស​របស់​លោក​រួច​ជាស្រេច​ផង​ដែរ ដើម្បី​ស្នង​តំណែង​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​បាន​ចប់​សព្វគ្រប់​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ កន្លងទៅ​ថ្មីៗ​នេះ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ក៏​បាន​ដៀមដាម​ជា​ថ្មី​ទៀត​ទៅ​លោក សម រង្ស៊ី ថា លោក​នឹង​បំពេញ​បំណង​អ្នក​ដែល​ចង់​បាន​ច្បាប់​មួយ​ដែល​កំណត់​អាយុ​ចូល​និវត្តន៍​សម្រាប់​នាយករដ្ឋមន្ត្រី។

ការ​ឆ្លើយតប​របស់​មេ​បក្ស​គ្រប់គ្រង​អំណាច​នេះ ក្នុង​ពេល​ដែល​ប្រធាន​គណបក្ស​ជំទាស់​ធ្លាប់​បបួល​លោក ហ៊ុន សែន ឈប់​ធ្វើ​នយោបាយ​ដូច​គ្នា​នៅ​ត្រឹម​អាយុ ៧០​ឆ្នាំ ហើយ​ទុក​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ជា​អ្នក​ធ្វើ​វិញ។

ប៉ុន្តែ​មេ​បក្ស​កាន់​អំណាច​រូប​នេះ​ព្រលយ​ពាក្យ​ថា ច្បាប់​នេះ​កើតឡើង​បាន លុះត្រាតែ​លោក​ចាកចេញ​ពី​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​សិន ទើប​អាច​បំពេញ​បំណង​ប្រាថ្នា​ចុងក្រោយ​របស់​លោក សម រង្ស៊ី បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស