33 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​នឹង​យក​ឆ្នាំ​២០២២​ធ្វើ​កំណែ​ទម្រង់​គ្រប់គ្រង​ថវិកា​សាធារណៈ​ឱ្យ​ហ្មត់ចត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ប្ដេជ្ញា​យក​ឆ្នាំ​២០២២ ជា​ឆ្នាំ​ធ្វើ​កំណែ​ទម្រង់​គ្រប់គ្រង​ថវិកា​សាធារណៈ​ឱ្យ​បាន​ហ្មត់ចត់ បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ពី​របាយការណ៍​ជំពាក់​បំណុល​ក្រុមហ៊ុន​ឯកជន​ច្រើន​លើសលប់​របស់​រដ្ឋបាល​ខេត្ត​នីមួយៗ។

លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​តភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​គ្រប់គ្រង​ថវិកា​សាធារណៈ​ឱ្យ​បាន​ត្រឹមត្រូវ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់ និង​បទបញ្ជា​ស្ដី​អំពី​ការ​ប្រើប្រាស់​ថវិកា​ជាតិ។

លោក ហ៊ុន សែន ព្រមាន​ថា បណ្ដា​ស្ថាប័ន​ជាតិ​ទាំងអស់ ជាពិសេស​គឺ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ ត្រូវតែ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​បទដ្ឋាន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ហើយ​ក៏​ព្រមាន​ដក​តំណែង​អភិបាល​ខេត្ត​ដែល​បន្ត​ធ្វើ​គម្រោង​នានា​ជាមួយ​ក្រុមហ៊ុន លី ឈួង ផង​ដែរ ព្រោះ​លោក ហ៊ុន សែន ចាត់ទុក​ថា គម្រោង​របស់​រដ្ឋ​នៅ​តាម​ខេត្ត​ជាមួយ​ក្រុមហ៊ុន​នេះ គឺជា​ការ​ប្រព្រឹត្ត​ទង្វើ​ពុករលួយ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ពី​បំណុល​ដែល​រដ្ឋបាល​ខេត្ត​បាន​ជំពាក់​ក្រុមហ៊ុន​ឯកជន​នោះ​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

ការ​ព្រមាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​ខេត្ត​នីមួយៗ​បាន​ជំពាក់​លុយ​ក្រុមហ៊ុន​ឯកជន ដោយសារតែ​ការ​គ្រប់គ្រង​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​មាន​ភាព​ធូររលុង​នា​ពេល​កន្លងមក។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ មករា នេះ​ថា ការ​អះអាង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្រាន់តែ​ដើម្បី​ឱ្យ​ពលរដ្ឋ​ចាប់អារម្មណ៍​ស្រប​ពេល​ដែល​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ជិត​មក​ដល់ ព្រោះ​ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​មេ​បក្ស​កាន់​អំណាច​រូប​នេះ បាន​សន្យា​តាំងពី​អំឡុង​ឆ្នាំ​២០១៣ មក តែ​មិន​មាន​ការ​កែប្រែ​តាម​ការ​សន្យា​នោះ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ដើម្បី​គ្រប់គ្រង​ថវិកា​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវតែ​អនុញ្ញាត​ឲ្យ​ខេត្ត​នីមួយៗ​រាយការណ៍​អំពី​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​ដោយ​មាន​ការ​ចូលរួម​ដឹង​ឮ​ពី​រដ្ឋបាល​ថ្នាក់​ស្រុក និង​ឃុំ​ផង​ដែរ។ បន្ថែម​ពី​នេះ ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ខេត្ត​នីមួយៗ​មាន​សិទ្ធិ​អំណាច​ប្រមូល​ចំណូល​មួយ​ចំនួន​នៅ​តាម​ខេត្ត​ដោយ​ខ្លួនឯង​ផ្ទាល់​ថែម​ទៀត។

លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​មាន​យន្តការ​សវនកម្ម​ច្បាស់លាស់ និង​ទៀងទាត់​ជាទីបំផុត ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​នេះ។

កាលពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០២០ ដើម្បី​បង្កើន​ការ​ជឿ​ទុកចិត្ត បង្កើន​គណនេយ្យភាព​លើ​ហិរញ្ញវត្ថុ និង​ដើម្បី​ផ្សារភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ ជាដើម ប៉ុន្តែ​ត្រូវ​គេ​មើល​ឃើញ​ថា​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​អះអាង​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ជិត​ដល់​ពេល​បោះឆ្នោត លោក ហ៊ុន សែន តែង​ប្រើ​យុទ្ធសាស្ត្រ​សន្យា​តាម​វិធី​ផ្សេងៗ ដើម្បី​ទាក់ទាញ​យក​សន្លឹកឆ្នោត​ពី​ពលរដ្ឋ ប៉ុន្តែ​រាល់​ពេល​ក្រោយ​បោះឆ្នោត​រួចរាល់ បក្ស​កាន់​អំណាច​មិន​ដែល​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​ថា​លោក ហ៊ុន សែន ចូលចិត្ត​ធ្វើ​ប្រជាភិថុតិ​ដើម្បី​ឈ្នះ​ឆ្នោត​គ្រប់គ្រង​អំណាច ជាជាង​ការ​ប្រើ​វិធី​សុចរិត​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស