ចៅអធិការវត្តជាច្រើនអង្គក្នុងខេត្តកំពង់ធំ ប្រកាសគាំទ្រព្រះភិក្ខុ សំរិត ណាំង ឱ្យគង់នៅជាព្រះគ្រូអនុគណស្រុកកំពង់ស្វាយ បន្តទៀត និងប្រកាសបដិសេធលិខិតចាត់តាំងមេគណខេត្តកំពង់ធំ ដែលបានតែងតាំងភិក្ខុ ណំ សុភ័ត្រា ឱ្យឡើងជាអនុគណស្តីទីស្រុកកំពង់ស្វាយ ជំនួសព្រះភិក្ខុ សំរិត ណាំង កាលពីពេលថ្មីៗនេះ។
ព្រះគ្រូចៅអធិការជាង ៣០វត្តក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចេញញត្តិគាំទ្រកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នេះថា ព្រះគ្រូចៅអធិការគ្រប់វត្តទាំងអស់ក្នុងស្រុកកំពង់ស្វាយ នៅតែបន្តគោរពគាំទ្រព្រះភិក្ខុ សំរិត ណាំង ឱ្យគង់នៅជាព្រះអនុគណស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្តទៀត ដើម្បីដឹកនាំប្រតិបត្តិធម៌ព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនតទៅមុខ។
ព្រះគ្រូចៅអធិការទាំងនោះបានថ្កោលទោសភិក្ខុ ណំ សុភ័ត្រា ថាបានប្រព្រឹត្តទង្វើអគុណធម៌ដែលត្រូវគេមើលឃើញថា ជាការឃុបឃិតគ្នាជាមួយមន្ត្រីសង្ឃថ្នាក់ខេត្ត ដូចជាព្រះមេគណខេត្ត សៀង សុខ ជាដើម ដែលមានការរៀបចំជាប្រព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយដោយការលក់ដូរតំណែងអនុគណស្រុកកំពង់ស្វាយ ដោយការទម្លាក់តំណែងព្រះភិក្ខុ សំរិត ណាំង ប្តូរទៅឱ្យភិក្ខុ ណំ សុភ័ត្រា ដែលជាទង្វើប្រាសចាកគុណធម៌ និងធ្វើឱ្យពុទ្ធបរិស័ទទូទាំងស្រុកកំពង់ស្វាយ មានកំហឹង និងមិនពេញចិត្ត។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ព្រះភិក្ខុ សំរិត ណាំង បានដាក់លិខិតលាលែងពីតំណែងជាព្រះអនុគណស្រុកកំពង់ស្វាយ ក្រោមហេតុផលសម្រាកព្យាបាលសុខភាព ប៉ុន្តែមួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ព្រះភិក្ខុ សំរិត ណាំង បានចេញលិខិតបដិសេធចំពោះលិខិតលាលែងតំណែងពីព្រះអនុគណស្រុកកំពង់ស្វាយ កាលពីថ្ងៃទី២៩ ធ្នូ របស់ព្រះអង្គថា លិខិតលាលែងនោះធ្វើឡើងក្រោមការបង្ខិតបង្ខំ និងគំរាមកំហែងប៉ុណ្ណោះ។
ព្រះភិក្ខុ សំរិត ណាំង បញ្ជាក់ថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ កន្លងទៅ ព្រះមេគណខេត្តកំពង់ធំ សៀង សុខ បានហៅទូរស័ព្ទឱ្យព្រះអង្គនិមន្តទៅជួបផ្ទាល់តែមួយអង្គឯង ប៉ុន្តែនៅពេលនិមន្តទៅដល់ មេគណខេត្ត និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងសហការីរបស់ពួកគេមួយចំនួនទៀត បានបង្ខំឱ្យព្រះអង្គផ្ដិតមេដៃលើលិខិតលាលែងមួយទាំងដែលព្រះអង្គមិនបានអានខ្លឹមសារលិខិតនោះទាល់តែសោះ ប៉ុន្តែដោយមានការភ័យខ្លាច ទើបព្រះអង្គសុខចិត្តផ្ដិតមេដៃយល់ព្រមតែម្តង។
ព្រះភិក្ខុអង្គនេះបញ្ជាក់ថា ប្រសិនបើព្រះអង្គពិតជាមានបំណងលាលែងតំណែងពីព្រះអនុគណស្រុកកំពង់ស្វាយ មែននោះ ព្រះអង្គនឹងធ្វើតាមនីតិវិធីច្បាប់ដោយដាក់លិខិតប្រកាសជូនដល់ព្រះគ្រូចៅអធិការវត្តគ្រប់អង្គ ឱ្យដឹងជាឱឡារិកជាមិនខានឡើយ ប៉ុន្តែលិខិតលាលែងដែលព្រះអង្គផ្ដិតមេដៃខាងលើ គឺដោយសារតែការភ័យខ្លាចពីការគំរាមកំហែងពីសំណាក់ព្រះមេគណខេត្ត សៀង សុខ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក តាន់ តៃជ្រាន់ តែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ បន្ទាប់ពីព្រះភិក្ខុ សំរិត ណាំង ត្រូវបានបង្ខំឱ្យលាលែងពីតំណែងភ្លាម ហើយព្រះមេគណខេត្តកំពង់ធំ ភិក្ខុ សៀង សុខ បានចេញលិខិតតែងតាំងភិក្ខុ ណំ សុភ័ត្រា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ជាបន្ទាន់ ប៉ុន្តែនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ព្រះគ្រូចៅអធិការវត្តជាង ៣០ បានចេញលិខិតថ្កោលទោសលិខិតតែងតាំងភិក្ខុ ណំ សុភ័ត្រា ជាព្រះអនុគណជំនួសព្រះភិក្ខុ សំរិត ណាំង យ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ព្រះមេគណខេត្តកំពង់ធំ ភិក្ខុ សៀង សុខ បានចេញលិខិតបំភ្លឺថា ព្រះគ្រូចៅអធិការវត្តទាំង ៣០អង្គដែលបានផ្ដិតមេដៃលើញត្តិគាំទ្រនោះ គឺត្រូវគេបញ្ចុះបញ្ចូលតែប៉ុណ្ណោះ។
ទោះជាបែបនេះក្តី ព្រះគ្រូចៅអធិការវត្តពាមមេត្រី ព្រះភិក្ខុ ឡាន់ សុមនោ មានថេរដីកាថា ព្រះអង្គគាំទ្រភាពយុត្តិធម៌ និងភាពស្របច្បាប់តែប៉ុណ្ណោះ ហើយការអះអាងទាំងអស់របស់សាលាគណខេត្តកំពង់ធំ គឺជារឿងបំផ្លើស ខ្វះសច្ចធម៌ ខ្វះគុណធម៌ មិនប្រកបដោយហេតុផលនោះឡើយ។
ព្រះភិក្ខុ សំរិត ណាំង ត្រូវបានតែងតាំងជាព្រះគ្រូអនុគណស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីចុងខែសីហា ឆ្នាំ២០២០ ដោយសម្តេចសង្ឃរាជ ទេព វង្ស និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការបំភ្លឺពីព្រះមេគណខេត្តកំពង់ធំ ភិក្ខុ សៀង សុខ បាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕