ក្រុមអ្នកឃ្លាំមើលសង្គម ជំរុញឱ្យមានការស៊ើបអង្កេតលើប្រតិបត្តិការសាច់ប្រាក់របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) ថាតើក្រុមហ៊ុនមួយនេះទទួលបានប្រាក់ចំណេញច្រើនប៉ុនណា ហើយសាច់ប្រាក់នោះត្រូវបានដាក់តម្កល់នៅធនាគារមួយណា?
ពួកគេចោទជាសំណួរថា តើប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន NAGA WORLD ត្រូវបានដាក់ក្នុងធនាគារនៅកម្ពុជា ឬដឹកតាមយន្តហោះឯកជនទៅក្រៅប្រទេស? តើក្រុមហ៊ុនមួយនេះមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់ដែរឬទេ? ហើយត្រូវស៊ើបអង្កេតរកឲ្យឃើញថា តើមន្ត្រីរូបណាជាអ្នកកាងពីក្រោយខ្នងក្រុមហ៊ុនល្បែងស៊ីសងដ៏ធំមួយនេះ?
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៤ មករា ថា អ្នកកាងបនល្បែងកណ្តាលក្រុងភ្នំពេញនេះមិនមែនជាមន្ត្រីតូចតាចនោះទេ ព្រោះថាពួកគេអាចមានសិទ្ធិបញ្ជាកម្លាំងសមត្ថកិច្ចជាតិឱ្យទៅបង្ក្រាបកម្មករដែលធ្វើកូដកម្មដោយសន្តិវិធីបានតាមទំនើងចិត្ត ហើយក៏បានបង្កើតការិយាល័យប្រចាំការដើម្បីការពារក្រុមហ៊ុនកាស៊ីណូមួយនេះគ្រប់ ២៤ម៉ោងថែមទៀតផង។

លោក សុខ សុគន្ធ ព្រមានថា កម្ពុជាបានជាប់ឈ្មោះជាប្រទេសដែលកំពុងលាងលុយកខ្វក់រួចទៅហើយ ដូច្នេះការប្រតិបត្តិការសាច់ប្រាក់របស់ក្រុមល្បែងស៊ីសងមួយនេះ ក៏ស្ថិតក្នុងការតាមដានរបស់សហរដ្ឋអាមេរិកផងដែរ។ លោកបន្តថា សព្វថ្ងៃនេះបណ្តាប្រទេសលោកសេរី កំពុងស៊ើបអង្កេតអ្នកដែលកាងពីក្រោយក្រុមហ៊ុន ណាហ្គាវើលដ៍ យ៉ាងយកចិត្តទុកដាក់ ដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវតែរកដោះស្រាយលើវិវាទរវាងកម្មករនិយោជិត និងក្រុមហ៊ុន ណាហ្គាវើលដ៍ នេះ ឱ្យបានត្រឹមត្រូវជាទីបំផុត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា ក្រុមហ៊ុន ណាហ្គាវើលដ៍ បានបិទបាំងប្រតិបត្តិការសាច់ប្រាក់របស់ខ្លួនដោយខុសច្បាប់ដោយសារតែអ្នកមានអំណាចកាងពីក្រោយ។
ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ជំរុញឲ្យមានការស៊ើបអង្កេតស៊ីជម្រៅទៅលើលោក ហ៊ុន សែន និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រសិនបើពិតជាចង់ដឹងពីការពិតនៃដំណើរការក្រុមហ៊ុន និងអ្នកដែលកាងពីក្រោយកាស៊ីណូណាហ្គាវើលដ៍ មែននោះ។
លោក គឹម សុខ បញ្ជាក់ថា មុននឹងមានការបង្ក្រាបលើកូដករកើតឡើង សេណារីយូដែលគួរឱ្យសង្ស័យបំផុតនោះ គឺអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ បានចោទកូដករថាបានរៀបចំចលនាបដិវត្តន៍ពណ៌ ហើយចំណែកលោក ហ៊ុន សែន ក៏បានគំរាមកម្ទេចអ្នកដែលរៀបចំបដិវត្តន៍ពណ៌ឱ្យបានដាច់ខាតផងដែរ។ លោក គឹម សុខ បន្តថា បន្ទាប់ពីមានការគំរាមរបស់លោក ហ៊ុន សែន មួយថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចក្រុងភ្នំពេញក៏បានដាក់កម្លាំងបង្ក្រាបលើកូដករយ៉ាងចាស់ដៃតែម្តង ខណៈកូដករទាំងនោះប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីប៉ុណ្ណោះ។

ក្រុមហ៊ុន ណាហ្គាវើលដ៍ ជាបនល្បែងស៊ីសងនៅលើកប៉ាល់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៩០ មក ប៉ុន្តែអំឡុងដើមឆ្នាំ២០០០ ក្រុមហ៊ុននេះត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សិទ្ធិឱ្យសាងសង់អគារចំកណ្តាលទីក្រុងភ្នំពេញ និងបើកមុខរបរកាន់តែធំទៅៗរហូតដល់សព្វថ្ងៃនេះ។
ដោយសារតែបែបនេះ ត្រូវគេមើលឃើញថា ក្រុមហ៊ុនមួយនេះបានផ្តល់ផលប្រយោជន៍មិនតិចនោះទេដល់មេដឹកនាំខ្មែរ ដល់ត្រកូល ហ៊ុន និងមន្ត្រីជាន់ខ្ពស់ខ្មែរជាច្រើនរូបទៀត ដែលនាំឲ្យក្រុមហ៊ុនល្បែងស៊ីសងដ៏ធំមួយនេះអាចឈរជើងនៅកណ្តាលរាជធានីរបស់កម្ពុជារហូតដល់សព្វថ្ងៃនេះ។
ក្រោយដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន ណាហ្គាវើលដ៍ ក៏ត្រូវគេសង្ស័យផងដែរថា ជាកន្លែងសម្រាប់លាងលុយកខ្វក់របស់មហាសេដ្ឋីពីបណ្តាប្រទេសនានា ក្នុងនោះក្រុមហ៊ុននេះក៏ជាប់ឈ្មោះជាក្រុមហ៊ុនដែលរំលោភច្បាប់ការងារ និងរំលោភសិទ្ធិកម្មករនិយោជិតដែលបម្រើការឱ្យខ្លួនយ៉ាងឃោរឃៅផងដែរ។ ក្រុមហ៊ុននេះ នរណាក៏ដឹងដែរថា នៅពេលដែលមានវិវាទម្តងៗ មន្ត្រីរដ្ឋាភិបាលដែលមានសមត្ថកិច្ចដោះស្រាយទំនាស់ តែងការពារផលប្រយោជន៍របស់ក្រុមហ៊ុន ជាជាងផលប្រយោជន៍កម្មករ ឬបុគ្គលិក ដូចជាការចាប់ខ្លួនកម្មករនិយោជិតដែលតវ៉ាទាមទាររកយុត្តិធម៌ពីការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុននៅពេលនេះ ជាដើម។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុននឹងបញ្ឈប់កម្មករនិយោជិតជាង ១ពាន់នាក់ក្រោមមូលហេតុជួបវិបត្តិហិរញ្ញវត្ថុដោយសារការឆ្លងនៃជំងឺ Covid-19 ប៉ុន្តែកម្មករនិយោជិតទាំងនោះអះអាងថា ការលើកឡើងនេះគ្រាន់តែជាលេសរបស់ក្រុមហ៊ុនក្នុងចេតនាចង់រំលាយក្រុមសហជីពដែលតែងការពារសិទ្ធិកម្មករកន្លងមកប៉ុណ្ណោះ។
កាលពីអំឡុងឆ្នាំ២០១៧ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានប្រកាសពីប្រភពចំណូលរបស់ខ្លួនថា ចំណូលរបស់កាស៊ីណូណាហ្គាវើលដ៍ បានកើនឡើង ៨៥% ស្មើនឹងទំហំទឹកប្រាក់ ៩២៦លានដុល្លារអាមេរិក ក្នុងនោះប្រាក់ចំណេញបានកើនឡើង ៣៩% ស្មើនឹងទំហំប្រាក់ ២៥៥,២លានដុល្លារអាមេរិកផងដែរ។
ដោយឡែកនៅឆ្នាំ២០១៩ ក្រុមហ៊ុនល្បែងស៊ីសងប្រចាំទីក្រុងភ្នំពេញមួយនេះ ក៏បានបង្ហាញរបាយការណ៍ប្រាក់ចំណេញរបស់ខ្លួនបន្ថែមទៀតថា ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនបានកើនឡើងជិតដល់ ៣២១,២លានដុល្លារអាមេរិកក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំ២០១៩ ដែលបានកើនឡើង ៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ហើយនៅដើមឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធចំនួនជាង ១២០លានដុល្លារអាមេរិកផងដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា សហរដ្ឋអាមេរិកបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើប្រតិបត្តិការសាច់ប្រាក់របស់ក្រុមហ៊ុនល្បែងស៊ីសងមួយនេះយ៉ាងហ្មត់ចត់ ក្នុងនោះ ពួកគេក៏បានតាមដានការរំលោភបំពានសិទ្ធិការងាររបស់ក្រុមហ៊ុនលើកម្មករថែមទៀត។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានស្រាវជ្រាវអ្នកដែលកាងពីក្រោយក្រុមហ៊ុនកាស៊ីណូដ៏ធំនេះផងដែរ ព្រោះថាក្រុមហ៊ុនល្បែងស៊ីសងនេះបានក្លាយជាមុខសញ្ញាដ៏ធំក្នុងការជួយលាងលុយកខ្វក់ឱ្យអ្នកមានអំណាច និងមហាសេដ្ឋីដែលរកស៊ីខុសច្បាប់។
គិតត្រឹមដើមឆ្នាំ២០២២ នេះ យ៉ាងហោចណាស់មានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងភ្នំពេញចំនួន ៥នាក់ហើយ រួមទាំងឈ្មួញទុច្ចរិតដែលស្និទ្ធនឹងលោក ហ៊ុន សែន ផងដែរ ដែលបានទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិកពីការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយកខ្វក់។ ជាងនេះទៀត សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ UDG ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរក្នុងខេត្តកោះកុង ផងដែរ។
កាលពីចុងឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ ហើយការសម្រេចនេះធ្វើឲ្យកម្ពុជាជាប់ឈ្មោះជាមួយប្រទេសមីយ៉ាន់ម៉ា ឬភូមា ក្លាយជាប្រទេសពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ថិតក្នុងបញ្ជីខ្មៅរបស់អឺរ៉ុប ក្រៅពីប្រទេស ១០ផ្សេងទៀតនៅលើពិភពលោក ដែលគណៈកម្មការអឺរ៉ុប ទើបបញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ដែរនោះ។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០១៦ បង្ហាញថា គ្រួសារត្រកូល ហ៊ុន មានលុយសរុបទាំងអស់ប្រមាណពី ៥០០លានដុល្លារទៅ ១ពាន់លានដុល្លារអាមេរិក ក្នុងនោះម្នាក់ៗគ្រប់គ្រងក្រុមហ៊ុនធំៗ និងប្រកបរបររកស៊ីស្ទើរគ្រប់ប្រភេទ រាប់តាំងពីការរត់ពន្ធថ្នាំញៀន និងការបើកបនល្បែងស៊ីសងជាដើម ហើយក៏ជាម្ចាស់ក្រុមហ៊ុនជាង ១០០ក្រុមហ៊ុននៅប្រទេសកម្ពុជាផងដែរ ដូចជាក្រុមហ៊ុនគ្រឿងស្រវឹង ជាដើម៕