ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យអាជ្ញាធរកម្ពុជាពន្យល់អំពីការចាប់ខ្លួន និងចោទប្រកាន់មេដឹកនាំសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) ដោយចាត់ទុកវិធានការរបស់អាជ្ញាធរកម្ពុជា ថាជាការរំលោភបំពានលើច្បាប់សិទ្ធិមនុស្សដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
អ្នកជំនាញសិទ្ធិមនុស្ស ៤រូបមានលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី អាយរីន ខាន់ (Irene Khan) អ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិយោបល់ លោកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស និងលោក ក្លេម៉ង់ នីយ៉ាឡេតសូស៊ី វូល (Clément Nyaletsossi Voule) អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិខាងការប្រមូលផ្តុំដោយសន្តិវិធី និងខាងសមាគម បានចាប់អារម្មណ៍ចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមតាមរយៈសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ (GENEVA) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
ពួកគេរិះគន់ថា ការចាប់ខ្លួន ឃុំខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពកាស៊ីណូណាហ្គាវើលដ៍ចំនួន ២៩នាក់កាលពីពេលថ្មីៗនេះ បានធ្វើឡើងយ៉ាងហិង្សាដោយបំពានលើសេរីភាពក្នុងការបង្កើតសមាគម ការប្រមូលផ្តុំ និងការបញ្ចេញមតិ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះបានថ្កោលទោសអាជ្ញាធរកម្ពុជា ចំពោះរបៀបនៃការចាប់ខ្លួនករណីដំបូងៗដែលបានធ្វើឡើងយប់មុនថ្ងៃឆ្លងចូលឆ្នាំសកល និងនៅពេលមានព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត បានបង្វែរចំណាប់អារម្មណ៍សាធារណជន ហើយរបៀបនៃការចាប់ខ្លួនត្រូវបានគេមើលឃើញថា ជាមធ្យោបាយមិនសមរម្យមួយក្នុងការរឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋានផងដែរ។
ពួកគេទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ពន្យល់នូវសកម្មភាពឆ្លើយតបរបស់មន្ត្រីនគរបាលដែលបានចាប់ខ្លួនមេដឹកនាំ និងសហជីពក្រុមហ៊ុន ណាហ្គាវើលដ៍ អំឡុងធ្វើកូដកម្មអហិង្សា ខណៈក្រុមអ្នកជំនាញទាំងនោះបញ្ជាក់ថា កំពុងតាមដានការវិវឌ្ឍនេះយ៉ាងដិតដល់។
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សទាំងនេះអះអាងថា របៀបនៃការចាប់ខ្លួនអ្នកទាំងនេះ កើតឡើងបន្ទាប់ពីសកម្មភាពធ្វើកូដកម្មស្វែងរកដំណោះស្រាយការងារ មិនអាចដោះស្រាយបានតាមពេលវេលាសមរម្យ។ ការមិនអាចដោះស្រាយនេះ ទើបបណ្តាលឱ្យមានការចាប់អ្នកការពារសិទ្ធិមនុស្សមួយចំនួនដាក់ពន្ធនាគារដោយមិនសមហេតុផល ហើយវិធានការចាប់ខ្លួនរបស់អាជ្ញាធរក៏ធ្លាប់បានប្រើក្នុងករណីមុនៗនៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមអ្នកជំនាញទាំងនេះនិយាយថា ការចោទប្រកាន់ និងការចាប់ខ្លួនកាលពីពេលថ្មីៗនេះ បានបង្កឱ្យមានការព្រួយបារម្ភខ្លាំង ជាពិសេសនៅពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំនេះ និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
ម្យ៉ាងវិញទៀត ការធ្វើបែបនេះជាការបញ្ជូនសារដ៏គួរឱ្យភ័យខ្លាចដល់ប្រជាជនខ្មែរ អំពីលំហសេរីភាពក្នុងការប្រមូលផ្ដុំ។ ករណីនេះ ក្រុមអ្នកជំនាញសិទ្ធិជំរុញឱ្យមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ត្រូវគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងផ្តល់តម្លាភាពឱ្យបានពេញលេញក្នុងដំណើរការនីតិវិធីនៃករណីទាំងអស់នេះ។

យ៉ាងណាក៏ដោយ នៅថ្ងៃទី៦ មករា នេះ បុគ្គលិកណាហ្គាវើលដ៍ជាង ១ពាន់នាក់ នៅតែបន្តធ្វើកូដកម្ម ទោះបីមេដឹកនាំ និងសកម្មជនសហជីពពួកគេចំនួន ៨នាក់ ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃសហើយក្ដី។ ការបន្តធ្វើកូដកម្មនេះ ដោយសារតែពួកគាត់មានវិវាទការងារជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ មិនមែនជាមួយអាជ្ញាធរឡើយ។ ករណីនេះ ពួកគាត់ស្នើឱ្យអាជ្ញាធរកម្ពុជាឈប់រារាំងពួកគាត់ទៀត ព្រោះថាការតវ៉ានេះដើម្បីតែក្រពះ និងសិទ្ធិការងារតែប៉ុណ្ណោះ។ ពួកគេទាមទារឱ្យតុលាការដោះលែងតំណាងពួកគាត់ទាំង ៨នាក់ជាបន្ទាន់ ដោយថាការធ្វើកូដកម្មរបស់ពួកគាត់ទាំងអស់គ្នា ធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានអ្នកណាម្នាក់មកញុះញង់ពីក្រោយឡើយ។
ចំណែកឯនាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក Phil Robertson ក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយដែរនៅថ្ងៃទី៦ មករា នេះ ដោយលើកឡើងថា ការចាប់ខ្លួនថ្នាក់ដឹកនាំ និងតំណាងសហជីពមួយចំនួនបញ្ជូនទៅតុលាការ ជាការបំភិតបំភ័យដល់ក្រុមកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្នុងការអនុវត្តសិទ្ធិបញ្ចេញមតិ ការជួបជុំ និងសមាគមស្របតាមច្បាប់ ជាដើម។ លោក Phil Robertson បានស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំ និងតំណាងសហជីព រួមទាំងដោះលែងពួកគេឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ។
លោក Phil Robertson បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ បុគ្គលិកណាហ្គាមិនបានធ្វើអ្វីដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋឡើយ។ ករណីនេះ តុលាការកម្ពុជាគួរតែដោះលែងមេដឹកនាំ និងសមាជិកសហជីពទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោលការចោទប្រកាន់ក្លែងក្លាយមកលើពួកគេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលក៏បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែគាំទ្រសិទ្ធិកម្មករ និងរកវិធីចរចាជាសមូហភាពរវាងកម្មករជាមួយភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ដោយភាពស្មោះត្រង់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់វិវាទការងារនេះ៕