ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានទៅដល់ប្រទេសភូមា ក្នុងដំណើរទស្សនកិច្ចស្វះស្វែងរកការផ្សះផ្សាសម្របសម្រួលនយោបាយរបស់ប្រទេសភូមា នៅថ្ងៃសុក្រ ទី៧ មករា នេះ ដូចអ្វីដែលលោកបានគ្រោងទុក។ ប៉ុន្តែបេសកកម្មរបស់លោក ហ៊ុន សែន នៅពេលនេះ រងការរិះគន់ និងបង្ហាញពីការមិនសប្បាយចិត្តរបស់ពលរដ្ឋភូមាដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ហើយប្រឆាំងនឹងរបបយោធារបស់លោក មីន អ៊ុងឡាំង។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់នាយករដ្ឋមន្ត្រីកម្ពុជា នឹងលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយលោក មីន អ៊ុងឡាំង ព្រមទាំងផ្ដោតទៅលើការវិវឌ្ឍថ្មីៗនៅក្នុងតំបន់អាស៊ានផងដែរ។
សារព័ត៌មានរបស់ភូមាឈ្មោះ Mynamar Now បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន សែន ជួយដល់មេរដ្ឋប្រហារយោធាភូមា នៅពេលនេះ ដើម្បីឲ្យមានសិទ្ធិពេញលេញចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន វាគឺជាការប្រមាថដល់ប្រជាជនភូមា។ ប្រភពដដែលបន្តថា វត្តមាននៃប្រតិភូពីកម្ពុជា មានន័យថា ជាការគាំទ្រទៅរបបសឹកយោធាភូមា ដែលពិភពលោកកំពុងថ្កោលទោស។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ដែលពលរដ្ឋភូមាស្វាគមន៍ក្នុងស្ថានភាពអាប់អួនេះ បើតាមការផ្សាយក្នុងបណ្ដាញសង្គមរបស់ទូរទស្សន៍ជាតិកម្ពុជា តាំងពីចាប់ផ្ដើមចេញដំណើររហូតដល់ចុះចតយន្តហោះនៅភូមា គឺពលរដ្ឋភូមាបានបញ្ចេញមតិយោបល់ ឬ Comments ដោយរិះគន់ខ្លាំងៗសម្ដែងការមិនពេញចិត្ត មិនស្វាគមន៍ចំពោះដំណើរនេះឡើយ។ Comments ខ្លះបានចោទប្រកាន់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺជាការគាំទ្រឲ្យមានរបបវាលពិឃាតនៅប្រទេសភូមា ដូចដែលកម្ពុជា ធ្លាប់មាន។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Kenneth Roth កាលពីថ្ងៃទី៦ មករា បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធើ (Twitter) ថា វាអាក្រក់ណាស់ទៅហើយដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងនាមតំណាងអាស៊ានទៅជួបមេរដ្ឋប្រហារនៅពេលដែលរបបសឹកភូមា មិនឲ្យលោក ហ៊ុន សែន ជួបមេដឹកនាំប្រជាធិបតេយ្យដែលកំពុងត្រូវបានឃុំខ្លួន ដូចជាអ្នកស្រី អ៊ុងសាន ស៊ូជី ជាដើមនោះ។
គេនៅមានការព្រួយបារម្ភអំពីភាពលម្អៀងរបស់លោក ហ៊ុន សែន ជាមួយនឹងពួកយោធាភូមាទៅលើការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់មេដឹកនាំអាស៊ាន ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយប្រាប់យោធាភូមាត្រូវបញ្ចប់ហិង្សា និងស្ដារប្រជាធិបតេយ្យឡើងវិញតាមរយៈការចរចារវាងពួកយោធា និងភាគីពាក់ព័ន្ធទាំងអស់។
សមាជិកក្រុមចម្រុះប្រឆាំងរបបសឹក Chit Win Maung និយាយថា គោលការណ៍ ៥ចំណុច តាមមើលទៅ គឺមេដឹកនាំកម្ពុជាចង់ទុកចោល ខណៈគេរកឃើញថា កម្ពុជាបានបញ្ជូនសារលិខិតទៅកាន់មេដឹកនាំយោធាភូមា ដោយអបអរសាទរទិវាឯករាជ្យជាតិភូមាដែលបានប្រារព្ធឡើងកាលពីថ្ងៃទី៤ ខែមករា។
ចាប់តាំងពីថ្ងៃរដ្ឋប្រហារទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះ របបសឹកភូមាបានឃុំខ្លួនមេដឹកនាំគណបក្សឈ្នះឆ្នោត អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមបទចោទប្រកាន់ចំនួន ១១ករណី និងបានសម្លាប់ពលរដ្ឋខ្លួនឯងជាង ១៣០០នាក់ រួមទាំងកុមារផង ហើយមនុស្សជាង ១ម៉ឺន ១ពាន់នាក់ផ្សេងទៀត ត្រូវបានឃុំឃាំង ហើយបានធ្វើទារុណកម្មអ្នកជាប់ឃុំយ៉ាងព្រៃផ្សៃ ដូចជាការបង្អត់អាហារ បង្អត់ទឹក សម្លាប់ និងចាប់រំលោភស្ត្រីទាំងក្នុង និងក្រៅពន្ធនាគារ ជាដើម៕