បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga World) បន្ត​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​តំណាង​ពួកគេ​ទាំង ៨​នាក់ និង​ទាមទារ​លក្ខខណ្ឌ​ការងារ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២២។ (រូបថត​ពី​សង់ត្រាល់)

ព័ត៌មានជាតិ

បុគ្គលិក​ណាហ្គា​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​៨​នាក់​ដើម្បី​ចូល​តុ​ចរចា​បញ្ចប់​វិវាទ

By ឌឹ ខេមបូឌា ដេលី

January 11, 2022

ក្រុម​កូដករ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បន្ត​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​របស់​ពួកគេ​ទាំង ៨​នាក់ ដោយ​លើកឡើង​ថា ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​ជា​រឿង​អយុត្តិធម៌ ខណៈ​ក្រុមហ៊ុន​នេះ​រំលោភ​ច្បាប់ បែរជា​ក្រសួង និង​តុលាការ​មិន​ចាត់​វិធានការ​ទៅវិញ។

ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ឆ្លើយតប​ក្រសួង​ការងារ បន្ទាប់ពី​ស្ថាប័ន​នេះ​តម្រូវ​ឱ្យ​ពួកគេ​ចូល​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន។

ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ ប្រមាណ ២០​នាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ថា ករណី​ឃុំ​ខ្លួន និង​ការ​ចោទប្រកាន់​តំណាង​សហជីព ៨​នាក់​ជា​រឿង​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌​បំផុត​សម្រាប់​តំណាង​ក៏ដូចជា​កូដករ។ ពួកគាត់​បន្ត​ថា កន្លងមក តំណាង​សហជីព​របស់​ពួកគាត់​បាន​រក​ឃើញ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឱ្យ​បុគ្គលិក​មិន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ ហើយ​ករណី​នេះ ក្រសួង​ក៏​បាន​ទទួលស្គាល់​ពី​កំហុស​របស់​ក្រុមហ៊ុន​ថា​ខុស​ពិតមែន ប៉ុន្តែ​ក្រសួង​ការងារ មិន​មាន​វិធានការ​អ្វី​ទៅ​លើ​ក្រុមហ៊ុន​ឡើយ។

ក្រុម​កូដករ​និយាយ​ថា បើ​ក្រសួង​ទទួលស្គាល់​ថា​ក្រុមហ៊ុន​នេះ​ធ្វើ​ខុស​ច្បាប់​ការងារ​ហើយ ក្រសួង​ត្រូវ​ឱ្យ​ក្រុមហ៊ុន និង​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​តំណាង​សហជីព ៨​នាក់​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ឱ្យ​ពួកគាត់​ចូល​តុ​ចរចា​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន។

ក្រុម​កូដករ​បញ្ជាក់​ថា មូលហេតុ​ដែល​ពួកគាត់​ទាមទារ​បែប​នេះ ពួកគាត់​បាន​ប្រគល់​សិទ្ធិ​ឱ្យ​សហជីព​ទាំង ៨​នាក់​ធ្វើជា​តំណាង​ស្រប​តាម​នីតិវិធី​ច្បាប់​រួម ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​ការងារ និង​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​នៅ​ក្រុមហ៊ុន។ មួយ​វិញ​ទៀត ការ​ធ្វើ​កូដកម្ម​របស់​ពួកគាត់​ជិត ២០០០​នាក់​រយៈពេល​ជាង ៨​ខែ​មកនេះ ធ្វើឡើង​មិន​មាន​ការ​ញុះញង់​ពី​សំណាក់​បុគ្គល​ណា​ម្នាក់​ឡើយ។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ អ៊ី រិន្ទ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ​នៅ​ថ្ងៃ​នេះ។

ក្រោយពី​ធ្វើ​សន្និសីទ​នៅ​មុខ​ក្រសួង​ការងារ នៅ​ពេល​រសៀល​ថ្ងៃ​ដដែល ពួកគេ​បាន​នាំគ្នា​ទៅ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​បន្ត​ទៀត ទោះបី​មាន​ការ​លាប​ពណ៌ និង​ចោទប្រកាន់​លើ​ពួកគេ​ក៏ដោយ។ យ៉ាងណាក៏ដោយ បន្ត​ធ្វើ​កូដកម្ម​នេះ​ក៏​មាន​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​ប្រទេស​លោកសេរី​នានា​កំពុង​ឃ្លាំមើល និង​តាមដាន។

អ្នក​នាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​តាមដាន និង​ឃ្លាំមើល​បញ្ហា​នេះ បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ថា ការ​ធ្វើ​កូដកម្ម​របស់​កូដករ គឺ​គ្មាន​រឿង​ពីក្រោយ ឬ​នៅ​ពី​មុខ​អ្វី​ឡើយ។ លោក​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ជូន​កូដករ ដើម្បី​បញ្ចប់ និង​ឈប់​លាប​ពណ៌​លើ​អង្គការ​សង្គម​ស៊ីវិល ដោយសារតែ​ការ​ចុះ​ឃ្លាំមើល​កូដកម្ម​ជា​សិទ្ធិ​ស្រប​ច្បាប់ ដែល​ខាង​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​ត្រូវ​ធ្វើ ដូច្នេះ​អាជ្ញាធរ​ក្ដី ក្រុមហ៊ុន​ក្ដី ត្រូវ​បញ្ឈប់​ការ​ចោទប្រកាន់​លាប​ពណ៌​ដែល​មិនមែន​ជា​ការពិត។

ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ៨​នាក់​ដែល​ជា​តំណាង​របស់​ក្រុម​កូដករ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា នេះ ក្រោយមក​តុលាការ​បាន​ចោទប្រកាន់ និង​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំងនោះ​នៅ​ពន្ធនាគារ​ព្រៃស​បណ្ដោះអាសន្ន ក្រោម​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​នាក់​នោះ ក៏​មាន​កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដែល​សកម្ម​ក្នុង​ការ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ និង​សិទ្ធិ​បុគ្គលិក​ផង​ដែរ។

ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​ធ្វើ​កូដកម្ម​អហិង្សា​រយៈពេល​ជាង ២០​ថ្ងៃ​ហើយ ដើម្បី​ទាមទារ​ដោះលែង​តំណាង ៨​នាក់ និង​ទាមទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច រួម​ទាំង​ទទួល​យក​បុគ្គលិក ៣៦៥​នាក់​ចូល​ធ្វើការ​វិញ។

ការ​មិន​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ជូន​បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ និង​ក្រសួង​ការងារ​នេះ បាន​ធ្វើ​ឱ្យ​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស (Switzerland) បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ដោយ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រឆាំង​អ្នក​ទាំង ៨​នាក់​នោះ​វិញ។

នាយក​គ្រប់គ្រង​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​លើកឡើង​នៅ​ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​ចាត់ទុក​ការ​ចាប់​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ថា​ជា​ការ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​ដល់​ច្បាប់​ស្ដីពី​សេរីភាព​ការងារ និង​សិទ្ធិ​សហជីព។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​អ្នកជំនាញ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ក៏​បាន​ថ្កោលទោស​ជាបន្តបន្ទាប់​ចំពោះ​ការ​ចាប់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព ណាហ្គា​វើលដ៍ ដោយ​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​បំពាន​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ ក្រុម​អង្គការ​អន្តរជាតិ​នេះ​ក៏​បាន​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​ទាំងនោះ​ជាបន្ទាន់​ផង​ដែរ៕