29 C
Phnom Penh

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ចោទ​លោក សម រង្ស៉ី ថា​កំពុង​ប្រើ​ល្បិច​បិទ​បាំង​ភាព​កំសាក​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​រិះគន់​លោក សម រង្ស៉ី អតីត​មេដឹកនាំ​ប្រឆាំង ថា​កំពុង​ប្រើ​ល្បិច​ដើម្បី​បិទ​បាំង​ភាព​កំសាក​របស់​ខ្លួន​ដែល​រត់​ចោល​ស្រុក និង​អ្នកគាំទ្រ ខណៈ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បើក​សវនាការ​នៅ​សប្តាហ៍​ក្រោយ​នេះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នីវណ្ណ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា នេះ​ថា ទង្វើ​របស់​បុគ្គល​ណា បុគ្គល​នោះ​ត្រូវតែ​ទទួល​ខុសត្រូវ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏ដោយ មិន​អាច​ប្តូរ​មនុស្ស​ផ្សេង​ឱ្យ​មក​ទទួល​ខុសត្រូវ​ជំនួស​បាន​នោះ​ទេ។

លោក​ថា៖ «ការ​ប្រកាស​របស់​លោក សម រង្ស៉ី ចូល​ខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស​លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​ធ្វើ​ពុត​ចង់​បង្ហាញ​ភក្ដីភាព​ក្លែងក្លាយ​ចំពោះ​លោក កឹម សុខា ដើម្បី​បិទ​បាំង​ភាព​កំសាក​របស់​គាត់ ដែល​រត់​ចោល​ជាតិ និង​អ្នកគាំទ្រ និង​ដើម្បី​បោក​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ»

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក សម រង្ស៉ី ពិតជា​ក្លាហាន​ប្រាកដ​មែន គួរ​ដើរ​ចូល​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស​ជាង ៤០​ឆ្នាំ​ដែល​តុលាការ​បាន​កាត់​រួច​មក​ហើយ​នោះ ព្រមទាំង​សំណុំរឿង​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត​ផង​ដែរ ដោយ​មិន​ចាំបាច់​ធ្វើជា​អ្នក​ក្លាហាន​ក្លែងក្លាយ​ចូល​ខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស​លោក កឹម សុខា នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ចង់​ចូល​សវនាការ​នៅ​កម្ពុជា​ជំនួស​លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ទៅ​កាត់ទោស​នៅ​សប្តាហ៍​ក្រោយ​នេះ។

នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ នេះ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ការ​ប្រកាស​របស់​លោក សម រង្ស៊ី ចេញ​មុខ​ចូល​សវនាការ​ជំនួស​លោក កឹម សុខា បែប​នេះ ប្រជាពលរដ្ឋ​ដែល​មិន​ដឹង​ការពិត នឹង​សរសើរ​ថា​គាត់​ជា​មេដឹកនាំ​ក្លាហាន ប៉ុន្តែ​បើ​នាំគ្នា​សិក្សា​ពី​ប្រវត្តិ​របស់​គាត់​នោះ លោក សម រង្ស៊ី មិន​ដែល​ហ៊ាន​ប្រថុយ ឬ​ផ្សង​គ្រោះថ្នាក់​ដើម្បី​ពលរដ្ឋ ឬ​ដើម្បី​ជាតិ​ម្តង​ណា​ឡើយ។

លោក​បន្ត​ថា៖ «ក្រោយ​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស មិន​ហ៊ាន​ប្រឈម​ដោះស្រាយ​វិបត្តិ​នយោបាយ​រហូត​អស់​ផ្លូវ​ដើរ ហើយ​ចង់​ចូល​ស្រុក​វិញ គាត់​មាន​តែ​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​ផ្សេងៗ​ប៉ុណ្ណោះ ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ នៅ​ពេលនេះ​គាត់​ចង់​ចូល​ស្រុក​វិញ ក៏​ចូល​មិន​កើត ចង់​ជួប​ស្ថានទូត​នានា​ដើម្បី​ស្រោចស្រង់​ជីវិត​នយោបាយ​របស់​គាត់ ក៏​គ្មាន​អ្នក​ណា​គេ​ជឿ​ទៀត​ដែរ»

ចំណែក​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ទី​១៤ មករា នេះ​ដែរ​ថា លោក កឹម សុខា ជា​មេដឹកនាំ​ដែល​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​ធ្វើ​ខុស​ចំពោះ​ប្រទេស​ជាតិ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ និង​មិន​បោះបង់​ចោល​ឆន្ទៈ​រួម​រស់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ដែរ។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១៤ មករា នេះ​ផង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ជិត​កន្លះ​នគរ​ចង់​ឃើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​សិទ្ធិ​ចូលរួម​នយោបាយ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឡើងវិញ ក្នុង​នាម​ជា​បុគ្គល​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ដោយ​អហិង្សា និង​សន្តិវិធី។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កន្លងមក មិន​ដែល​ចាត់ទុក​ស្មារតី សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងនេះ​មិន​មាន​ការ​គាំទ្រ​ពី​រូបលោក ហើយ​ក៏​មិន​បាន​គាំទ្រ​នូវ​ជំហរ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ប៉ុន្តែ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​មាន​ភាព​ស្អាតស្អំ​នៅឡើយ ព្រោះ​ថា​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​នឹង​បើក​សវនាការ​លើ​ករណី​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស