មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា រដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមលោក ចារិត ជិនស័រ (Jared Genser) ដែលជាជនជាតិអាមេរិក មិនឱ្យចូលប្រទេសកម្ពុជាជារៀងរហូត ក្រោមហេតុផលថាល្មើសច្បាប់អន្តោប្រវេសន៍ និងបំពានដែនយុត្តាធិការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ បានប្រាប់សារព័ត៌មានដែលស្និទ្ធរដ្ឋាភិបាលឈ្មោះ Fresh News ថា អាជ្ញាធរកម្ពុជាបានដាក់ឈ្មោះ Jared Genser Matthew ចូលទៅក្នុងប្រព័ន្ធមុខសញ្ញាអន្តោប្រវេសន៍នៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ ដោយហាមចូលប្រទេសកម្ពុជាជារៀងរហូត។
លោក ខៀវ សុភ័គ បានបញ្ញាក់ថា ការដាក់បម្រាមលោក Jared Genser នេះ ដោយសារតែបុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជា ក្នុងគោលដៅគំរាមកំហែងដល់ឯករាជភាពតុលាការកម្ពុជា។ លើសពីនេះ លោកថាលោក Jared Genser ដែលជាជនជាតិអាមេរិក ក៏បានល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជាដើម្បីទេសចរណ៍ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត។
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោក Jared Genser បានធ្វើដំណើរចូលមកប្រទេសកម្ពុជា ដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ផ្ដល់ដោយស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និងបានធ្វើដំណើរចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ តាមជើងយន្តហោះ 0Z740 ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ការដាក់បម្រាមនេះ ធ្វើឡើងបន្ទាប់ពីលោក Jared Genser បានចូលរួមឃ្លាំមើលដំណើរការសវនាការរបស់កញ្ញា សេង ធាវី នៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រៅពីឃ្លាំមើលហើយ លោកក៏បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ដោយចាត់ទុកសវនាការលើសកម្មជនបក្សប្រឆាំង និងកញ្ញា សេង ធារី ថាជាសវនាការឆាកល្ខោន និងបានព្រមានថា បើរដ្ឋាភិបាលកម្ពុជាឲ្យកញ្ញា សេង ធាវី ជាប់ទោស នោះរដ្ឋាភិបាលកម្ពុជានឹងមានបញ្ហាមិនខាន។ បើតាមកញ្ញា សេង ធារី ប្រាប់អ្នកសារព័ត៌មានថា លោក Jared Genser ជាមេធាវីអន្តរជាតិត្រូវជាមិត្តភ័ក្ដិរបស់គាត់។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការឆ្លើយតបពីលោក Jared Genser បានទេនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២៕