តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងជំនុំជម្រះក្ដីប្រឆាំងរបបសឹកភូមាក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅខែក្រោយនេះ ដែលជាការចាប់ផ្ដើមលាតត្រដាងបទល្មើសដ៏ឃោរឃៅរបស់ពួកឧត្តមសេនីយ៍ភូមា ដែលប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅប្រទេសហុឡង់ដ៍។ តុលាការអន្តរជាតិនេះបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការដំណើរការជំនុំជម្រះក្ដីប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងពួកយោធាភូមា ដោយចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ ucanews.com ឬសហភាពសាសនិកកាតូលិកអាស៊ី នៅថ្ងៃទី២០ ខែមករា នេះ។
សវនាការនេះធ្វើតាមពាក្យបណ្តឹងពីប្រទេសហ្គាំប៊ីយ៉ា (Gambia) គាំទ្រដោយប្រទេសចំនួន៥៧ ពីអង្គការសហប្រតិបត្តិការអ៊ីស្លាម (Organization of Islamic Cooperation=OIC) ឆ្នាំ២០១៩។
កាលខែមករា ឆ្នាំ២០២០ តុលាការយុត្តិធម៌អន្តរជាតិ បានបង្គាប់ទៅពួកយោធាភូមា ឱ្យទទួលស្គាល់អនុសញ្ញាអន្តរជាតិនៃអង្គការសហប្រជាជាតិ ឆ្នាំ១៩៤៨ ស្ដីអំពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ហើយថាបើទប់ស្កាត់មិនបាន គឺត្រូវចូលខ្លួនមកការពារក្ដី។ តុលាការពិភពលោកនេះបានប្រមូលភស្តុតាងដែលពួកយោធាភូមា វាយប្រហារទៅលើសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាកខើយ (Rakhine) ដល់ទៅ ៦សែននាក់រងការរំលោភបំពានដ៏ធ្ងន់ធ្ងរ និងជាច្រើនពាន់នាក់បានស្លាប់ហើយ ៧សែន ៤ម៉ឺននាក់បានរត់ទៅនៅប្រទេសបង់ក្លាដេស មកទល់នឹងសព្វថ្ងៃនេះ។ អំពើឧក្រិដ្ឋនេះ ពួកយោធាភូមាបានប្រព្រឹត្តតាំងពីឆ្នាំ២០១៧។
កាលពីឆ្នាំ២០១៩ អ្នកស្រី អ៊ុងសាន ស៊ូជី បានទៅស្ដាប់ការបើកសវនាការជាបឋម ដែលពេលនោះអ្នកស្រីជាតំណាងរដ្ឋាភិបាលចូលខ្លួនការពារដែនអធិបតេយ្យភូមា ប៉ុន្តែអ្នកស្រីពុំមានឈ្មោះក្នុងការចោទដោយតុលាការអន្តរជាតិនេះទេ។ ចំពោះជនជាប់ចោទពីបទប្រល័យពូជសាសន៍ គឺពួកឧត្តមសេនីយ៍ ៧រូប ក្នុងនោះមានទាំងមេរដ្ឋប្រហារ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផងដែរ។ អ្នកស្រី ស៊ូជី ត្រូវបានពួកយោធាទម្លាក់ពីអំណាចដោយរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះពួកយោធាកំពុងតែកាត់ទោសអ្នកស្រីអំពីបទល្មើសជាង ១០សំណុំរឿង។ តុលាការយុត្តិធម៌បានច្រានចោលសារណាការពារក្ដីរបស់ប្រទេសភូមា កាលពីឆ្នាំ២០១៩ ហើយពេលនេះរបបសឹកគឺជាអ្នកទទួលបន្ទុកផ្ទាល់ជំនួសអ្នកស្រី ស៊ូជី។

កាលពីខែមិថុនា ឆ្នាំ២០២១ ពួកយោធាភូមា បានបង្កើតក្រុមអ្នកច្បាប់មួយក្រុមឱ្យសិក្សាសំណុំរឿងនេះ។ តែយ៉ាងណា តុលាការ ICJ បានសម្រេចជាផ្លូវការថា ទោះជាពួកយោធាមិនមកការពារក្ដីរបស់ខ្លួនក៏ដោយ ក៏នីតិវិធីជំនុំជម្រះក្ដីរបស់តុលាការត្រូវដំណើរការរហូតចប់សព្វគ្រប់។ តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters តុលាការ ICJ ជូនដំណឹងថា ក្រុមស្វែងរកការពិតរបស់អ្នកជំនាញស៊ើបអង្កេតបានកំណត់ថា ករណីសម្លាប់រង្គាលទៅលើជាតិសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា គឺជាសំណុំរឿងប្រល័យពូជសាសន៍ដែលពួកយោធាភូមា អនុវត្តផ្ទាល់ក្នុងគោលដៅសម្អប់ និងបោសសម្អាតជាតិសាសន៍។
ជាមួយគ្នានេះ ពួកយោធាភូមានៅជាប់បទល្មើសដ៏ធ្ងន់ធ្ងរមួយករណីទៀត គឺឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយសារតែរបបសឹកនេះបានសម្លាប់ជនស៊ីវិល និងក្រុមប្រឆាំងជាង ១៤០០នាក់ និងចាប់ខ្លួនជាង ១ម៉ឺននាក់ចាប់តាំងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ភស្តុតាងប្រឆាំងនឹងពួកយោធាដែលប្រមូលដោយអង្គការក្នុងស្រុក និងអង្គការអន្តរជាតិមានរាប់ម៉ឺនភស្តុតាង ក្នុងនោះមានទាំងការធ្វើទារុណកម្មអ្នកទោស ការសម្លាប់អ្នកទោស និងការសម្លាប់កុមារ រួមទាំងស្ត្រីផងដែរ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រកាសថា សំណុំរឿងនិងភស្តុតាងមានទម្ងន់គ្រប់គ្រាន់នៅក្នុងការចោទប្រកាន់ពួកយោធា ហើយរង់ចាំតែការបើកជំនុំជម្រះក្ដីតែប៉ុណ្ណោះ។ សំណុំរឿងថ្មីលើពួកយោធាបាននាំឱ្យរបបសឹកភូមាមានកំហុសប្រឆាំងមនុស្សជាតិធំៗចំនួនពីរក្នុងពេលតែមួយ។
ខណៈនេះ របបសឹកភូមាកំពុងតែការពារខ្លួនដោយសារតែកម្លាំងប្រឆាំងប្រដាប់ដោយអាវុធមានទាំងជនជាតិដើមភាគតិច និងកម្លាំងរបស់រដ្ឋាភិបាលឯកភាពជាតិផង កំពុងតែបើកសមរភូមិវាយកាន់កាប់ទីតាំងទាំងឡាយរបស់ពួកយោធា ហើយសូម្បីតែនៅកណ្ដាលទីក្រុងក៏មានការបំផ្ទុះគ្រាប់បែកកម្ទេចទីតាំងឈរជើងរបស់ពួកយោធាផងដែរ។ សង្គ្រាមស៊ីវិលនៅក្នុងប្រទេសភូមានៅពេលនេះ បាននាំឱ្យជនភៀសខ្លួនរត់ទៅនៅប្រទេសជិតខាងកើនឡើងជាង ៤០ម៉ឺននាក់។
អង្គការសហប្រជាជាតិបានថ្កោលទោសរបបសឹកភូមាធ្ងន់ធ្ងរដែលបានបើកការវាយប្រហារតាមផ្លូវអាកាសកម្ទេចភូមិកររបស់អ្នកស្រុក ក្នុងនោះមានទាំងមន្ទីរពេទ្យ សាលារៀនទៀតផង។ ទង្វើរបស់ពួកយោធា បាននាំឱ្យ ICC ផ្ដើមចោទរបបសឹកដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលគេរំពឹងថា ICC នឹងបើកជំនុំជម្រះក្ដីសំណុំរឿងនេះនៅឆ្នាំ២០២២ នេះដែរ៕