អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង បានរិះគន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចពីដីការបស់តុលាការដែលបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៤២ឆ្នាំនោះ ថាគឺជាមូលហេតុចម្បងនៃការរំលាយគណបក្សសង្គ្រោះជាតិ។
លោក មុត ចន្ថា ជាមនុស្សជំនិតរបស់លោក កឹម សុខា បានលើកឡើងនៅតាមបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថា មូលហេតុ ឬមូលដ្ឋានចម្បងនៃការរំលាយគណបក្សសង្គ្រោះជាតិ កាលពីប្រមាណ ៥ឆ្នាំមុន គឺដោយសារលោក សម រង្ស៉ី និងគូកន។
លោកបានសរសេរថា ត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោក កឹម សុខា នៅតែជាបុគ្គលពុំទាន់មានទោស ស្ថិតក្នុងឋានៈច្បាប់ជាជនជាប់ចោទនៅឡើយ។ ប្រសិនជាលោក កឹម សុខា ជាដើមហេតុ ឬជាមូលដ្ឋាននៃការរំលាយគណបក្សសង្គ្រោះជាតិដូចលោក សម រង្ស៊ី បានលើកឡើងនោះ លុះត្រាតែលោក កឹម សុខា ត្រូវបានតុលាការជំនុំជម្រះឱ្យមានទោសជាមុនសិន។
លោកបន្ថែមទៀតថា យោងសម្ដីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សម រង្ស៊ី ប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន ១៤សំណុំរឿង ដែលក្នុងនោះមាន ៦សំណុំរឿងត្រូវបានតុលាការកាត់ទោសរួចហើយ។ តាមរបាយការណ៍បានឱ្យដឹងថា លោក សម រង្ស៊ី កំពុងប្រឈមទោសដាក់ពន្ធនាគារជាង ៤២ឆ្នាំរួចទៅហើយ ដោយមិនទាន់គិតបញ្ចូលសំណុំរឿងព្រហ្មទណ្ឌចំនួន ៨ ផ្សេងទៀតនៅឡើយទេ។
លោកបានគូសបញ្ជាក់ថា អ្វីដែលលោក សម រង្ស៊ី ចោទមកលើលោក កឹម សុខា ថាជាដើមចមនៃការរំលាយគណបក្សសង្គ្រោះជាតិ គឺជាអំពើទុច្ចរិតដើម្បីបិទបាំងពីកំហុស និងការទទួលខុសត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ។
ចំណែកឯលោក សម រង្ស៊ី ឯណោះវិញ បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៣ ខែធ្នូ បន្ទាប់ពីមានការរិះគន់ថា លោកបានរំលាយស្មារតីគណបក្សសង្គ្រោះជាតិ ក្រោយពេលដែលលោកប្រកាសជំហរគាំទ្រគណបក្សចាស់របស់ខ្លួន គឺគណបក្សភ្លើងទៀន ថាពេលណាមានការកាត់ទោសលោក កឹម សុខា យ៉ាងត្រឹមត្រូវ ពេលនោះវិបត្តិនយោបាយនៅកម្ពុជានឹងត្រូវបញ្ចប់ដោយខ្លួនឯង ហើយរដ្ឋាភិបាលកម្ពុជាត្រូវតែបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។
លោកថា ការចោទប្រកាន់របស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើប្រធានគណបក្សសង្គ្រោះជាតិ គឺជាការចោទប្រកាន់គ្រាន់តែជាលេសដ៏អាម៉ាស់របស់លោក ហ៊ុន សែន ក្នុងបំណងរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីកុំឲ្យគណបក្សនេះចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨ តែប៉ុណ្ណោះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានដាក់ខ្លួននៅឆ្ងាយពីអ្នកនយោបាយដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី សរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកមួយថ្ងៃបន្ទាប់ពីសមាជគណបក្សភ្លើងទៀនថា កឹម សុខា-សម រង្ស៊ី មិនមែនជាមនុស្សតែមួយនោះទេ។ លោកថាការវិលត្រឡប់មកវិញនៃគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី ជាសញ្ញានៃការបែកបាក់មួយរវាងមេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ។
លោក កឹម សុខា បានលើកឡើងទៀតថា លោក សម រង្ស៊ី និងបក្សពួក បានដើរចេញពីគោលការណ៍ និងស្មារតីនៃការរួបរួមដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសគឺការគាំទ្រអតីតគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកការរំលាយអតីតបក្សប្រឆាំងនេះ គឺជារឿងត្រឹមត្រូវ។ លោកថា តាំងពីអតីតបក្សប្រឆាំងត្រូវរំលាយចោលដោយតុលាការកំពូលមក គឺកម្ពុជាធ្វើដំណើរទៅមុខដោយរលូនគ្មានឧបសគ្គដូចមុនទៀតទេ។ លោកថា គណបក្សប្រជាជនកម្ពុជាចាត់ទុកអតីតបក្សប្រឆាំងជាក្រុមឧទ្ទាមក្រៅច្បាប់ ដែលមិនអាចមានការស្រុះស្រួលជាមួយគ្នាបានឡើយ។
អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មានក្នុងស្រុកថា សមាជរបស់គណបក្សភ្លើងទៀនកន្លងមកហាក់ដូចជាបង្ហាញពីការបែកបាក់នយោបាយរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី។
គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា បក្សនេះត្រូវបានប្រើជាមធ្យោបាយសម្រាប់ធ្វើបដិវត្តន៍ពណ៌។ ជាផ្នែកមួយនៃសេចក្តីសម្រេចនេះ អតីតសមាជិកគណបក្សសង្គ្រោះជាតិ សរុប ១១៨នាក់ដោយក្នុងនោះមានទាំងលោក កឹម សុខា ផងដែរ ត្រូវបានតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ៕