33 C
Phnom Penh

សហរដ្ឋ​អាមេរិក​បង្គាប់​ឱ្យ​គ្រួសារ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​បង្គាប់​ឲ្យ​មន្ត្រី​ទូត និង​ក្រុម​គ្រួសារ​នៃ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​រក​មធ្យោបាយ​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន ដោយ​បារម្ភ​អំពី​ការ​បើក​ទ្វារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ដែល​បាន​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស។

បទបញ្ជា​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ការបរទេស​អាមេរិក ក៏​បាន​អនុញ្ញាត​ផង​ដែរ​ឱ្យ​បុគ្គលិក​ស្ថានទូត​អាមេរិក​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន ដោយ​ស្ម័គ្រចិត្ត តែ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​អាមេរិក​ដែល​មិន​មាន​គ្រួសារ​ក្នុង​ស្ថានទូត គួរ​ពិចារណា​ចាកចេញ​ជាបន្ទាន់។

ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​កៀវ នៃ​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​ថា ស្ថានទូត​បាន​ប្រឹក្សា​យោបល់​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន អំពី​វិធានការ​នេះ ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​នៃ​ប្រទេស​ជា​សម្ពន្ធមិត្ត និង​ដៃគូ​ប្រចាំ​ទីក្រុង​កៀវ អំពី​ស្ថានការណ៍​នេះ។

បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​អាច​នឹង​ធ្វើ​សកម្មភាព​យោធា​គ្រប់​ពេលវេលា ដែល​ពលរដ្ឋ​អាមេរិក​គួរតែ​មាន​ផែនការ និង​ត្រៀម​លក្ខណៈ​ជម្លៀស​ខ្លួន​ឱ្យ​បាន​សមស្រប។

ស្ថានទូត​អាមេរិក បញ្ជាក់​ទៀត​ថា ការ​ធ្វើ​សេចក្ដី​សម្រេច​ដូចនេះ គឺជា​ការ​ធានា​ចំពោះ​សុវត្ថិភាព និង​សន្តិសុខ​ដាក់​គ្រប់​ពលរដ្ឋ​អាមេរិក​ដែល​រស់នៅ​លើ​ប្រទេស​អ៊ុយក្រែន។

ចាប់តាំង​ពី​ខែ​តុលា មក ប្រទេស​រុស្ស៊ី ដែល​ជា​មហាអំណាច​មួយ​នៅ​អឺរ៉ុប បាន​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ជាប់​ព្រំដែន​នៃ​ប្រទេស​អ៊ុយក្រែន មាន​ចំនួន​ប្រហែល ១០​ម៉ឺន​នាក់ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​អ៊ុយក្រែន លោក Oleksiy Reznikov បាន​និយាយ​ទៅកាន់​សមាជិក​សភា​អ៊ុយក្រែន ថា ចំនួន​កងទ័ព​រុស្ស៊ី​ចាប់ផ្ដើម​កើន​ឡើង​ដល់ ២០​ម៉ឺន​នាក់​នៅ​រយៈពេល ២​សប្ដាហ៍​ចុងក្រោយ​នេះ។ លោក​បាន​បញ្ជាក់​ទៀត​ថា គោលបំណង​របស់​រុស្ស៊ី គឺ​ចង់​វាយ​យក​ទឹកដី​របស់​អ៊ុយក្រែន នៅ​ផ្នែក​ខ្លះ ហើយ​ក៏​មាន​ផែនការ​ចង់​បង្ក​សង្គ្រាម​លើ​ប្រទេស​អ៊ុយក្រែន។

សំណុំរឿង​ដ៏​ក្ដៅ​គគុក​នេះ កំពុង​ត្រូវ​បាន​ចោទ​សួរ​ថា តើ​រុស្ស៊ី​ចង់​បាន​អ្វី​ឲ្យ​ពិតប្រាកដ​ពី​អ៊ុយក្រែន?

អ្នកស្រី លី ត្រឺស រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បាន​ចោទ​រុស្ស៊ី​ថា​កំពុង​រៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​អ៊ុយក្រែន​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី ហ្សេឡេនស្គី ហើយ​បើ​ក្រុង​មូស្គូ សម្រេច​ផែនការ​នេះ​បាន គឺ​នឹង​លើក​បន្តុប​មេដឹកនាំ​ថ្មី​ដែល​នៅ​ក្រោម​ឥទ្ធិពល​របស់​រុស្ស៊ី។ អ្នកស្រី លី ត្រឺស បាន​ហៅ​សកម្មភាព​យោធា​របស់​រុស្ស៊ី គឺ​សំដៅ​ធ្វើ​ឲ្យ​អ៊ុយក្រែន ចុះ​ខ្សោយ។ អ្នកស្រី​ចោទ​ថា ដើម្បី​អាច​សម្រេច​គោលដៅ​របស់​ខ្លួន គឺ​រុស្ស៊ី​ត្រូវ​ចូល​ឈ្លានពាន​អ៊ុយក្រែន និង​កាន់កាប់​អ៊ុយក្រែន។

កាលពី​សប្ដាហ៍​មុន ប្រធាន​សភា​ឌុយម៉ា លោក Vyacheslav Volodin ឲ្យ​ដឹង​ថា នៅ​សប្ដាហ៍​នេះ​សមាជិក​សភា​នឹង​ប្រជុំ​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​កងទ័ព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ប៉ុន្តែ​បាន​បង្ហើប​ថា សភា​នឹង​អនុម័ត​ទទួលស្គាល់​តំបន់ Donbas ជា​ដែនដី​មួយ​ដែល​ស្វយ័ត ហើយ​ត្រូវ​ដាក់​ក្រោម​រដ្ឋបាល​របស់​ក្រុង​មូស្គូ ដែល​លោក​ថា​តំបន់​នេះ​ត្រូវតែ​ផ្ដាច់​ខ្លួន​ចេញពី​ប្រទេស​អ៊ុយក្រែន។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​ដូចនេះ​មែន គឺ​រុស្ស៊ី ចង់​បាន​តំបន់ Donbas យ៉ាង​ពិតប្រាកដ គឺ​ដូច​រុស្ស៊ី​យក​បាន​តំបន់​គ្រីមៀរ កាលពី​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​ជនជាតិ​រុស្ស៊ី នៅ​លើ​តំបន់​នោះ​មាន​ជិត ៨០​ភាគរយ គឺ​ច្រើន​ជាង​ម្ចាស់​ស្រុក​ទៅ​ទៀត។ តែ​អ្នក​សង្កេតការណ៍​ខ្លះ​ទៀត​មើល​ឃើញ​ច្រើន​ជាង​នេះ​ទៅ​ទៀត គឺ​ថា ក្រុង​មូស្គូ ចង់​បាន​អ៊ុយក្រែន មក​រណប​នឹង​ខ្លួន​វិញ ហើយ​ពុំ​អាច​ក្លាយ​ជា​រដ្ឋ​នៃ​សមាជិក​យោធា​ណាតូ (NATO) ដាច់ខាត។

យ៉ាងណា គ្រប់​ភាគី​ពាក់ព័ន្ធ​កំពុង​ព្យាយាម​ចរចា ហើយ​ពិសេស​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ដែល​ជា​ភាគី​មាន​តុល្យភាព​ដូច​គ្នា។ អ្វី​ដែល​ច្បាស់​មកទល់​ពេលនេះ គឺ​អាមេរិក និង​រុស្ស៊ី កំពុង​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន​ដោយ​គ្មាន​អ្នក​ណា​សុខចិត្ត​ធ្វើ​សម្បទាន​ឲ្យ​អ្នក​ណា​ឡើយ។

រុស្ស៊ី ចង់​ឲ្យ​អង្គការ​ណាតូ​ដក​ទ័ព​ចេញពី​ក្នុង​បណ្តា​ប្រទេស​សមាជិក​ដែល​ស្ថិត​ជាប់​ព្រំដែន​ខ្លួន និង​ស្នើ​ឲ្យ​កុំ​ទទួល​អ៊ុយក្រែន​ជា​សមាជិក​ថ្មី។ នៅ​សប្តាហ៍​ក្រោយ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី សន្យា​ជួប​គ្នា​ជា​ថ្មី​ទៀត។ ចំណែក​ឯ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស និង​រុស្ស៊ី ក៏​គ្រោង​ជួប​គ្នា​នៅ​ក្នុង​ទឹកដី​រុស្ស៊ី​ផ្ទាល់​តែម្ដង។

មាន​ការ​ព្រមាន​ថា បើ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ផ្ទុះ​ឡើង គឺជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ហើយ​អាច​រីក​រាលដាល​ដល់​ប្រទេស​ខ្លះ​ដែល​ជួយ​រុស្ស៊ី ដូចជា​ប្រទេស​បេឡារ៉ុស ដែល​កំពុង​ដឹកនាំ​ដោយ​មេដឹកនាំ​រណប​រុស្ស៊ី គឺ​លោក Alexander Lukashenko ព្រោះតែ​មេដឹកនាំ​រូប​នេះ​បាន​យល់ព្រម​ឱ្យ​ទ័ព​រុស្ស៊ី​នៅ​លើ​ទឹកដី​របស់​ខ្លួន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស