លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសពៅរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតគាំទ្របងប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលត្រូវជ្រើសតាំងជាអនាគតបេក្ខជននាយករដ្ឋមន្ត្រី គឺដើម្បីធានាមិនឲ្យមានវិបត្តិនៃការដឹកនាំនៅក្នុងគណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។
ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន មានី ជាសមាជិកគណៈកម្មាធិការកណ្តាលបក្ស និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺជាការរៀបចំផែនការបន្តវេនច្បាស់លាស់ និងបន្តនិរន្តរភាពជាតិ សុខសន្តិភាពសង្គម ពិសេសធានាការជឿជាក់ដល់សមាជិកគណបក្សប្រជាជនកម្ពុជា។
លោកថា ការសម្រេចជ្រើសយកលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ជាការបង្ហាញផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមានវិបត្តិនៃការដឹកនាំ។ លោកអះអាងថា កត្តាកំណត់ភាពជោគជ័យរបស់បក្ស គឺជាការអនុវត្តជាក់ស្តែងនូវកម្មវិធីនយោបាយនៅតាមកម្រិតមូលដ្ឋានផ្ទាល់ ដើម្បីបម្រើ និងបំពេញតម្រូវការជាក់ស្តែងជូនដល់ពលរដ្ឋ។
គណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទក្នុងការជ្រើសរើសកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីស្នងតំណែងពីឪពុកនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្ស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយសំឡេងគាំទ្រមានចំនួន ៧៧៥ ក្នុងចំណោមសមាជិកគណៈកម្មាធិការកណ្ដាលសរុបចំនួន ៨៦៥នាក់។
លោក ហ៊ុន ម៉ាណែត ដែលមានវ័យ ៤៤ឆ្នាំ មានឋានៈជាឧត្តមសេនីយ៍ផ្កាយមាស៣ កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ លោកក៏ជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់រដ្ឋាភិបាលផងដែរ។
រីឯក្នុងជួរបក្សវិញ លោក ហ៊ុន ម៉ាណែត ជាប្រធានចលនាយុវជន និងជាសមាជិកគណៈអចិន្ត្រៃយ៍ស្ថិតក្នុងចំណោមមនុស្ស ៣៤នាក់ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សកាន់អំណាច។
ទាក់ទងករណីនេះ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងលិខិតចំហចុះថ្ងៃទី២៤ ខែធ្នូ ជូនចំពោះសមាជិកសមាជិកាគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជាទាំងអស់ថា លោក ហ៊ុន សែន កំពុងតែបបួលសមាជិកគណៈកម្មាធិការកណ្តាលឲ្យលេងល្បែង ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍ឯកជនរបស់ក្រុមគ្រួសារគាត់តែប៉ុណ្ណោះ។
លោកសរសេរថា លោក ហ៊ុន សែន មានវ័យកាន់តែចាស់ដែលមិនអាចនៅកាន់អំណាចបានយូរតទៅទៀត ទើបគាត់ចង់ឲ្យកូនឡើងមកកាន់តំណែងជំនួសគាត់ ដើម្បីឲ្យកូនជួយថែរក្សាលាភសក្ការៈសម្រាប់ក្រុមគ្រួសារ និងធានានិទ្ទណ្ឌភាពឲ្យខ្លួនគាត់ផ្ទាល់។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ ខែធ្នូ ថា លោកសូមអបអរសាទរលោក ហ៊ុន សែន ដែលបានសម្រេចបំណងក្នុងការតែងតាំងកូនរបស់គាត់ជានាយករដ្ឋមន្ត្រីបន្តវេន ដែលគាត់ប៉ងប្រាថ្នាជាយូរមកហើយនោះ។ លោកថា ការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សនេះ មិនមែនដើម្បីរកផលប្រយោជន៍ជូនជាតិនោះទេ គឺដើម្បីតែរកផលប្រយោជន៍ឱ្យគណបក្ស និងបក្ខពួករបស់ពួកគេតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា អ្វីដែលពលរដ្ឋខ្មែរត្រូវការ គឺគណបក្សនយោបាយមួយដែលដឹកនាំប្រទេសទៅរកការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិរបស់ខ្លួន ប៉ុន្តែអ្វីដែលមេដឹកនាំកាន់អំណាចបច្ចុប្បន្ន និងអ្នកបន្តវេនកាន់កាប់អំណាចនៅថ្ងៃអនាគតរបស់បក្សដែលមានសារជាតិមកពីបក្សកុម្មុយនីស្តនោះ គឺដើម្បីតែថែរក្សាអំណាច និងពឹងផ្អែកបរទេសឱ្យជួយជ្រោមជ្រែងអំណាចរបស់ខ្លួនតាមរយៈការសម្បទានទឹកដីកម្ពុជាក្នុងរូបភាពមិត្តភាពម៉ឺនឆ្នាំ ឬមិត្តដែកថែបតែប៉ុណ្ណោះ៕