31 C
Phnom Penh

ក្រុម​មេធាវី៖ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ទាមទារ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​របស់​តុលាការ គឺជា​ការ​រំលោភ​លើ​បទដ្ឋាន​គតិយុត្តិ សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ដំណើរការ​នីតិវិធី​រឿង​ក្តី​ឆាប់​រហ័ស មិន​មែន​បង្ខំ​ឲ្យ​ភាគី​ជនជាប់ចោទ​សារភាព​នោះ​ទេ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​អះអាង​នៅ​មុខ​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​មាន​អ្វី​ត្រូវ​សារភាព​នោះ​ទេ ព្រោះ​ថា​គាត់​មិន​មាន​ទោស​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

មេធាវី​រូប​នេះ​អះអាង​ថា បើ​លោក កឹម សុខា សារភាព​កំហុស​ទោស​តាម​ការ​ទាមទារ​របស់​តុលាការ​ទាំង​ដែល​ខ្លួន​មិន​បាន​ប្រព្រឹត្ត​នោះ ទោះ​ជា​ទទួល​បាន​នូវ​យុត្តិធម៌ ក៏​ជា​យុត្តិធម៌​ក្លែងក្លាយ​ដែរ ប៉ុន្តែ​តាម​ផ្លូវច្បាប់ គ្រប់​ជន​ដែល​ត្រូវ​ចោទ​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌ និង​ឆាប់​រហ័ស​គ្រប់​គ្នា​ទាំងអស់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សវនាការ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ព្រះរាជអាជ្ញា​ទាមទារ​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សារភាព​ទោស ប្រសិនបើ​ចង់​ឱ្យ​រឿង​ក្តី​នេះ​ឆាប់​ចប់។

នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ត​ទៀត ក្នុង​នោះ​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ស្នើសុំ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពន្លឿន​នីតិវិធី និង​បង្កើន​ចំនួន​ថ្ងៃ​បើក​សវនាការ​ដើម្បី​ឱ្យ​ឆាប់​បញ្ចប់​រឿង​ក្តី​នេះ ប៉ុន្តែ​ត្រូវ​ព្រះរាជអាជ្ញា​ប្រតិកម្ម​ថា ប្រសិនបើ​ចង់​ឱ្យ​រឿង​ក្តី​នេះ​ឆាប់​ចប់ លុះណាតែ​លោក កឹម សុខា សារភាព​កំហុស​របស់​ខ្លួន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ មករា នេះ​ថា នីតិវិធី​របស់​តុលាការ​ធ្វើ​ឱ្យ​យឺតយ៉ាវ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ចេតនា​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ មិនមែន​ដោយសារ​រាំង​ស្ទះ​នីតិវិធី​ផ្លូវច្បាប់​ណា​មួយ​នោះ​ឡើយ។

លោក ម៉ែន ណាត អះអាង​ថា ប្រសិនបើ​លោក កឹម សុខា មាន​សេរីភាព​នយោបាយ​ឡើងវិញ តើ​កម្លាំង​ក្រុម​ប្រឆាំង និង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​អាច​នឹង​ងើប​ឡើងវិញ​ដែរ​ឬ​អត់ ហើយ​វា​នឹង​ប៉ះពាល់​ដល់​ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន កម្រិត​ណា? ករណី​នេះ​ជា​ហានិភ័យ​ធំ​បំផុត​សម្រាប់​គណបក្ស​កាន់​អំណាច។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ PMD រូប​នេះ​បញ្ជាក់​ថា សក្ដានុពល​របស់​លោក កឹម សុខា នៅ​ពេលនេះ​មាន​ទំហំ​ធំធេង បន្ទាប់ពី​ការ​លះបង់​របស់​គាត់​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​អនាគត​របស់​បក្ស​កាន់​អំណាច មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​របស់​លោក កឹម សុខា ឡើយ។

ដោយឡែក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ធ្លាប់​បាន​អះអាង​ថា តាម​ការ​ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ពេល​កន្លងមក លោក​មើល​មិន​ឃើញ​ថា លោក កឹម សុខា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ទាល់តែសោះ។

ទោះ​យ៉ាងណា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ នេះ គឺជា​សវនាការ​លើក​ទី​ពីរ​ហើយ​បន្ទាប់ពី​តុលាការ​បាន​ផ្អាក​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​កន្លងមក ហើយ​សវនាការ​បន្ទាប់ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ សប្ដាហ៍​ក្រោយ​នេះ​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស