មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺមានផែនការបញ្ចូលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ទៅជាក្រសួងតែមួយ ក្នុងគោលដៅរៀបចំប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យមតាមមូលដ្ឋាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋលើវិស័យកសិកម្មឱ្យរីកចម្រើន។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃពុធ ទី២៦ មករា នេះថា ការរួមបញ្ចូលក្រសួងទាំងពីរនេះទៅជាក្រសួងតែមួយ គឺធានាបាននូវការអភិវឌ្ឍលើវិស័យកសិកម្មនៅមូលដ្ឋានយ៉ាងមានប្រសិទ្ធភាព ព្រោះថាបញ្ហាកសិកម្មនៅកម្ពុជាបច្ចុប្បន្ននេះ ក្រសួងទាំងពីរចេះតែឆ្លើយដាក់គ្នាទៅវិញទៅមកទាក់ទិននឹងការរៀបចំឱ្យមានប្រព័ន្ធធារាសាស្ត្រដើម្បីផ្គត់ផ្គង់វិស័យកសិកម្មរបស់កសិកររហូតមក។
បណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា កម្ពុជាគឺជាប្រទេសប្រភពទឹក ប៉ុន្តែដោយសារតែការរៀបចំរបស់រដ្ឋាភិបាលមិនបានល្អ ធ្វើឲ្យកសិកម្មរបស់ពលរដ្ឋខ្មែរតែងទទួលរងនូវវិបត្តិជារៀងរាល់ឆ្នាំ ដូចជាវិបត្តិគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម ហើយបញ្ហាទាំងនេះជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការបង្កបង្កើនផលរបស់កសិករខ្មែរ។
មន្ត្រីជាន់ខ្ពស់គណបក្ស GDP រូបនេះបញ្ជាក់ថា ដើម្បីបើកលំហកសិកម្មរបស់នៅកម្ពុជាឱ្យពេញលេញតាមសក្ដានុពលដែលខ្លួនមាន កម្ពុជាត្រូវតែជំរុញការទទួលខុសត្រូវតាមក្រសួងនីមួយៗឱ្យបានច្បាស់លាស់ និងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍបន្ថែមទៀតនៅតាមមូលដ្ឋានគ្រប់ខេត្តក្រុងទូទាំងប្រទេស ចៀសវាងការធ្វើកសិកម្មជាយថាផលដូចកសិករតែងតែធ្វើនាពេលកន្លងមក។កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានអះអាងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ថា វិស័យកសិកម្មនៅកម្ពុជានៅតែមានបញ្ហាប្រឈមនៅឡើយ។ លោក វេង សាខុន អះអាងថា វិស័យកសិកម្មនៅកម្ពុជាជួបបញ្ហាប្រឈមជាច្រើន ដូចជាផលិតភាពកសិកម្មនៅមានកម្រិតទាប ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករ ពិសេសនៅពេលដែលកសិករជួបប្រទះគ្រោះរាំងស្ងួត។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបញ្ជាក់ថា កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកលើផលិតកម្មដំណាំកសិកម្មជាច្រើន ដែលត្រូវតែចាត់វិធានការដោះស្រាយឱ្យបានខ្លាំងក្លានៅពេលនេះ។
កាលពីចុងឆ្នាំ២០២១ ក្រសួងកសិកម្ម បានបង្ហាញរបាយការណ៍ថា ដំណាំស្រូវដែលបានប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ដោយគិតត្រឹមចុងខែតុលា ឆ្នាំ២០២១ មានចំនួនជាង ២៤ម៉ឺនហិកតារ ខណៈដំណាំស្រូវដែលរងគ្រោះដោយសារទឹកជំនន់មានចំនួនជាង ៧ម៉ឺនហិកតារផងដែរ។ ដោយឡែកដំណាំសាកវប្បកម្ម (ដំណាំដាំដុះ និងផ្លែឈើ) ក៏ត្រូវរងការខូចខាតដោយសារគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងសត្វល្អិតបំផ្លាញជាច្រើនម៉ឺនហិកតារថែមទៀត។
វិស័យកសិកម្មនៅកម្ពុជា ត្រូវគេមើលឃើញថាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយសារតែក្រសួងពាក់ព័ន្ធនៅតែមិនអាចធានាបានចំពោះការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវសម្រាប់កសិករខ្មែរលើវិស័យនេះ ជាពិសេសនៅពេលមានបញ្ហា ក្រសួងពាក់ព័ន្ធតែងឆ្លើយដោះសារៀងៗខ្លួន ខណៈកសិករនៅតែបន្តជួបវិបត្តិរហូតដល់សព្វថ្ងៃនេះ៕