ប្រទេសកម្ពុជា ដែលដឹកនាំដោយបុរសខ្លាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានឈ្មោះជាប្រទេសមិនល្អបន្តទៀត ដោយសារតែនៅជាប្រទេសពុករលួយជាងគេបំផុតនៅតំបន់អាស៊ាន ព្រោះមានអំពើពុករលួយចាក់ឫសទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
យោងតាមលេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបានលើកឡើងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោម ១៨០ប្រទេស និងដែនដីដែលត្រូវបានដាក់បញ្ចូលក្នុងការសិក្សា។
របាយការណ៍បញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានពិន្ទុ ២៣លើពិន្ទុអតិបរមា ១០០ គឺឡើងពីពិន្ទុ ២១ ដែលទទួលបានក្នុងឆ្នាំ២០២០។
របាយការណ៍ដដែលលើកឡើងទៀតថា ការវាយតម្លៃកាលពីឆ្នាំមុនបង្ហាញថា កម្ពុជាគឺជាប្រទេសពុករលួយខ្លាំងបើធៀបទៅនឹងប្រទេសក្នុងកម្រិតតំបន់ គឺកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសដែលមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែមានចំណាត់ថ្នាក់លើសតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងសហគមន៍អាស៊ានទាំង ១០ប្រទេស លើកលែងតែប្រទេស២ គឺប្រ៊ុយណេ និងប្រទេសឡាវ ដែលអង្គការតម្លាភាពអន្តរជាតិមិនបានស្រាវជ្រាវ។
ទោះយ៉ាងណា ប្រទេសចំនួន៨ ដែលមានឈ្មោះក្នុងសេចក្តីរាយការណ៍សម្រាប់ឆ្នាំ២០២១ គឺប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងពិភពលោក និងលេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានពិន្ទុ ៨៥ ក្នុងពិន្ទុ១០០។ បន្ទាប់មកប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៦២ បានពិន្ទុ៤៨ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៨៧ បានពិន្ទុ៣៩។ ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៩៦ បានពិន្ទុ៣៨។ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១១០ បានពិន្ទុ៣៥។ ប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ១១៧ បានពិន្ទុ៣៣។ ប្រទេសភូមា ជាប់ចំណាត់ថ្នាក់លេខ១៤០ បានពិន្ទុ២៨។
ប្រធានអគ្គនាយកនៃអង្គការតម្លាភាពអន្តរជាតិ លោក Daniel Eriksson ថ្លែងថា នៅក្នុងរបបផ្ដាច់ការ ការត្រួតត្រាក្តោបក្តាប់ស្ថិតក្នុងកណ្ដាប់ដៃមនុស្សមួយក្តាប់តូច ហើយចលនាក្នុងសង្គមគឺជាក្តីសង្ឃឹមនៃការទប់ស្កាត់ចុងក្រោយបង្អស់។ លោកថា វាជាអំណាចរួមស្ថិតក្នុងដៃពលរដ្ឋសាមញ្ញគ្រប់ស្រទាប់វណ្ណៈដែលគេរំពឹងទុកថា ប្រាកដជានឹងនាំមកនូវទីបញ្ចប់ និងការទទួលខុសត្រូវ។
របាយការណ៍ដដែលសរសេរថា កម្ពុជាមិនទាន់មានភាពប្រសើរឡើងនោះទេពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ នីតិរដ្ឋ និងគុណភាពនៃគោលនយោបាយ និងក្របខ័ណ្ឌស្ថាប័នដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា លោកសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចគាំពារសុខភាពសាធារណៈ ការកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចពីវិបត្តិជំងឺ Covid-19 និងការធ្វើឲ្យប្រសើរនូវសេវាសាធារណៈតាមរយៈការកាត់បន្ថយអំពើពុករលួយខ្នាតតូច។ លោកថា ការដែលពិន្ទុ CPI ឬសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់កម្ពុជានៅមានកម្រិតទាបនេះ បង្ហាញជារួមថា អភិបាលកិច្ច ជាពិសេសស្ថាប័នសាធារណៈនៅតែបន្តរងប៉ះពាល់យ៉ាងខ្លាំង ខណៈដែលអំពើពុករលួយទ្រង់ទ្រាយធំនៅតែជាឧបសគ្គធំបំផុត។ លោកបន្ថែមថា ឆន្ទៈនយោបាយកាន់តែខ្លាំង និងកិច្ចខិតខំប្រឹងប្រែងកាន់តែមោះមុត គឺចាំបាច់ខ្លាំងណាស់ដើម្បីធ្វើឱ្យស្ថានភាពនេះមានភាពប្រសើរឡើង។
លោក ប៉ិច ពិសី បន្ថែមថា ចំណាត់ថ្នាក់ទាបរបស់កម្ពុជានៅក្នុងសន្ទស្សន៍ CPI មានន័យថា កម្ពុជាត្រូវប្រឹងប្រែងទ្វេដងដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបង្កើនបរិយាកាសនយោបាយសេរី ក៏ដូចជាសេរីភាពបញ្ចេញមតិស្របតាមជំពូក៣ មាត្រា៤១ និង៤២ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
លោកអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនរបៀបវារៈកំណែទម្រង់តាមរយៈការគោរពសិទ្ធិចាំបាច់ ដើម្បីធ្វើឱ្យស្ថាប័ន ឬបុគ្គលដែលមានតួនាទី និងមានអំណាចឲ្យមានការទទួលខុសត្រូវ។
អង្គការតម្លាភាពក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែបញ្ចប់ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្តុំ ហើយធានាថា យុត្តិធម៌ចំពោះបទល្មើសប្រឆាំងអ្នកការពារសិទ្ធិមនុស្សត្រូវតែជាកិច្ចការអាទិភាពបំផុត។
សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធ្វើការបំភ្លឺបានទេ។ ចំណែកឯលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងលោក កែវ រ៉េមី អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏មិនអាចទាក់ទងដើម្បីធ្វើការបំភ្លឺបានដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិមកលើកម្ពុជា ប្រសិនបើមានអំពើពុករលួយធ្ងន់ធ្ងរ តើការវិនិយោគនោះអាចហូរចូលក្នុងប្រទេស និងចូលទៅក្នុងកញ្ចប់ថវិកាជាតិបានយ៉ាងដូចម្តេច។ លោកថា របាយការណ៍នេះគឺគ្រាន់តែជាការបំភ្លៃដ៏គួរឲ្យអស់សំណើចមួយប៉ុណ្ណោះ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) នៅឆ្នាំ២០១៦ ដែលមានចំណងជើងថា «ការត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេស» ដែលបង្ហាញពីអធិរាជត្រកូល ហ៊ុន កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជាដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្ស។
គ្រួសារត្រកូល «ហ៊ុន» បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗ ដូចជា Apple Unilever Visa Nestle Honda និងក្រុមហ៊ុនចំនួន ១១៤ផ្សេងទៀតនៅក្នុងប្រទេស។

Global Witness លើកឡើងថា សមាសភាពនៃអធិរាជគ្រួសារត្រកូល «ហ៊ុន» ដែលកំពុងរកស៊ីកាក់កបក្នុងប្រទេសកម្ពុជា រួមមាន៖
- អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន
- លោក ហ៊ុន ម៉ាណែត
- លោក ហ៊ុន ម៉ានី
- លោក ហ៊ុន ម៉ានិត
- អ្នកស្រី ហ៊ុន ម៉ាណា
- អ្នកស្រី ហ៊ុន ម៉ាលី
- អ្នកស្រី ហ៊ុន ចិន្តាវី
- លោក ហ៊ុន តូ
- លោក ឌី វិជ្ជា
- លោក ហ៊ុន ជា
- លោក សុខ ពុទ្ធិវុធ
- លោក សេង ឃាង
- លោក ឌី ចូច
- លោក ឌី ប្រឹម និងមនុស្សមួយចំនួនទៀតរាប់មិនអស់។
ពួកគេកំពុងគ្រប់គ្រង និងមានភាគហ៊ុនក្នុងក្រុមហ៊ុនផ្នែកឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ ថាមពល រោងចក្រ កន្លែងកម្សាន្ត តំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែងស៊ីសង ដឹកជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និងក្រុមហ៊ុនជាច្រើនទៀត៕