សហរដ្ឋអាមេរិកគ្រោងនឹងលុបចោលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន ដែលកំពុងត្រៀមខ្លួនដឹកនាំកិច្ចប្រជុំនេះក្នុងនាមជាសហប្រធានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូប ដែលបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ មករា។
ប្រភពដដែលឲ្យដឹងទៀតថា ការផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សេតវិមានមិនផ្តល់តម្លៃដល់មេដឹកនាំឯកបក្សលោក ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅពេលនេះទេ។ ប្រភពដែលបន្តថា បញ្ហានេះក៏ដោយសារតែមេដឹកនាំខ្មែរ លោក ហ៊ុន សែន មិនដែលផ្តល់តម្លៃដល់សហរដ្ឋអាមេរិក និងតែងវាយប្រហារសហរដ្ឋអាមេរិករហូតមកដូច្នោះដែរ។
មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកដដែលអះអាងថា លោក ហ៊ុន សែន បានរៀបចំមន្ត្រីជាន់ខ្ពស់របស់ខ្លួនឱ្យចូលរួមកិច្ចប្រជុំនេះប្រមាណ ៣០០នាក់ ប៉ុន្តែពួកគេនឹងខកចិត្តយ៉ាងធ្ងន់ធ្ងរនៅពេលដែលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកខាងមុខនេះ ត្រូវបានប្រកាសលុបចោលដោយសារតែមហាអំណាចលោកសេរីមិនស្វាគមន៍មេដឹកនាំខ្មែរ ដែលមានប្រវត្តិអាក្រក់បាតដៃប្រឡាក់ឈាម ក្រាញអំណាចតត្រកូលដូចបុរសខ្លាំង លោក ហ៊ុន សែន រូបនេះ។

ប្រភពដដែលបញ្ជាក់ទៀតថា ការសម្រេចរបស់សហរដ្ឋអាមេរិកបែបនេះ គឺបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកថា សេតវិមានមិនស្វាគមន៍មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលមានប្រវត្តិមិនស្អាតស្អំ ហើយប្រឡូកប្រឡាក់ទៅដោយអំពើឧក្រិដ្ឋ និងជាមេដឹកនាំដែលជាន់ឈ្លីប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងឃោរឃៅនៅកម្ពុជាសព្វថ្ងៃនេះជាដាច់ខាត។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា កម្ពុជាគួរតែកែប្រែនយោបាយការទូតរបស់ខ្លួនជាមួយប្រទេសលោកសេរីឱ្យល្អជាងបច្ចុប្បន្ននេះ ជាពិសេសជាមួយមហាអំណាចសហរដ្ឋអាមេរិក ព្រោះថាទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិកសព្វថ្ងៃនេះមានភាពរកាំរកូសខ្លាំងណាស់ ដោយសារតែមេដឹកនាំខ្មែរ លោក ហ៊ុន សែន តែងតែវាយប្រហារមហាអំណាចមួយនេះឥតឈប់ឈរ និងដឹកនាំកម្ពុជាកាន់តែឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យ ដោយងាកទៅរកមហាអំណាចកុម្មុយនីស្តចិនកាន់តែជ្រៅទៅៗ។

លោក ហ៊ុន សែន កាលពីដើមខែកញ្ញា ឆ្នាំ២០២១ ធ្លាប់បានអះអាងថា គ្មានប្រទេសណាអាចដើរតួនាទីជំនួសមហាអំណាចចិន ក្នុងការជួយកម្ពុជាបាននោះទេ ក្នុងនោះមហាអំណាចចិន បានជួយឱ្យកម្ពុជាមានឯករាជ្យ ទាំងកិច្ចការនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលកម្ពុជាកំពុងរងការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួនពីការផ្តាច់ជំនួយរបស់មហាអំណាចមួយចំនួន។
ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏តែងឌឺដងជាបន្តបន្ទាប់ទៅដល់សហរដ្ឋអាមេរិក។ ជាក់ស្តែងកាលពីដើមខែធ្នូ ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន សែន បានជំរុញឲ្យសហរដ្ឋអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោកឱ្យបានឆាប់ថែមទៀតផង។ កាលពីចុងឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានសម្រេចឲ្យមានការវាយកម្ទេចអគារដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកចំនួន២ នៅមូលដ្ឋានយោធាជើងទឹកសមុទ្ររាម ហើយដាក់ជំនួសមកវិញនូវអគារថ្មីក្រោមការឧបត្ថម្ភរបស់ចិន ដែលអាមេរិកសង្ស័យថា អគារថ្មីនោះអាចផ្តល់ឱ្យចិនបោះមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសម្ងាត់ដែលមានរយៈពេល ៣០ឆ្នាំ ស្របពេលដែលកម្ពុជាជំពាក់បំណុលដោះស្រាយមិនចេញ។
ការឌឺដងដល់សហរដ្ឋអាមេរិកមួយទៀតកាលពីដើមខែធ្នូ ឆ្នាំ២០២១ បុរសខ្លាំងដើមបញ្ច្រាសទិស លោក ហ៊ុន សែន បានចេញបញ្ជាឱ្យអង្គភាពប្រដាប់អាវុធរបស់កម្ពុជា យកអាវុធ និងសម្ភារយោធាដែលជាផលិតផលរបស់អាមេរិកយកទៅកម្ទេចចោលទាំងអស់ ក្នុងនោះ លោក ហ៊ុន សែន ព្រមានថា បើកម្ពុជាចង់មានឯករាជភាពលើវិស័យការពារជាតិ គឺមិនត្រូវប្រើប្រាស់អាវុធរបស់អាមេរិកបន្តទៀតនោះទេ។
បើទោះបីជាលោក ហ៊ុន សែន តែងអួតអាងថាមិនញញើតនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ប៉ុន្តែនៅពីក្រោយនៃការអួតអាងរបស់បុរសខ្លាំងនៅកម្ពុជារូបនេះ តែងតែបែកធ្លាយនូវកិច្ចព្រមព្រៀងសម្ងាត់ជាហូរហែ ដែលបានចំណាយលុយខ្ទង់លានដុល្លារអាមេរិកជួលក្រុមហ៊ុននានាឱ្យជួយបញ្ចុះបញ្ចូលមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមអ្នកធ្វើគោលនយោបាយអាមេរិក កុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោកទៅវិញ។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះ កិច្ចព្រមព្រៀងសម្ងាត់ក្នុងទំហំទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារអាមេរិកដែលលោក ហ៊ុន សែន បានចំណាយសម្រាប់ឆ្នាំ២០២២ ក្នុងការជួលក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ ត្រូវបានក្រសួងយុត្តិធម៌អាមេរិកលាតត្រដាងជាសាធារណៈខ្ទេចគ្មានសល់។
កាលពីឆ្នាំ២០១៨ កន្លងទៅ លោក ហ៊ុន សែន ក៏បានចំណាយលុយប្រមាណជាង ១លាន ២សែនដុល្លារ និងឆ្នាំ២០២១ បានចំណាយទឹកប្រាក់ប្រមាណជា ៧ម៉ឺនដុល្លារអាមេរិកក្នុងមួយខែៗដោយគ្មានកាលកំណត់លើក្រុមហ៊ុន ខ័រវីស (Qorvis LLC) ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និងក្រុមហ៊ុន ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ឱ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក កុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោក។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ មករា នេះថា ក្រោយពេលដែលមេដឹកនាំកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន លោក ហ៊ុន សែន បានធ្វើឱ្យខូចកិត្តិយសប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកបានទទួលស្គាល់មេដឹកនាំរដ្ឋប្រហារខុសច្បាប់ភូមា ថាជារដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ដែលផ្ទុយពីគោលជំហររបស់អាស៊ាន និងសហរដ្ឋអាមេរិកជាខ្លាំង។
លោក គឹម សុខ អះអាងថា ការសម្រេចបិទផ្លូវលោក ហ៊ុន សែន មិនឱ្យដឹកនាំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានជាមួយមេដឹកនាំអាមេរិកនេះ គឺជារឿងសមហេតុផល ព្រោះថាសហរដ្ឋអាមេរិកក៏មិនចង់ឱ្យមេដឹកនាំរបស់គេមកចាប់ដៃមេដឹកនាំដែលប្រឡាក់ទៅដោយឈាមរបស់ពលរដ្ឋភូមានោះដែរ។

អ្នកវិភាគរូបនេះបញ្ជាក់ថា នៅពេលដែលលោក ហ៊ុន សែន ទទួលស្គាល់របបសឹកភូមា ថាជារដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ាហើយនោះ គឺស្មើនឹងឯកភាពឱ្យមានការកាប់សម្លាប់ពលរដ្ឋភូមា ដើម្បីធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលពិភពលោកកំពុងតែថ្កោលទោសយ៉ាងធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ។
ក្នុងតំណែងជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២ នេះ លោក ហ៊ុន សែន ត្រូវគេមើលឃើញថា លោកទទួលការបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមអំនួតនយោបាយការទូតខ្លួនឯងជាបន្តបន្ទាប់ ក្នុងនោះកិច្ចប្រជុំចង្អៀតជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជានៅពាក់កណ្តាលខែមករា ឆ្នាំ២០២២ នេះ ក៏ត្រូវបានប្រកាសលើកពេលដោយគ្មានកាលកំណត់។ ជាងនេះទៀត កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលលោក ហ៊ុន សែន កំពុងត្រៀមខ្លួនធ្វើជាសហប្រធានជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏គ្រោងនឹងលុបចោលផងដែរ។
បញ្ហានេះ ត្រូវគេមើលឃើញថាមេដឹកនាំខ្មែរ លោក ហ៊ុន សែន បានធ្វើឱ្យខូចមុខមាត់របស់កម្ពុជាយ៉ាងធ្ងន់ធ្ងរលើឆាកអន្តរជាតិ ហើយក៏នាំភាពវិនាសអន្តរាយដល់សន្តិសុខក្នុងតំបន់ផងដែរ នៅពេលដែលគាត់ព្យាយាមអែបខ្លួនទៅរណបរបបកុម្មុយនីស្ត ហើយច្រានចោលរបបប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ននេះ៕