ទីបំផុត នាយករដ្ឋមន្ត្រីកម្ពុជាដែលគេដាក់រហស្សនាមថា បុរសខ្លាំងនៃកម្ពុជា បានទទួលយកការចង្អុលបង្ហាញពីមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន ដែលបានប្រាប់ថាត្រូវបង្ខំឲ្យមេរដ្ឋប្រហារភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវអនុវត្តគោលការណ៍ឯកភាព ៥ចំណុចនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេរដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បានស្នើសុំឲ្យមេរដ្ឋប្រហារភូមារូបនេះបញ្ចប់អំពើហិង្សា ដោយត្រូវបញ្ឈប់រាល់សកម្មភាពហិង្សាទាំងឡាយណាដែលកំពុងកើតមាននៅប្រទេសភូមា ហើយបើកផ្លូវឲ្យប្រេសិតអាស៊ានទៅជួបភាគីពាក់ព័ន្ធទាំងអស់។
លោក ហ៊ុន សែន បានថ្លែងប្រាប់មេរដ្ឋប្រហារភូមាទៀតថា រូបលោកចង់ឃើញអាស៊ានមានការសាមគ្គីគ្នា ហើយអាស៊ានមាន ១០ប្រទេស។

ជំហររបស់លោក ហ៊ុន សែន ដែលប្រែប្រួល ត្រូវគេមើលឃើញថាលោកបានដើរបណ្ដោយទិសវិញនេះ គឺបន្ទាប់ពីមេដឹកនាំ ៣ប្រទេសនៃសមាគមអាស៊ាន ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី រួមនឹងឥណ្ឌូនេស៊ី ដែលត្រូវបានលោក ហ៊ុន សែន ភ្ជាប់ទូរស័ព្ទ ហើយបានសន្ទនាគ្នាអំពីតួនាទីកម្ពុជាជាប្រធានអាស៊ាន និងការដែលលោក ហ៊ុន សែន ទៅជួបឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃទី៧ ខែមករា ដែលទីបំផុត លោកវិលត្រឡប់មកវិញពុំបាននាំមកនូវលទ្ធផលជាក់ស្ដែងនោះទេ។
នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលគេមើលឃើញថាជាបុរសដើរបញ្ច្រាសទិសទៅជួបមេរដ្ឋប្រហារភូមា ទោះបីជាមានការរិះគន់ក៏ដោយនោះ គឺក្នុងជំនួបនោះ គណៈប្រតិភូកម្ពុជា និងរបបសឹកភូមា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ហើយសេចក្ដីថ្លែងការណ៍នោះ ពួកយោធាភូមាយល់ព្រមឱ្យមានបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២។ ប៉ុន្តែនៅពេលដែលឧត្តមសេនីយ៍មេរដ្ឋប្រហារភូមារូបនេះបានចុះហត្ថលេខាស្នើឲ្យមានបទឈប់បាញ់គ្នានេះ គឺកងទ័ពរបស់របបសឹកបន្តបើកការវាយប្រហារទៅលើកម្លាំងប្រឆាំងដដែល។
មិនតែប៉ុណ្ណោះ សូម្បីតែវាយប្រហារទៅលើជនស៊ីវិលក៏របបសឹកអាចធ្វើបានដែរ។ ដោយមើលឃើញបែបនេះ មេដឹកនាំប្រទេសទាំងបីនេះដែលនាយករដ្ឋមន្ត្រីកម្ពុជាបានសុំជួបតាមទូរស័ព្ទ បានផ្ដល់អនុសាសន៍ និងយោបល់ជាច្រើន គឺដូចការណែនាំឱ្យមេដឹកនាំកម្ពុជាត្រូវប្រុងប្រយ័ត្នចំពោះឥរិយាបថរបស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ព្រោះតែមេរដ្ឋប្រហាររូបនេះពុំដែលគោរពការសន្យារបស់ខ្លួននោះទេ។

ប្រធានាធិបតីឥណ្ឌូនេស៊ី បានដាស់តឿនច្រើនជាងគេដល់លោក ហ៊ុន សែន ដោយបានរំឭកថា គោលការណ៍កុងសង់ស៊ីស ៥ចំណុចកាលពីថ្ងៃទី២៤ មេសា គឺមិនត្រូវអូសរំលងនោះទេ។
លោក ចូកូ វីដូដូ បានព្រមានថា បើរបបសឹកភូមាមិនអនុវត្តបាននូវចំណុចទាំង៥ នេះ ជាពិសេសបញ្ឈប់អំពើហិង្សា និងការដោះលែងអ្នកជាប់ឃុំដែលពួកយោធាចាប់ខ្លួនដោយសារតែប្រឆាំងរបបសឹកឲ្យមានសេរីភាពឡើងវិញ រួមទាំងអ្នកស្រី អ៊ុងសាន ស៊ូជី គឺពួកយោធាមិនត្រូវអនុញ្ញាតឲ្យចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ានដាច់ខាត។

ចំណែកឯនាយករដ្ឋមន្ត្រីសិង្ហបុរី និងម៉ាឡេស៊ី ដែលលោក ហ៊ុន សែន បានភ្ជាប់ទូរស័ព្ទទៅសុំមតិផងដែរនោះ ក៏បានណែនាំលោក ហ៊ុន សែន កុំឱ្យទុកចិត្តលោក មីន អ៊ុងឡាំង ឱ្យសោះ ព្រោះមេរដ្ឋប្រហាររូបនេះសន្យា តែមិនដែលគោរពការសន្យារបស់ខ្លួនបាននោះទេ។

ក្នុងរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមបំភ្លឺអំពីដំណើរទស្សនកិច្ចរបស់លោកទៅជួបមេរដ្ឋប្រហារភូមា ដោយពន្យល់ និងលើកហេតុផលផងថា ទស្សនកិច្ចរបស់លោកទោះបីជួបឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏ដោយ ក៏មិនបានលើកទឹកចិត្ត ឬក៏ផ្ដល់យោបល់ឱ្យពួកយោធាបំផ្លាញគោលការណ៍ ៥ចំណុចរបស់អាស៊ាននោះទេ។ លោកបានពន្យល់ទៀតថា ទោះជាលទ្ធផលបានតិចតួច ក៏វាជាចំណុចចាប់ផ្ដើមបណ្ដើរៗដែរ។
ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី រិះគន់ធ្ងន់ៗទៅលើលោក ហ៊ុន សែន ព្រោះតែមេដឹកនាំកម្ពុជាបានហៅឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ចំពោះការហៅ មីន អ៊ុងឡាំង ថាជានាយករដ្ឋមន្ត្រី បានផ្ដើមឲ្យមេដឹកនាំអាស៊ានមានភាពស្រឡាំងកាំង ហើយពួកគេចាត់ទុកកម្ពុជាធ្វើសេចក្ដីសម្រេចដែលចាត់ទុក មីន អ៊ុងឡាំង ជានាយករដ្ឋមន្ត្រីរបស់ប្រទេសភូមា គឺជាការផ្ទុយនឹងគោលការណ៍ឯកច្ឆន្ទរបស់អាស៊ាន ដែលមិនទទួលស្គាល់ឧត្តមសេនីយ៍ភូមារូបនេះជាមេដឹកនាំប្រទេសភូមានោះទេ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានរិះគន់ទៀតថា ការដែលទៅជួបលោក មីន អ៊ុងឡាំង ដោយមិនបានសួរនាំសមាជិកអាស៊ានដូចគ្នា គឺពិតណាស់កម្ពុជាដើរបញ្ច្រាសទិស ហើយប្រមាថលើគោលការណ៍អាស៊ានថែមទៀត។ ប៉ុន្តែមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រាប់ទៅមេដឹកនាំម៉ាឡេស៊ី វិញថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះមានភាពព្រហើន គឺមិនយល់អ្វីដែលហៅថាដំណើរការការទូត។
យ៉ាងណា ការដែលមេដឹកនាំកម្ពុជាទទួលយកការចង្អុលបង្ហាញរបស់មេដឹកនាំអាស៊ានដែលថាត្រូវគោរពគោលការណ៍ ៥ចំណុចរបស់អាស៊ានឱ្យបានម៉ត់ចត់ជាមុនសិននោះ គឺមើលទៅបុរសខ្លាំងកម្ពុជារូបនេះបានដើរស្របនឹងគោលដៅ និងគោលការណ៍អាស៊ានឡើងវិញហើយ៕