32.9 C
Phnom Penh

តើ​យុទ្ធមិត្ត​ឬ​សម្ពន្ធមិត្ត អាច​ជា​យុទ្ធមិត្ត​ឬ​សម្ពន្ធ​មិត្ត​លាក់​ពុត​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​មើល​អំពី​ការ​ប្រកួតប្រជែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប បញ្ហា​សន្តិសុខ​ជាតិ​មិត្ត​អាច​ក្លាយ​ជា​អមិត្ត​បាន​ឬ​ទេ? តើ​យុទ្ធមិត្ត ឬ​សម្ពន្ធមិត្ត​អាច​ជា​យុទ្ធមិត្ត ឬ​សម្ពន្ធមិត្ត​លាក់​ពុត​ឬ​ទេ?

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​លួច​ព័ត៌មាន​នៅ​កៀន​ក្លៀក។

ប៉ុន្មាន​ឆ្នាំ​កន្លងទៅ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​លោកសេរី បាន​តាមដាន​ស៊ើប​អង្កេត​ករណី​ចោរកម្ម​អន្តរ​បណ្ដាញ (hacking) លួច​ចូល​ប្រព័ន្ធ​កិច្ច​ការងារ​រដ្ឋ និង​ឯកជន ដើម្បី​ទាញ​ព័ត៌មាន​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់ៗ ដូចជា​ម្ចាស់​គណនី​ធនាគារ ក្រុមហ៊ុន​ធំៗ​ជាដើម ឬ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់ៗ រួច​គំរាម​ថា​នឹង​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក ប្រសិនបើ​ម្ចាស់​គណនី​មិនព្រម​យក​លុយ​ទៅ​សូក​បញ្ឈប់​ទង្វើ​របស់​ក្រុម​ចោរ​ទាំងនោះ​ទេ។

ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​ភាគច្រើន ដៅ​លើ​ក្រុម​អ្នក​មាន​លុយ​ច្រើន មាន​ឈ្មោះ​ល្បីៗ ដូចជា​តារា​សិល្បៈ ជាដើម។

គេ​សង្កេត​ឃើញ​ថា ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​ខ្លះ​ជា​ក្រុម​ចោរ​ក្រៅ​សង្គម ពោល​គឺ​មិន​ទាក់ទង​នឹង​រដ្ឋអំណាច។ ក្រុម​ចោរ​អន្តរ​បណ្ដាញ​លួច​ព័ត៌មាន​ខ្លះ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋអំណាច ពោល​គឺ​មាន​រដ្ឋអំណាច​នៅ​ពីក្រោយ​ខ្នង​ចាំ​គាំពារ ដើម្បី​ចែកចាយ​ព័ត៌មាន។ ភ្នាក់ងារ​ស៊ើបការណ៍​នៃ​នាយកដ្ឋាន​ចារកម្ម​សហរដ្ឋ​អាមេរិក សេអ៊ីអា (CIA) និង​ការិយាល័យ​ប៉ូលិស​សហព័ន្ធ (FBI) រក​ឃើញ​ថា ចោរកម្ម​អន្តរ​បណ្ដាញ​មាន​ប្រភព​ចេញពី​ប្រទេស​ចិន រុស្ស៊ី កូរ៉េ​ខាងជើង អ៊ីរ៉ង់ និង​អ៊ីស្រាអែល ដែល​ជា​ប្រទេស​ធ្វើ​សកម្មភាព​ច្រើន​ជាងគេ​ខាង​លួច​យក​ព័ត៌មាន។

ក្រៅពី​ក្រុម​ចោរ​លួច​ព័ត៌មាន​ធ្វើ​ឲ្យ​គាំង​សកម្មភាព​ការងារ​តាម​ស្ថាប័ន និង​ក្រុមហ៊ុន មាន​ក្រុម​ចារកម្ម​ដែល​ធ្វើ​សកម្មភាព​លួច​ព័ត៌មាន​សម្ងាត់ៗ​ពី​រដ្ឋាភិបាល (spying)។

ទោះ​ជា​ក្រុម​ទុច្ចរិត​ជំនាញ​ខាង​បច្ចេកវិទ្យា​មាន​ច្រើន​ពាសពេញ​ពិភពលោក​ក្តី គេ​មិន​ដែល​នឹកស្មាន​ថា មនុស្ស​ជា​មិត្តភ័ក្ដិ ជាពិសេស​យុទ្ធមិត្ត​ស្លាប់​រស់​នឹង​គ្នា​ចេះ​មាន​ចេតនា​ចូលរួម​ធ្វើ​ចោរកម្ម​លួច​ព័ត៌មាន រំខាន ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការងារ​ដល់​មិត្តភ័ក្ដិ ឬ​សម្ពន្ធមិត្ត​របស់​ខ្លួន​នោះ​ឡើយ។

ក្នុង​យុគសម័យ​បច្ចេកវិទ្យា​បច្ចេកទេស​ទំនើប​នេះ តើ​មិត្ត​គួរ​ទុកចិត្ត​មិត្ត​បាន​ប៉ុនណា?

ក្នុង​រយៈពេល​ប្រមាណ​ពី ៧-៨​ឆ្នាំ (២០១៣-២០២១) ក្រុម​ចោរកម្ម​យៀកណាម បាន​ក្លាយ​ជា​អ្នក​ដើរ​តួឯក​តួអង្គ​នឹង​គេ​ដែរ​ខាង​ចោរកម្ម​អន្តរជាតិ។

អង្គការ​ការពារ​សិទ្ធិមនុស្ស (Amnesty International) ផ្សាយ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ថា ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​យៀកណាម បាន​ធ្វើ​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដល់​ប្រទេស​ហ្វីលីពីន។ ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​យៀកណាម ឈ្មោះ ឈូក​សមុទ្រ (Ocean Lotus) ដែល​មាន​អក្សរ​កាត់​ថា APT-C-00 និង APT32 ផលិត​គ្រឿង​បច្ចេកវិទ្យា​ស្មុគស្មាញ​ជាច្រើន​យ៉ាង ដើម្បី​បំផ្លាញ​អ្នក​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ ឬ programs មាន Mac OS spyware, Android spyware និង Window spyware។ ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​យៀកណាម ឈូក​សមុទ្រ ធ្វើ​សកម្មភាព​តាំងពី​ឆ្នាំ​២០១៣ មក ដូចជា​លួច​ចូល​បំផ្លាញ​អ៊ីមែល និង​គេហទំព័រ (Websites) ជាដើម។

ក្រុម​ភ្នាក់ងារ​ជំនាញ​ខាង​តាមដាន​ចោរកម្ម​អន្តរ​បណ្ដាញ (cybersecurity) មាន Volexity និង FireEye ជាដើម រាយការណ៍​ថា ឈូក​សមុទ្រ (Ocean Lotus) APT-C-00 និង APT32 មាន​ទំនាក់ទំនង​ជាមួយ ឬ​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ។ អង្គការ Amnesty International បាន​បញ្ជូន​សេចក្តី​រាយការណ៍​ទៅ​រដ្ឋការ​ក្រុង​ហាណូយ ប៉ុន្តែ​គេ​មិន​បាន​ទទួល​ចម្លើយ​ទេ។

ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ (hackers) Ocean Lotus APT-C-00 និង APT32 បាន​ចូល​លុកលុយ​បំផ្លាញ​វែបសាយ​ក្រសួង​ការបរទេស ក្រសួង​បរិស្ថាន ក្រសួង​កិច្ចការ​សាធារណៈ និង​សង្គមកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ។

ក្រុម​ដដែល​លុកលុយ​វែបសាយ​កងទ័ព​ជាតិ និង​ខុទ្ទកាល័យ​ប្រធានាធិបតី​ហ្វីលីពីន។ ហេតុការណ៍​នោះ​កើតឡើង​ក្នុង​ឱកាស​មាន​ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ាន​នា​ទីក្រុង​ម៉ានីល។ ក្រៅពី​នោះ លុកលុយ​វែបសាយ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​៣ ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យៀកណាម បុគ្គល បណ្ដាញ​សារព័ត៌មាន ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ចិន និង​វែបសាយ​អាស៊ាន​នា​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។ រដ្ឋការ​ក្រុង​ហាណូយ បាន​បដិសេធ​រហូត​ថា ខ្លួន​គ្មាន​ទាក់ទង​នឹង​សកម្មភាព​ចោរកម្ម​អន្តរ​បណ្ដាញ​លុកលុយ​លួច​ព័ត៌មាន​នោះ​ទេ។

ក្រុម​អ្នកជំនាញ​ខាង​សន្តិសុខ​អន្តរ​បណ្ដាញ (cybersecurity) ពី​ក្រុមហ៊ុន FireEye ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ថា សកម្មភាព​របស់​ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​យៀកណាម (Ocean Lotus APT-C-00 APT32) ធ្វើការ​សម្រាប់​ផលប្រយោជន៍​ប្រជាជាតិ​វៀតណាម។ ចំណែក​ឯ​លោក Steven Adair ប្រធាន​អគ្គនាយក​ក្រុមហ៊ុន cybersecurity Volexity ថ្លែង​ថា ក្រុម​នេះ​មាន​សមត្ថភាព​លើស​ក្រុម​ចោរកម្ម​ដទៃ​ទៀត។

គេ​អាច​ធ្វើ​សកម្មភាព​លុកលុយ​បំផ្លាញ​ប្រព័ន្ធ​អន្តរ​បណ្ដាញ​ឯ​ទៀត​ក្នុង​ពេល​តែ​មួយ​ជាបន្តបន្ទាប់ ជា​របៀប​គំរាម​ជាប់ៗ​គ្នា​យ៉ាង​ទំនើប​អស្ចារ្យ ភាសា​ជំនាញ​បច្ចេកវិទ្យា​ហៅថា Advanced Persistent Threat (APT) មាន​ន័យ​ថា មាន​ធនធាន​សន្ធឹកសន្ធាប់​ដែល​មាន​តែ​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ស៊ើប​អង្កេត​នៅ​ឆ្នាំ​២០២០ ហើយ​រក​ឃើញ​ថា ក្រៅពី​ក្រុម​ចោរកម្ម​លុកលុយ​លួច​ព័ត៌មាន Ocean Lotus APT-C-00 APT32 នៅ​ក្រុង​ហូជីមិញ ឬ​ព្រៃនគរ មាន​ក្រុម​ផ្សេង​ទៀត​ដូចជា CyberOne Security, CyberOne Technologies, Hanh Tinh Company Ltd., Planet and Diacauso ដែល​ជា​ក្រុម​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន Information Technology (IT)។

ខណៈ​រដ្ឋាភិបាល​យៀកណាម កំពុង​ឧបត្ថម្ភ​ទុន​រៀបចំ​បង្កើត​រោងចក្រ​ផលិត​រថយន្ត VinFast ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​យៀកណាម បាន​រួមដៃ​គ្នា​ព្យាយាម​លុកលុយ​លួច​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត BMW, Hyundai, Toyota Australia, Toyota Japan, និង Toyota Vietnam។ ក្រុម​ចោរកម្ម​ទាំងនោះ​ថែមទាំង​ព្យាយាម​លុកលុយ​លួច​ព័ត៌មាន​ទាក់ទង​នឹង​ស្ថិតិ​ស្រាវជ្រាវ​អំពី​ជំងឺ​កូវីដ-១៩ ពី​មន្ត្រី​ចិន នៅ​ក្រុង​វូហាន ទៀត​ផង។

នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ កាសែត South China Morning Post ផ្សាយ​អត្ថបទ​អំពី​ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​យៀកណាម ដែល​ប៉ុនប៉ង​លួច​យក​ព័ត៌មាន​ពី​ក្រុមហ៊ុន​លក់​រថយន្ត​តូយ៉ូតា នៅ​ជប៉ុន ថា​ក្រុម​ចោរកម្ម​បច្ចេកវិទ្យា​យៀកណាម​រៀន​ដើរ​តាម​ក្រុម​ចោរកម្ម​អន្តរ​បណ្ដាញ​ចិន ក្នុង​រឿង​វាយ​លុកលុយ​លួច​ព័ត៌មាន​ជា​កម្មសិទ្ធិ​បញ្ញា (intellectual property)។

ទោះ​ជា​ដូច្នេះ​ក៏ដោយ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ផ្តល់​ជំនឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​យៀកណាម ឲ្យ​រក្សា​ទុក​ឯកសារ​អេឡិចត្រូនិក​សម្ងាត់ៗ​ទាក់ទង​នឹង​កិច្ចការ​សន្តិសុខ​ជាតិ​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ ជាដើម។ អកុសល! ចំពោះ​ខ្មែរ​វិញ អ្នក​ដឹកនាំ​យើង​ពូកែ​លួច​យក​ការណ៍​ខ្មែរ​គ្នា​ឯង ហើយ​ចាប់​កាត់ទោស​ដាក់​គុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស