29 C
Phnom Penh

មេដឹកនាំ​ខ្មែរ​និង​វៀតណាម ឯកភាព​គ្នា​លើក​កម្ពស់​នូវ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ុនហ្វុក និង​លោក ផាម ម៉ិញជិញ បាន​ឯកភាព​គ្នា​ថា ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សន្ទនា​តាម​ទូរស័ព្ទ​ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ប្រធានាធិបតី​ថ្មី​វៀតណាម លោក ង្វៀន ស៊ុនហ្វុក និង​លោក ផាម ម៉ិញជិញ ដែល​ជា​នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ប្រភព​ដដែល​អះអាង​ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ុនហ្វុក និង​លោក ផាម ម៉ិញជិញ បាន​ឯកភាព​គ្នា​ផ្តល់​អាទិភាព​ដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា​ដែល​បាន​ចុះហត្ថលេខា​រួច​នា​ពេល​កន្លងមក ព្រមទាំង​យល់ព្រម​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​ផង​ដែរ។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ កុម្ភៈ នេះ ដោយ​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​ជំនួញ​អចលនទ្រព្យ​ដូចជា​ការ​សង់​ផ្ទះល្វែង​លក់ បង់​រំលស់​កើន​ឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅ​កម្ពុជា ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុងតែ​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ហើយ​ពលរដ្ឋ​ខ្មែរ​មិន​មាន​ការងារ​កាន់តែ​ច្រើន​ឡើងៗ​ផង​នោះ។

អ្នកវិភាគ​រូប​នេះ​ព្រមាន​ថា សូម​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​និគមជន​វៀតណាម​រស់នៅ​លើ​ទូក​បណ្ដែត​ទឹក​ខុសច្បាប់ នាំគ្នា​ឡើង​គោក​ទិញ​ផ្ទះល្វែង​បង់​រំលស់ មក​រស់នៅ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​អាច​ឱ្យ​ពួកគេ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​កាន់កាប់​អចលនវត្ថុ​ស្រប​ច្បាប់ ដោយសារ​នយោបាយ​ជំនួញ​អចលនទ្រព្យ​របស់​វៀតណាម​ដែល​បាន​បញ្ជូន​លុយ​ទៅកាន់​ប្រតិបត្តិករ​របស់​ពួកគេ​ដើម្បី​ធ្វើ​ជំនួញ​នេះ។

លោក គឹម សុខ បញ្ជាក់​ថា នេះ​ជា​ល្បែង​មួយ​ក្នុង​កិច្ចសន្យា​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អនុវត្ត​តាម​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ជា​ថ្នូរ​ឲ្យ​មេដឹកនាំ​ក្រុង​ហាណូយ ជួយ​ជ្រោមជ្រែង​ផែនការ​ផ្ទេរ​អំណាច​ត​ត្រកូល​របស់​ខ្លួន​ដែល​កំពុង​រៀបចំ​សេណារីយ៉ូ​សព្វថ្ងៃ​នេះ។

ចំណែក​អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ដែល​សំដៅ​ដល់​ទំនាក់ទំនង​កម្ពុជា-វៀតណាម ថា មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​នយោបាយ​ការទូត​របស់​ខ្លួន ដោយ​ងាក​ទៅ​រក​ចិន ដែល​ធ្វើ​ឱ្យ​វៀតណាម ដែល​ជា​មិត្ត​ម៉ឺន​ឆ្នាំ​មិន​សប្បាយ​ចិត្ត។

លោក សុខ សុគន្ធ អះអាង​ថា ទោះ​មេដឹកនាំ​កម្ពុជា​មាន​នយោបាយ​ការទូត​បែប​ណា​ក៏ដោយ ក៏​វៀតណាម​បាន​រៀបចំ​បណ្ដាញ​សេណារីយ៉ូ​ចូល​ក្នុង​រដ្ឋាភិបាល​របស់​លោក​យ៉ាង​ជ្រៅ ដើម្បី​បង្កើត​នូវ​អំពើពុករលួយ ការ​ជិះជាន់ និង​ការ​បំបែកបំបាក់​រវាង​ខ្មែរ​និង​ខ្មែរ ដោយ​ប្រើ​លោក ហ៊ុន សែន ជា​ឧបករណ៍ ប៉ុន្តែ​ចុងក្រោយ ពួកគេ​នឹង​ដក​លោក ហ៊ុន សែន ចោល​នៅ​ពេល​អស់​ប្រយោជន៍​សម្រាប់​ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស