32 C
Phnom Penh

សង្គម​ស៊ីវិល​សោកស្តាយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ចូល​សួរ​សុខទុក្ខ​តំណាង​សហជីព​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​បង្ហាញ​ការ​សោកស្តាយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចូល​ជួប​សួរ​សុខទុក្ខ​ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ក្រោយ​ពី​អ្នក​ទាំង ៨​នាក់​ត្រូវ​បាន​ជាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ​នោះ។

ការ​លើកឡើង​នេះ បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល ក្នុង​នោះ​ក៏​មាន​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ដាក់​សំណើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ចូល​សួរ​សុខទុក្ខ​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ ក្នុង​មួយ​ខែ​ម្ដងៗ​ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ តទៅ។

ឆ្លើយតប​នឹង​សំណើ​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​កាល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​លើកឡើង​ថា សំណើ​សុំ​សួរ​សុខទុក្ខ​ឈ្មោះ ឈឹម ស៊ីថរ, រី សុវណ្ណឌី, សុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំ សុបិន្ដ, ទូច សិរីមាស, ឈឹម សុខន និង​ឈ្មោះ សុខ ណារិន ក្នុង​មួយ​ខែ​ម្ដង​ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ ទៅ​នេះ ចៅក្រម​មិន​អនុញ្ញាត​ទេ។

ការ​មិន​អនុញ្ញាត​របស់​ចៅក្រម​ស៊ើបសួរ លោក អ៊ឹម វណ្ណៈ នេះ ក្រោម​ហេតុផល​ថា ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​ស្រាវជ្រាវ​លើ​បុគ្គល​មួយ​ចំនួន​ទៀត​ដែល​ចៅក្រម​ត្រូវ​កោះហៅ​ចូល​សួរ​បំភ្លឺ​ទៀត។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព សោកស្ដាយ​ដែល​តុលាការ​បដិសេធ​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ អ្នកស្រី​បាន​សរសេរ​នៅ​លើ Facebook របស់​អ្នកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កុម្ភៈ នេះ​ថា ពេល​ណា​តុលាការ​មិន​ទាន់​កាត់ទោស​ជា​ស្ថាពរ​លើ​ពួកគេ នោះ​មាន​ន័យ​ថា​ពួកគាត់​ទាំង ៨​នាក់​មិនទាន់​មាន​ទោស​ឡើយ ហើយ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការ​សួរ​សុខទុក្ខ​ពី​មិត្ត​ជា​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​នានា​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី ចក់ សុភាព ថា​ការ​សម្រេច​ដាក់​ឃុំ​ខ្លួន​ពួកគាត់​ដោយ​រង់ចាំ​ការ​បើក​សវនាការ​នេះ ជា​ជម្រើស​មួយ​ដែល​តុលាការ​បាន​យក​មក​អនុវត្ត​ចំពោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស បរិស្ថាន សកម្មជន​សង្គម រួម​ទាំង​អ្នក​នយោបាយ​ផង​ដែរ។

អ្នកស្រី​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​នេះ ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ពួកគាត់​យ៉ាង​ខ្លាំង ជាពិសេស​សិទ្ធិ​សន្មត​ថា​គ្មាន​ទោស ដរាប​តុលាការ​កាត់ទោស​ជា​ស្ថាពរ ខណៈ​កន្លងមក អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ក៏​ធ្លាប់​ផ្តល់​អនុសាសន៍​ថា ជម្រើស​ដាក់​ឃុំ​ខ្លួន​ដោយ​រង់ចាំ​សវនាការ​របស់​តុលាការ​កម្ពុជា គួរ​ត្រូវ​ធ្វើ​ឡើង​ជា​ជម្រើស​ចុងក្រោយ និង​ចាំបាច់​បំផុត​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ៨​នាក់ ក្នុង​នោះ​មាន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ផង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ក្រោយ​ពី​ពួកគេ​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​នៅ​ក្នុង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ។

វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នេះ បាន​ជំរុញ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ជាង ១​ពាន់​នាក់​បាន​នាំគ្នា​តវ៉ា និង​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ប្រទេស​លោកសេរី រួម​ទាំង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​ទាំង ៨​នាក់ និង​ដោះស្រាយ​វិវាទ​ការងារ​ដល់​ពួកគេ​ផង​ដែរ ខណៈ​តំណាង​ស្ថានទូត​នានា​បាន​អះអាង​ថា ខ្លួន​កំពុង​តាមដាន និង​ឃ្លាំមើល​យ៉ាង​ដិតដល់។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច លោក ស ខេង បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​បាន​ឆាប់ ខណៈ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​បាន​ឆាប់។

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ មាន​រយៈពេល​ជាង ១​ខែ​ហើយ​ដែល​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ បាន​ធ្វើ​កូដកម្ម​ទាមទារ​ការ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ ៩​ចំណុច និង​ដោះលែង​តំណាង​សហជីព​ចំនួន ៨​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស