41.3 C
Phnom Penh

ចិន​ដែល​ធ្លាប់​អសោច​កេរ្តិ៍​ពាក់ព័ន្ធ​របប​ខ្មែរក្រហម ពេលនេះ​អសោច​កេរ្តិ៍​ករណី​ប្រល័យ​ពូជសាសន៍​លើ​ជាតិសាសន៍​អ៊ុយហ្គឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របប​កុម្មុយនីស្ត​ចិន ដែល​ធ្លាប់​ជួយ​របប​ខ្មែរក្រហម​ជា​របប​សម្លាប់​ប្រជាជន​ខ្មែរ​យ៉ាង​រង្គាល​នោះ នៅ​ពេលនេះ កុម្មុយនីស្ត​ចិន មាន​ឈ្មោះ​អសោច​ទៀត​ហើយ​ពាក់ព័ន្ធ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ដើម​ភាគតិច​អ៊ុយហ្គឺ (Uyghurs) នៅ​តំបន់​ស៊ីនជាំង។

កាល​ពេល​ដែល​កម្ពុជា​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ហើយ​កាលនោះ​ដឹកនាំ​ដោយ ប៉ុល ពត ឈ្មោះ​ដើម សាឡុត ស គឺ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ជា​ខ្នង​បង្អែក​ធំ​ជាងគេ​តែ​មួយ​គត់​ក្នុង​ការ​ជួយ​ទំនុក​បម្រុង​របប​ឃោរឃៅ​មួយ​នេះ។

រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន បាន​រក្សា​ទុក​ស្ថានទូត និង​មន្ត្រី​ជំនាញ​ឲ្យ​អម​រដ្ឋាភិបាល​ខ្មែរក្រហម​ទៀត​ផង។ នេះ​បើ​យោង​តាម​ឯកសារ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​របប​ខ្មែរក្រហម។ របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ដែល​ត្រូវ​បាន​ចោទ​ថា​ជា​របប​ប្រល័យ​ពូជសាសន៍​ដោយ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង ២​លាន​នាក់ គឺ​របប​អាវ​ខ្មៅ​នេះ​មាន​កិច្ចសហប្រតិបត្តិការ​ស្អិត​មួយ​ជាមួយ​បក្ស​កុម្មុយនីស្ត​ចិន។

មតិ​ជាច្រើន​សង្ស័យ​អំពី​ចិន ដែល​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ​នៃ​អតីត​របប​ឃោរឃៅ​មួយ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពុំ​ដែល​បាន​បដិសេធ​ជា​ផ្លូវការ​រាល់​ការ​ចោទ និង​សង្ស័យ​លើ​ចិន​ដូចនេះ​ទេ។

ជា​ថ្មី​ម្ដង​ទៀត ចូល​ដល់​សតវត្ស​ទី​២១ ទៅ​ហើយ​នេះ ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​នេះ​ត្រូវ​បាន​ពួក​លោក​ខាងលិច និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ចោទ​ថា​ជា​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ភាគតិច មូស្លីម​អ៊ុយហ្គឺ នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​នៃ​ភាគ​ខាងជើង​ប្រទេស​ចិន។

ស៊ីនជាំង ជា​តំបន់​ស្វយ័ត​ធំ​ជាងគេ​ក្នុង​ប្រទេស​ចិន ដែល​មាន​ជនជាតិ​អ៊ុយហ្គឺ ជាង ១២​លាន​នាក់​កំពុង​រស់នៅ។ តំបន់​វាលខ្សាច់​ដ៏​ធំ​នេះ ត្រូវ​បាន​ជនជាតិ​ចិន គឺ​សហគមន៍​ហាន មក​តាំង​ទីលំនៅ​ជាមួយ​តាមរយៈ​ការ​ណែនាំ​ដោយ​បក្ស​កុម្មុយនីស្ត​ចិន​ក្រុង​ប៉េកាំង។ ការ​មក​រស់នៅ​របស់​សហគមន៍​ជនជាតិ​ហាន ដែល​ជា​ជាតិសាសន៍​ចិន​ធំ​ជាងគេ បាន​នាំ​ឱ្យ​មាន​ការ​រើសអើង​ជាតិសាសន៍​យ៉ាង​ខ្លាំង។

តាម​ដំណឹង​មក​ថា ជនជាតិ​ចិន​អំបូរ​ហាន មក​រស់នៅ​លើ​តំបន់​វាលខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ជិត ៤​ទសវត្ស​មក​ហើយ។

គោលដៅ​របស់​សហគមន៍​ហាន ដែល​រស់នៅ​លាយឡំ​ជាមួយ​សហគមន៍​មូស្លីម​អ៊ុយហ្គឺ គឺ​ដើម្បី​បញ្ជ្រាប​កម្លាំង​ជនជាតិ​ចិន ឲ្យ​មាន​នៅ​លើ​តំបន់​ស្វយ័ត​មួយ​នេះ។ តែ​ចុងក្រោយ​នេះ ស៊ីនជាំង​បាន​ក្លាយ​ជា​តំបន់​រើសអើង​ជាតិសាសន៍​យ៉ាង​ខ្លាំង ហើយ​បើ​តាម​ក្រុម​សិទ្ធិមនុស្ស​មកពី​អង្គការ Amnesty International ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​រាយការណ៍​មក​ថា ការ​រើសអើង​ជាតិសាសន៍​បាន​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​ទៅលើ​ជនជាតិ​មូស្លីម​អ៊ុយហ្គឺ។

អង្គការ​អន្តរជាតិ Amnesty International រក​ឃើញ​ថា ដោយសារតែ​ការ​រើសអើង​ជាតិសាសន៍​នេះ​ហើយ បាន​នាំ​ឱ្យ​អាជ្ញាធរ​ចិន មកពី​សហគមន៍​ហាន តែង​វាយ​បង្ក្រាប និង​ចាប់​ខ្លួន​ជនជាតិ​អ៊ុយហ្គឺ រាប់​ម៉ឺន​នាក់។

Amnesty International បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ សហគមន៍​ជនជាតិ​ភាគតិច​អ៊ុយហ្គឺ ប្រមាណ​មួយ​លាន​ប្រាំ​សែន​នាក់ ត្រូវ​រដ្ឋអំណាច​ចិន​ចាប់​ខ្លួន ហើយ​យក​ទៅ​ដាក់​ឃុំ​ក្នុង​ជំរំ​លត់ដំ​នៅ​ឯនាយ​នា​តំបន់​ស៊ីនជាំង ដោយ​ពួកគេ​រង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ពលកម្ម​បាក់​កម្លាំង និង​ស្លាប់​ច្រើន​ពាន់​នាក់។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន តែង​បដិសេធ ដោយ​ចាត់ទុក​ថា​ជា​ការ​ប្រឌិត​រឿង​ដើម្បី​មួលបង្កាច់​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​ចិន។ តែ​ពុំ​មាន​ប្រទេស​លោកសេរី និង​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​ជឿ​តាម​ការ​បកស្រាយ​របស់​ក្រុង​ប៉េកាំង ឡើយ។ ការ​ដែល​គេ​មិន​ជឿ ព្រោះ​តែ​រដ្ឋអំណាច​ចិន ពុំ​ដែល​ហ៊ាន​ឱ្យ​អ្នក​ស្រាវជ្រាវ​ឯករាជ្យ និង​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ចូល​ទៅ​មើល​ក្នុង​ជំរំ​លត់ដំ​ម្ដង​ណា​ឡើយ។

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ប្រទេស​មួយ​ចំនួន​បាន​ថ្កោលទោស​ចិន​យ៉ាង​ខ្លាំង ករណី​ពាក់ព័ន្ធ​ប្រល័យ​ពូជសាសន៍​លើ​សហគមន៍​មូស្លីម​អ៊ុយហ្គឺ នៅ​តំបន់​ស៊ីនជាំង។ ប្រទេស​ដែល​ថ្កោលទោស​ចិន​យ៉ាង​ខ្លាំង ហើយ​ចេញ​មុខ​ជាងគេ គឺ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ប្រទេស​កាណាដា សហភាព​អឺរ៉ុប ២៧​ប្រទេស ហើយ​ប្រទេស​បារាំង ទោះ​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​បាន​ចេញ​មុខ​ម្នាក់ឯង​ថ្កោលទោស​រដ្ឋអំណាច​ចិន​នៅ​ក្រុង​ប៉េកាំង។ ជា​ចុងក្រោយ ប្រទេស​ធំ​មួយ​នៅ​អាស៊ី គឺ​ប្រទេស​ជប៉ុន ក៏​បាន​ថ្កោលទោស​រដ្ឋាភិបាល​ចិន​ដែរ។

កាលពី​ថ្ងៃ​អង្គារ ទី​១ កុម្ភៈ សភា​ជប៉ុន​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ដែល​បង្ហាញ​ពី​ក្តី​កង្វល់​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។

តាម​ដំណឹង​របស់​សារព័ត៌មាន South China Morning Post ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន បាន​យល់ព្រម​ឱ្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស គឺ​អ្នកស្រី Michelle Bachelet ដឹកនាំ​ប្រតិភូ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ស៊ីនជាំង គឺ​នៅ​ក្រោយ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​បិទ​បញ្ចប់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​ក្នុង​ក្រុង​ប៉េកាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស