30 C
Phnom Penh

មេគយ​ខេត្ត​ស្ទឹងត្រែង​និង​មេគយ​ច្រក​ទ្វារ​ព្រំដែន​ឡាវ​រង​ការ​ចោទ​ថា​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គយ​ខេត្ត​ស្ទឹងត្រែង ចោទប្រកាន់​មេគយ​ខេត្ត​ស្ទឹងត្រែង លោក សាយ សូផា និង​មេគយ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ឡាវ លោក ម៉ៅ សំអឿន ថា​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​បង់​ពន្ធ​ជា​ចំណូល​ថវិកា​រដ្ឋ​ជិត ៥​ម៉ឺន​ដុល្លារ​អាមេរិក​ជាមួយ​ថៅកែ​ក្រុមហ៊ុន​នាំចូល​សម្ភារៈ​សំណង់​ពី​ប្រទេស​ឡាវ។

មន្ត្រី​គយ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ជាច្រើន​រូប បាន​នាំគ្នា​សរសេរ​លិខិត​មកកាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា មេគយ​ខេត្ត​ស្ទឹងត្រែង លោក សាយ សូផា និង​មេគយ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ឡាវ លោក ម៉ៅ សំអឿន បាន​តម្រូវ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​នាំចូល​សម្ភារៈ​សំណង់​ពី​ប្រទេស​ឡាវ បង់​ពន្ធ​ចូល​រដ្ឋ​ត្រឹមតែ​ជាង ៣០% ប៉ុណ្ណោះ គឺ​បង់​ពន្ធ​ចំនួន ៣៣០​តោន​ក្នុង​ចំនួន​ដែក​នាំចូល​សរុប ១​ពាន់​តោន។

ប្រភព​ដដែល​រៀបរាប់​ថា ចំណែក​ឯ​ចំនួន​ដែក ៧៧០​តោន​ទៀត មេគយ​លោក សាយ សូផា និង​មេ​ច្រក​ព្រំដែន លោក ម៉ៅ សំអឿន មិន​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នាំចូល​សម្ភារៈ​សំណង់ SHUN CHAO PHNOM PENH CO., LTD បង់​ពន្ធ​ចូល​ក្នុង​បញ្ជី​រដ្ឋ​នោះ​ទេ។

មន្ត្រី​គយ​ទាំងនោះ​បញ្ជាក់​ថា ក្នុង​ទម្ងន់​ដែក ១​តោន រដ្ឋ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បង់​ពន្ធ​ចំនួន ៦៤​ដុល្លារ​អាមេរិក ដូច្នេះ​ក្នុង​ទំហំ​ដែក ៧៧០​តោន រដ្ឋ​ត្រូវ​បាត់​ចំណូល​ដល់​ទៅ ៤៩២៨០​ដុល្លារ​អាមេរិក​ឯណោះ។

ក្រុម​មន្ត្រី​គយ​ខាងលើ​អះអាង​ថា មេគយ​លោក សាយ សូផា បាន​បញ្ជា​ឲ្យ​គណនេយ្យករ​របស់​ខ្លួន​បញ្ចេញ​សម្ភារៈ​សំណង់​ដែល​ខ្លួន​បាន​រក្សា​ទុក​តាំងពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២២ មក​នោះ​ឲ្យ​ឈ្មួញ​ដឹក​ចូល​ទៅ​ដាក់​ក្នុង​ឃ្លាំង​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ អស់ ៧៧០​តោន ដើម្បី​ឱ្យ​ចំនួន​ដែក​ដែល​នៅ​សល់​ត្រូវ​គ្នា​ជាមួយ​នឹង​ឯកសារ​ដែល​ខ្លួន​បាន​បញ្ជូន​ទៅ​ក្នុង​ឯកសារ​បង់​ពន្ធ​របស់​រដ្ឋ​មាន​ចំនួន​ត្រឹមតែ ៣៣០​តោន​នោះ។

ប្រភព​មន្ត្រី​គយ​ទាំងនោះ​បញ្ជាក់​ថា បើ​យោង​តាម​ថៅកែ​ក្រុមហ៊ុន​ដែល​នាំចូល​សម្ភារៈ​សំណង់​ផ្សេង​ទៀត​ត្អូញត្អែរ​ថា មេគយ​លោក សាយ សូផា និង​មេគយ​ច្រក​ទ្វារ​ព្រំដែន លោក ម៉ៅ សំអឿន តែងតែ​ប្រើ​ឈ្មោះ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មក​គាបសង្កត់​ពួកគេ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន SHUN CHAO PHNOM PENH CO., LTD តែងតែ​លួចលាក់​ការ​បង់​ពន្ធ​នាំចូល​រហូត​មក​ដោយ​គ្មាន​ចំណាត់ការ​អ្វី​ទាំងអស់ ក្រោម​ការ​ឃុបឃិត​របស់​មេ​ច្រក​ព្រំដែន និង​មេគយ​ខេត្ត​ស្ទឹងត្រែង ទាំង​ពីរ​រូប​នេះ។

មន្ត្រី​ទាំងនោះ​បាន​អំពាវនាវ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជួយ​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​មេគយ​ខេត្ត​ស្ទឹងត្រែង លោក សាយ សូផា និង​មេគយ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ឡាវ លោក ម៉ៅ សំអឿន ទាំង​ពីរ​នេះ ដើម្បី​កុំ​ឱ្យ​មាន​សាច់​ស្អុយ​ក្នុង​ស្ថាប័ន​រដ្ឋ​តទៅទៀត។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា អំពើពុករលួយ​នៅ​កម្ពុជា​កំពុងតែ​ចាក់ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​ក្នុង​ស្ថាប័ន​ជាតិ ដែល​កំពុង​ទាញ​ទម្លាក់​កម្ពុជា​ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដែល​ងើប​មុខ​មិន​រួច ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ច្បាប់​ច្បាស់លាស់​លើ​មន្ត្រី​ខិលខូច​ដែល​កំពុង​ចង​បណ្ដាញ ដើម្បី​បំផ្លាញ​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ទេ​នោះ។

ទោះ​យ៉ាងណា មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ សារព័ត៌មាន The Cambodia Daily ទាក់ទង​លោក សាយ សូផា និង​លោក ម៉ៅ សំអឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​មិន​ទាន់​បាន​នៅឡើយ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស