29.3 C
Phnom Penh

របប​សឹក​ភូមា ចាប់ផ្ដើម​សាកល្បង​រូបមន្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របប​សឹក​ភូមា ទំនង​ចាប់ផ្ដើម​លេង​ល្បែង​តាម​លោក ហ៊ុន សែន ដោយ​បង្រួបបង្រួម​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ហើយ​ផាត់​ចោល​ក្រុម​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​លេស​ថា​ក្រុម​នេះ​ជា​ក្រុម​ឧទ្ទាម​ខុសច្បាប់។

នៅ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ភូមា​វិញ​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា លោក ហ៊ុន សែន ពុំ​បាន​បើក​ធ្វើ​សន្និសីទ​កាសែត​ដូច​ទម្លាប់​ដែល​លោក​តែងតែ​ធ្វើ​នៅ​ក្នុង​បន្ទប់​មួយ​ក្នុង​ព្រលាន​យន្តហោះ​ក្រុង​ភ្នំពេញ ឬ​ក៏​នៅ​វិមាន​សន្តិភាព​នោះ​ទេ ប៉ុន្តែ​លោក​បែរជា​ចាត់តាំង​ឱ្យ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ធ្វើ​សន្និសីទ​ជំនួស​រូបលោក​ទៅ​វិញ។

ក្នុង​សន្និសីទ​នោះ លោក ប្រាក់ សុខុន និយាយ​រ៉ាយរ៉ាប់ និង​សរសើរ​ច្រើន​អំពី​រូបមន្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បង្រួបបង្រួម​ជាមួយ​ក្រុម​ភាគី​ទ័ពព្រៃ​ខ្មែរក្រហម ដែល​នរណា​ក៏​ដឹង​ថា​ក្រុម​នេះ​នៅ​សេសសល់​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត ក្រុម​នេះ​មើល​ទៅ​ដូចជា​ទាល់ច្រក​ព្រោះ​ប្រធាន​ចលនា​ត្រីភាគី គឺ​សម្ដេច​នរោត្តម សីហនុ ដែល​មាន​ចិន​នៅ​ពីក្រោយ បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋ ឬ​ព្រះមហាក្សត្រ​នៃ​រាជាណាចក្រ​កម្ពុជា​វិញ​ហើយ​នោះ។

លោក ប្រាក់ សុខុន បាន​និយាយ​ថា បទពិសោធន៍​របស់​លោក ហ៊ុន សែន ដែល​លោក ប្រាក់ សុខុន ហៅថា​សម្ដេច​តេជោ ក៏​បាន​លើកឡើង និង​ពន្យល់​ប្រាប់​ទៅ​មេដឹកនាំ​យោធា​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផង​ដែរ។ បើ​តាម​លោក ប្រាក់ សុខុន គឺ​លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ទៀត​អំពី​បទពិសោធន៍​នយោបាយ​ឈ្នះ​ឈ្នះ​ផ្សេង​ទៀត​ដែល​កម្ពុជា​អាច​ធ្វើ​បាន ហើយ​មាន​សន្តិភាព​មកដល់​សព្វថ្ងៃ​នេះ។

សន្តិភាព​សព្វថ្ងៃ​នេះ​ដុះ​ព្រោងព្រាត គឺ​សូម្បី​នៅ​ជនបទ ឬ​កណ្ដាល​ទី​ស្ងាត់ជ្រងំ​ក៏​មាន​ដែរ​នូវ​ពាក្យ «អរគុណ​សន្តិភាព»។ ពាក្យ​ថា «អរគុណ​សន្តិភាព»នេះ​ហើយ​ដែល​នាំ​ឱ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ មាន​ការ​រីកចម្រើន ទោះ​ជា​រាស្ត្រ​ក្រីក្រ​ពុំ​មាន​លំនៅឋាន​ពិតប្រាកដ ហើយ​ពួកគាត់​មក​ដេក​ក្រោម​ស្លាក​អរគុណ​សន្តិភាព​ក៏ដោយ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ប្រាក់ សុខុន បាន​អួត​ថា លោក ហ៊ុន សែន បាន​បង្ហាញ​បទពិសោធន៍​នៃ​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ​ក្រោម​ដំបូល​នយោបាយ​ឈ្នះ​ឈ្នះ​មាន​មកដល់​សព្វថ្ងៃ​នេះ។

នយោបាយ «ឈ្នះ​ឈ្នះ» របស់​កម្ពុជា​ដែល​កម្ទេច​ក្រុម​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លួងលោម​ក្រុម​បក្ស​តូចៗ​ដែល​រក​អាសនៈ​មេឃុំ-ចៅសង្កាត់​ពុំ​បាន​ផង មក​រួម​រស់​ជាមួយ​គ្នា​នៅ​ក្រោម​ស្លាក​ថា «មាន​សន្តិភាព ទើប​មាន​ការ​អភិវឌ្ឍ»។

បក្ស​តូចៗ​ដែល​លោក ហ៊ុន សែន ប្រមូល​បាន​មក​នៅ​ក្រោម​ដំបូល​សន្តិភាព​នោះ គឺ​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨។ បក្ស​ទាំងនោះ​មាន ១៩​គណបក្ស ហើយ​គ្រាន់តែ​ប្រកាស​លទ្ធផល​បោះឆ្នោត​ភ្លាម គឺ​បក្ស​ទាំងអស់​នោះ​ដែល​ពុំ​អាច​រក​អាសនៈ​សូម្បីតែ​មួយ​អាសនៈ​ក៏​គ្មាន​ផង​នៅ​រដ្ឋសភា ហើយ​ក៏​បាន​បាត់​ស្រមោល​រលាយ​រូប​ទៅវិញ។

ប៉ុន្តែ​នៅ​ក្រោម​ដំបូល​នយោបាយ​ឈ្នះ​ឈ្នះ លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រមូល​បាន​អាសនៈ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា គឺ​ទាំង ១២៥​អាសនៈ ក៏​នឹក​ឃើញ ហើយ​មាន​ចិត្ត​អាណិតអាសូរ​បក្ស​ទាំងនោះ ក៏​បង្កើត​ស្ថាប័ន​មួយ​ហៅថា «ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់»។ នយោបាយ ឈ្នះ​ឈ្នះ បាន​ផ្ដល់​ឋានៈ​មេ​បក្ស អនុប្រធាន​បក្ស​ដែល​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មាន​រហូត​ដល់​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទៀត​ផង។

តើ​ក្រុម​នេះ​ទៅ​ណា​បាត់​ហើយ​មកដល់​ពេលនេះ ហើយ​បាន​បំពេញ​អ្វី​ខ្លះ​ដើម្បី​ជាតិ ដើម្បី​ជនរងគ្រោះ​ក្នុង​សង្គម?

និយាយ​អំពី​ប្រទេស​ភូមា​វិញ​ដែល​នៅ​ក្រោម​របប​សឹក។ សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន​ភូមា Irrawaddy បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ នេះ​ថា ក្រុមប្រឹក្សា​យោធា​បាន​យល់ព្រម​បើក​ការ​ចរចា​ជាមួយ​ក្រុម​អង្គការ​ប្រដាប់​អាវុធ​មួយ​ចំនួន ដោយ​បាន​ប្រកាស​ថា​ការ​ចរចា​នេះ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​សន្តិភាព​ពេញលេញ​ជាមួយ​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា។

ប៉ុន្តែ​ជំហរ​ទន់ភ្លន់​របស់​ក្រុម​យោធា មើល​ទៅ​ដូចជា​ចង់​កាត់បន្ថយ ឬ​បន្សាប​កម្លាំង​ប្រឆាំង​នៃ​ក្រុម​រដ្ឋាភិបាល​ស្រមោល​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​ជា​កម្លាំង​ប្រឆាំង​ដ៏​ធំ​នៅ​ភូមា ហើយ​ជា​ក្រុម​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុក​ជា​កម្លាំង​ដែល​អាច​រុញច្រាន​របប​សឹក​ឲ្យ​រលាយ​តាមរយៈ​ការ​បោះឆ្នោត បើ​មាន​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​យោធា​ភូមា មិន​ត្រឹមតែ​ស្នើ​ឲ្យ​ក្រុម​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​រដ្ឋាភិបាល​ស្រមោល​មក​ចរចា​នឹង​ខ្លួន​នោះ​ទេ ប៉ុន្តែ​របប​សឹក​បាន​ចាត់ទុក​ក្រុម​ដ៏​ធំ​នេះ​ជា​ក្រុម​ឧទ្ទាម និង​ជា​ក្រុម​ភេរវកម្ម​ទៀត​ផង។

សេចក្ដី​ថ្លែងការណ៍​របស់​របប​សឹក បាន​ប្រកាស​ថា គឺជា​ការ​ចាំបាច់​ណាស់​នៅ​ពេលនេះ​ដែល​ភូមា​ត្រូវ​មាន​សន្តិភាព​តាមរយៈ​ការ​ចរចា ហើយ​ឱ្យ​ស្រប​នឹង​ដំណើរការ​ប្រជាធិបតេយ្យ។

សេចក្ដី​ថ្លែងការណ៍​របស់​ពួក​យោធា​ដែល​មើល​ទៅ​ដូច​មាន​គេ​ខ្សឹប​ឱ្យ​និយាយ​នេះ នៅតែ​ប្រកាន់​ជំហរ​ថា ខ្លួន​មិន​ចរចា​ដាច់ខាត​ជាមួយ​ក្រុម​រដ្ឋាភិបាល​ស្រមោល​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​ក្រុម​នេះ​បង្កើត​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ព្រោះ​ក្រុម​នេះ​ជា​កម្លាំង​ឧទ្ទាម និង​ជា​ក្រុម​ភេរវកម្ម។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​របស់​របប​សឹក​ភូមា​នេះ គេ​ដឹង​ច្បាស់​ណាស់​ថា​ជា​ល្បិច​ទុច្ចរិត​របស់​ពួក​យោធា​ភូមា ចាប់ផ្ដើម​ប្រកាស​លេង​នេះ គឺ​ក្រោម​ខ្សែ​បន្ទាន់​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​បក្ស​កាន់​អំណាច​នៅ​កម្ពុជា បាន​អនុវត្ត​ជោគជ័យ​ទៅ​ហើយ​ទៅ​លើ​កម្លាំង​ប្រឆាំង​ដ៏​ធំ​ជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ក្រោម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ក្រុម​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ចាត់ទុក​ថា​ជា​តុលាការ​នយោបាយ។

ជំហរ​របស់​របប​សឹក​ភូមា ដែល​កម្ចាត់​ក្រុម​អ្នកស្រី អ៊ុងសាន ស៊ូជី ក៏​មិន​ខុស​អ្វី​នឹង​លោក ហ៊ុន សែន កំពុងតែ​លេង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ដោយ​ទុក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដេក​រហូត។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ភូមិសាស្ត្រ​នយោបាយ​នៅ​ភូមា ដូច​នៅ​កម្ពុជា​ឬ​ទេ? គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ អ្នក​សាក​គិត​មើល​ទៅ​ថា តើ​អាសនៈ​ភូមា​នៅ​អង្គការ​សហប្រជាជាតិ ភាគី​ខាង​ណា​ជា​អ្នក​កាន់កាប់? ការពិត គឺ​ភាគី​របស់​អ្នកស្រី ស៊ូជី កំពុងតែ​កាន់កាប់។

របប​សឹក​ភូមា គ្មាន​និមិត្តរូប​ស្រប​ច្បាប់​ណា​មួយ​ទាល់តែសោះ​នៅ​វេទិកា​អន្តរជាតិ។ នេះ​ជា​ជោគជ័យ​ការទូត​នៃ​រដ្ឋាភិបាល​ស្រមោល​ប្រឆាំង​របប​សឹក។ បើ​និយាយ​ពី​ចលនា​ប្រឆាំង​របប​សឹក​វិញ គឺ​កម្លាំង​រដ្ឋាភិបាល​ស្រមោល​មាន​កម្លាំង​ខ្លាំង ហើយ​ធំធេង​ណាស់។ មាន​ន័យ​ថា ប្រជាជន​ភូមា​ដែល​មាន​ជាង ៥៤​លាន​នាក់ សឹង​ទាំងអស់​នៅ​ជាមួយ​ក្រុម​អ្នកស្រី ស៊ូជី។ មិនតែប៉ុណ្ណោះ ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ បាន​សច្ចា​សហការ​ជាមួយ​រដ្ឋាភិបាល​ស្រមោល​ដើម្បី​ប្រឆាំង​របប​សឹក។

ឥឡូវ​នេះ បើ​តាម​ប្រភព​របស់ Irrawaddy កម្លាំង​ជនជាតិ​ភាគតិច​ដូចជា​រដ្ឋ​ការ៉ែន រដ្ឋ​មន រដ្ឋ​សាន រដ្ឋ​កាឈីន រដ្ឋ​ឈិន រដ្ឋ​អារ៉ាកាន រដ្ឋ​កាយ៉ា គេ​បាន​ទាត់​ចោល​ហើយ​សំណើ​សុំ​ចរចា​របស់​របប​សឹក។

និយាយ​រួម​ទៅ គេ​មិន​អាច​យក​រូបមន្ត​ឈ្នះ​ឈ្នះ​ពី​កម្ពុជា ទៅ​ចម្លង​នៅ​ភូមា បាន​ទេ ព្រោះ​របប​សឹក​នឹង​មិន​អាច​រស់​បាន​ទេ ដោយសារតែ​កម្លាំង​ផ្ទៃក្នុង​របស់​ពួក​យោធា​ក៏​កំពុងតែ​ទៅ​រក​ការ​បែកបាក់ ហើយ​កម្លាំង​ប្រឆាំង​កាន់តែ​ខ្លាំង។

ស្រប​គ្នា​នេះ​ទៀត សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ឡើង ហើយ​របប​សឹក​កំពុង​ក្លាយ​ជា​របប​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៀត​នោះ គឺ​ទំនង​គ្មាន​ផ្លូវ​ដែល​សហគមន៍​អន្តរជាតិ​ផ្ដល់​និទ្ទណ្ឌភាព​ឱ្យ​របប​សឹក​បាន​ឡើយ។

បើ​ទោះ​ជា​មាន​ការ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​កើតមាន​មែន តែ​មេៗ​ឧត្តមសេនីយ៍​ភូមា ដែល​បាតដៃ​ប្រឡាក់​ឈាម​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ ពិត​ជា​មិន​មាន​ឱកាស​សម្លាប់​ប្រជាជន​ខ្លួនឯង​បាន​ទៀត​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស