សមាគមការពារសិទ្ធិមនុស្សអាដហុក ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការចោទប្រកាន់ និងចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងជម្លោះដីធ្លី ដើម្បីបំបាក់ស្មារតីពលរដ្ឋម្ចាស់ដីឱ្យឈប់ប្រើសិទ្ធិក្នុងការទាមទាររកយុត្តិធម៌។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅថាអាដហុក (ADHOC) បានចេញរបាយការណ៍មួយកម្រាស់ ៣៤ទំព័រក្រោមចំណងជើងថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» ដែលបានចេញផ្សាយនៅថ្ងៃអង្គារ ទី៨ កុម្ភៈ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ឱ្យដឹងថា ការរំលោភបំពានដីធ្លីទៅលើពលរដ្ឋពីសំណាក់អ្នកមានអំណាច និងបុគ្គលមានទ្រព្យសម្បត្តិ បានធ្វើឱ្យមានការចាប់ខ្លួន និងចោទប្រកាន់ពលរដ្ឋជាម្ចាស់ដី។ ក្នុងនោះពលរដ្ឋចំនួន ១៥៧នាក់បានក្លាយជាជនរងគ្រោះដោយកំពុងជាប់បណ្តឹងអាជ្ញា និងដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ខណៈជនរងគ្រោះចំនួន ១៧នាក់ទៀត កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។
ប្រភពដដែលឲ្យដឹងទៀតថា ពលរដ្ឋរងគ្រោះម្នាក់ធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងររហូតដល់ស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ករណីប្រជាសហគមន៍វិវាទដីធ្លីជាប់បណ្តឹងអាជ្ញា និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការដែលមានច្រើនជាងគេ ក្នុងនោះមានខេត្តត្បូងឃ្មុំ ៤៤នាក់ ខេត្តឧត្ដរមានជ័យ ២៨នាក់ ខេត្តកណ្តាល ២១នាក់ ខេត្តក្រចេះ ១៨នាក់ និងខេត្តកំពង់ស្ពឺ ១៥នាក់។
របាយការណ៍លើកឡើងថា កត្តាចម្បងដែលនាំឱ្យមានការចោទប្រកាន់ និងឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លីនេះ គឺដើម្បីបំបាក់ស្មារតីពលរដ្ឋម្ចាស់ដី ស្របពេលដែលពួកគាត់លែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។
ក្រៅពីការចោទប្រកាន់ និងចាប់ឃុំខ្លួននោះ ក៏មានការគំរាមកំហែង និងការប្រើប្រាស់កម្លាំងប្រដាប់អាវុធបាញ់រះទៅលើពលរដ្ឋដែលតវ៉ារឿងវិវាទដីធ្លីផងដែរ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១ វិវាទដីធ្លីធំៗបានកើនឡើងខ្ពស់ និងមានលក្ខណៈធ្ងន់ធ្ងរ ដោយសារមានការប្រើអំពើហិង្សាវាយបង្ក្រាប ចាប់ខ្លួន ឃុំខ្លួន បាញ់ប្រហារ ធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ ដូចជាករណីវិវាទនៅស្រុកកណ្ដាលស្ទឹង នៃខេត្តកណ្ដាល រវាងក្រុមហ៊ុន OCIC ធ្វើអាកាសយានដ្ឋាន ខណៈករណីវិវាទនៅក្នុងស្រុកស្អាង នៃខេត្តកណ្ដាល ដដែលក៏មានសកម្មជនម្នាក់ស្លាប់ក្រោយពេលបញ្ជូនពីពន្ធនាគារដល់មន្ទីរពេទ្យ។
ចំណែកវិវាទដីធ្លីនៅខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី ជាដើម ក៏មានការបាញ់គំរាមកំហែង និងចាប់វាយខ្នោះប្រជាពលរដ្ឋម្ចាស់ដីដូចគ្នាដែរ។
របាយការណ៍ដដែលលើកឡើងថា ក្នុងឆ្នាំ២០២១ ពលរដ្ឋជាង ១ម៉ឺន ៧ពាន់គ្រួសារ (១៧០៣៣គ្រួសារ) ក្នុងនោះជនជាតិដើមភាគតិចជាង ១៣០០គ្រួសារ (១៣៤៧គ្រួសារ) បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លីដែលមានទំហំជាង ៥ម៉ឺន ២ពាន់ហិកតារ (៥២៦០១ហិកតារ)។ សមាគមអាដហុកបញ្ជាក់ទៀតថា ការរំលោភដីធ្លីរបស់ពលរដ្ឋដែលកំពុងលេចធ្លោជាងគេនាពេលកន្លងមក និងបច្ចុប្បន្ននេះ គឺមានជាប់ពាក់ព័ន្ធបុគ្គលមានអំណាច និងបុគ្គលអ្នកមានទ្រព្យ។
ទោះយ៉ាងណា សមាគមអាដហុក ស្នើរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការចាប់ឃុំខ្លួន ចោទប្រកាន់ពលរដ្ឋក្នុងរឿងវិវាទដីធ្លី ដោយចាត់ទុកសកម្មភាពទាំងអស់នេះថាកំពុងដើរផ្ទុយពីគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ក៏ដូចជាយន្តការសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងអនុសាសន៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងវិវាទដីធ្លីមួយចំនួន។
សមាគមអាដហុក បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ត្រូវបញ្ឈប់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធបង្ក្រាបអ្នកទាមទារដោយសន្តិវិធី ដើម្បីការពារភាគីក្រុមហ៊ុន បុគ្គលមានទ្រព្យ និងមានអំណាច។ ចំណែកឯក្រសួងពាក់ព័ន្ធ តុលាការ និងគណៈកម្មការដោះស្រាយវិវាទដីធ្លី ត្រូវពន្លឿន និងពង្រឹងការដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅកកស្ទះឱ្យឆាប់ចប់ មានតម្លាភាព យុត្តិធម៌ និងមិនលម្អៀង៕