37 C
Phnom Penh

អ្នក​ឃ្លាំមើល​ព្រមាន​ទម្លាយ​រឿង​សម្ងាត់​ក្រុមហ៊ុន NAGA រហូត​ទាល់តែ​លែង​ដំណើរការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ព្រមាន​ដោយ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍ (NAGA World) រយៈពេល ២​សប្ដាហ៍ ដើម្បី​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះ​រក​ដំណោះស្រាយ​ដោះលែង​កម្មករ​និយោជិត​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ព្រម​ទទួលយក​កម្មករ​ទាំងនោះ​ឱ្យ​ចូល​ធ្វើការ​វិញ​ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ទម្លាយ​រឿង​សម្ងាត់​របស់​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍​មួយ​នេះ​រហូត​ទាល់តែ​បិទ​ទ្វារ។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ទង្វើ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ពេលនេះ គឺ​កំពុង​ធ្វើបាប​ពលរដ្ឋ​ខ្មែរ និង​មើលងាយ​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​ថៅកែ​ក្រុមហ៊ុន​ល្បែងស៊ីសង​នេះ​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ​ទៅ​ហើយ​នោះ។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​រូប​នេះ​រិះគន់​ដោយ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ទៅលើ​អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ថា​ជា​មនុស្ស​ពិសពុល និង​ជា​មនុស្ស​ទុរយស​ឃោរឃៅ​ជាទីបំផុត ដែល​បាន​ចោទប្រកាន់​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង​បំពាន ថា​អ្នក​ទាំងនោះ​ធ្វើ​កូដកម្ម​ក្រោម​ផែនការ​បដិវត្តន៍​ពណ៌។

បណ្ឌិត សូ ណារ៉ូ ព្រមាន​ថា លោក ហេង សួ ជា​មនុស្ស​ពិកា​បេះដូង ព្រោះ​ថា​កម្មករ​និយោជិត​ដែល​កំពុង​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំងនោះ​មិនមែន​ជា​ការ​តវ៉ា​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ពួកគាត់​តវ៉ា​ដើម្បី​ទាមទារ​រក​យុត្តិធម៌ ដោយសារ​មាន​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ខាង​ក្រុមហ៊ុន​ល្បែងស៊ីសង​នេះ​តែប៉ុណ្ណោះ។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ

ការ​លើកឡើង​របស់​បណ្ឌិត សូ ណារ៉ូ គឺ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍​បាន​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រសួង​ការងារ និង​អាជ្ញាធរ​បែរ​ជា​នាំគ្នា​ជួយ​ការពារ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​លើ​កម្មករ​ទាំងនោះ​ថា​បាន​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ទៅវិញ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ជាង ១៣០០​នាក់ នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក ៣៦៥​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ ឱ្យ​ចូល​បម្រើ​ការងារ​វិញ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ចោទ​ថា​ពួកគេ​បាន​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌​ដែល​មាន​ការ​រៀបចំ និង​បណ្តុះបណ្តាល​ដោយ​ពួក​បរទេស។ ជាង​នេះ​ទៀត អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចោទប្រកាន់​លើ​កម្មករ​និយោជិត​ទាំងនោះ​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ​ថា ការ​តវ៉ា​របស់​កម្មករ​និយោជិត​ទាំងនោះ គឺជា​បច្ចេកទេស​មួយ​ដែល​រៀបចំ​ចលនា​បដិវត្តន៍​ពណ៌​តែប៉ុណ្ណោះ ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​ត្រូវ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យ៉ាង​ចាស់​ដៃ។

គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ មាន​រយៈពេល​ជិត ៤០​ថ្ងៃ​ហើយ​ដែល​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទាំង ៨​នាក់ ដូចជា កញ្ញា ឈឹម ស៊ីថរ ជាដើម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ បង្ក​ការ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ

យ៉ាងណាក៏ដោយ បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​បន្ត​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង ៥០​ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ប៉ុន្តែ​ពួកគេ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ណា​មួយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ក្រុមហ៊ុន​នៅឡើយ​ទេ។ តែ​ផ្ទុយទៅវិញ មាន​តែ​ការ​ចាប់​ឃុំ​ខ្លួន និង​ការ​រក​វិធី​រារាំង​ការ​សម្ដែង​មតិ​ដោយ​អហិង្សា​ពី​សំណាក់​អាជ្ញាធរ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា អាជ្ញាធរ​ទាំងនោះ​កំពុង​ព្យាយាម​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន ជាជាង​ការពារ​ផលប្រយោជន៍ និង​សិទ្ធិ​ការងារ​របស់​កម្មករ​យ៉ាង​ពិតប្រាកដ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព និង​ប្រតិភូ​បុគ្គលិក​ទាំងនេះ គឺ​ថៅកែ​ក្រុមហ៊ុន​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​អធិការកិច្ច​ការងារ​ដែល​តម្រូវ​ដោយ​ច្បាប់​នោះ​ទេ។ ទង្វើ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​បាន​បំពាន​ច្បាប់​ការងារ​មាត្រា​២៩៣ និង​ច្បាប់​ស្ដីពី​សហជីព​ត្រង់​មាត្រា​៤៣ និង​មាត្រា​៦៧ យ៉ាង​ធ្ងន់ធ្ងរ។

បណ្ឌិត សូ ណារ៉ូ ថ្លែង​ដែរ​ថា បុរស​ដើរ​បញ្ច្រាស​ទិស​លោក ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ជា​យកចិត្ត​ទុកដាក់​ជិតស្និទ្ធ​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​កន្លងមក គឺ​គ្រាន់តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត អ្នក​ដឹកនាំ​ផ្ដាច់ការ​រូប​នេះ​មិន​មាន​ឆន្ទៈ​លើកស្ទួយ​សិទ្ធិ​កម្មករ​ឡើយ គឺ​គាត់​ចង់​បាន​តែ​សន្លឹកឆ្នោត​ឲ្យ​គាត់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី មាន​អំណាច​បម្រើ​មហិច្ឆតា​គ្រួសារ​តែប៉ុណ្ណោះ។

ទោះ​យ៉ាងណា បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគត គួរតែ​ទាញ​យក​ប្រយោជន៍​ពី​ដំណោះស្រាយ​ករណី​ជម្លោះ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ ប្រសិនបើ​លោក​មាន​ភាព​ឆ្លាតវៃ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស