រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើទៅគ្រប់ភាគីទាំងអស់ត្រូវសហការគ្នាជួយទប់ស្កាត់ដើម្បីកុំឱ្យគ្រឿងញៀនបំផ្លាញសុខភាពសាធារណៈ និងសង្គមជាតិ ខណៈបញ្ហាគ្រឿងញៀនកំពុងវាយលុកធ្ងន់ធ្ងរនៅកម្ពុជា។
ក្នុងកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ប្រចាំឆ្នាំនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យអាជ្ញាធរបន្តខិតខំទប់ស្កាត់បទល្មើសគ្រឿងញៀនបន្ថែមទៀតដូចការទប់ស្កាត់ Covid-19 ប៉ុន្តែលោកថាបញ្ហា Covid-19 នឹងឈានដល់ទីបញ្ចប់ តែសម្រាប់បញ្ហាគ្រឿងញៀនវិញ គឺពិបាកនឹងឈានទៅដល់ទីបញ្ចប់ណាស់ ដោយសារតែបញ្ហានេះវាបានកើតឡើងសឹងតែគ្រប់ទិសទីទៅហើយនោះ។
លោក ស ខេង បង្ហាញក្ដីបារម្ភថា គ្រឿងញៀនកំពុងវាយលុក និងបំផ្លាញសុខភាពសាធារណៈ រួមទាំងសង្គមជាតិ ខណៈបច្ចុប្បន្ន ក្នុងចំណោមអ្នកជាប់ពន្ធនាគារ ៣ម៉ឺន ៨ពាន់នាក់ គឺមានជាង ២ម៉ឺននាក់ ឬស្មើនឹង ៥៤,៥២% ដែលបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។
ករណីនេះ លោកស្នើឱ្យបណ្តាសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល សហការគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន ដើម្បីជួយដោះស្រាយ និងការពារសង្គមជាតិ។ លើសពីនេះ លោកថាក្រសួងកំពុងរៀបចំឱ្យមានការស្ដារនីតិសម្បទា ដោយការបន្សាបគ្រឿងញៀនដើម្បីបន្ថយការចង្អៀតណែន ខណៈអ្នកជាប់ឃុំក្នុងពន្ធនាគារបច្ចុប្បន្នជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន មានទាំងអ្នកដែលរកស៊ី និងអ្នកជក់ផងដែរ។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ យល់ថា ការថ្លែងរបស់លោក ស ខេង អំពីបំណងចង់ដោះស្រាយវិបត្តិគ្រឿងញៀនដែលក្លាយជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរបច្ចុប្បន្ន និងការលើកទឹកចិត្តសមត្ថកិច្ច និងថ្នាក់ដឹកនាំខេត្តឱ្យចូលរួមដោះស្រាយនេះ លោកហាក់និយាយដោយប្រយ័ត្នប្រយែង។ លើសពីនេះ លោក ស ខេង ក៏មិនបង្ហាញពីស្មារតីរឹងប៉ឹងដូចមុនៗទេ ដែលទំនងជាមានការគំរាម ឬណែនាំពីផ្ទៃក្នុងរដ្ឋាភិបាល ដែលនាំឱ្យគាត់កែសេចក្ដីថ្លែងខ្លះ ស្ដាប់ទៅដូចជាជ្រាយជាងមុន។
លោក គឹម សុខ កត់សម្គាល់ថា លោក ស ខេង បង្ហាញការជឿជាក់ដោយបញ្ហាគ្រឿងញៀនអាចដោះស្រាយបាន ប៉ុន្តែលោកថ្លែងក្នុងសំឡេងថ្នមៗ។ ករណីនេះ បញ្ជាក់ថា លោកបានដឹងអំពីវិធីដោះស្រាយ ប៉ុន្តែលោកត្រូវថ្លែងថ្នមស្ថានការណ៍ ដោយសារតែគាត់ទំនងជាមិនមានអំណាចចាត់ការ ដោយសារកន្លងមក លោកបានបំភ្លឺស្ទើរតែគ្មានលាក់លៀមអំពីឥទ្ធិពលអំណាច និងខ្សែបណ្ដាញពួកមេឈ្មួញគ្រឿងញៀន ដែលសូម្បីមេដឹកនាំក្រសួងមហាផ្ទៃដូចរូបគាត់មិនហ៊ានលូកដៃចាត់វិធានការផងនោះ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញបញ្ជាផ្ទាល់មាត់ឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកអ្នកទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុនមួយ នាំចូលសារធាតុផ្សំជាគ្រឿងញៀនជាង ១០០តោនចូលមកកម្ពុជាដោយស្របច្បាប់។
លោក ស ខេង ក៏បានប្រាប់រដ្ឋមន្ត្រីនៅក្រសួងពាក់ព័ន្ធដែលផ្តល់អាជ្ញាប័ណ្ណនាំសារធាតុផលិតគ្រឿងញៀនចូលកម្ពុជា បើពុំដូច្នេះទេ រដ្ឋមន្ត្រីរូបនោះនឹងជាប់ជំពាក់នឹងការបំផ្លាញសុខភាពសាធារណៈ និងបំផ្លាញសេដ្ឋកិច្ចសង្គមថែមទៀត។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ថា ការនាំចូលសារធាតុគីមីផលិតគ្រឿងញៀនចូលកម្ពុជាបាន វាពាក់ព័ន្ធនឹងអំពើពុករលួយធ្ងន់ធ្ងរ ទើបជំរុញឱ្យប្រព័ន្ធចរាចរណ៍ និងជួញដូរ ឬចែកចាយបានទូលំទូលាយ និងលឿន ថ្វីត្បិតការបង្ក្រាប និងរឹបអូសបានច្រើនក៏ពិតមែន ប៉ុន្តែអ្នកប្រើប្រាស់ក៏មានច្រើនដែរបច្ចុប្បន្ននេះ។
លោកបន្តថា គ្រឿងញៀនមិនមែនប៉ះពាល់តែសុខភាពសាធារណៈ បំផ្លាញមនុស្សនៅក្នុងសង្គម បង្កើតឱ្យមានអំពើហិង្សា និងប្រជាពលរដ្ឋកាន់តែក្រីក្រទេ ប៉ុន្តែវាក៏មានឥទ្ធិពលលើនយោបាយ បើសិនអាជ្ញាធរមិនអាចទប់ស្កាត់បាននោះនៅពេលខាងមុខ ហើយឈ្មួញធំៗដែលជួញដូរគ្រឿងញៀននឹងមានឥទ្ធិពលលើអ្នកនយោបាយមិនខានឡើយ។
លោក សន ជ័យ បន្តថា បើសិនជាគ្រឿងញៀនមានឥទ្ធិពលលើអ្នកនយោបាយនោះ វានឹងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពនៃការបង្ក្រាបគ្រឿងញៀននឹងទន់ខ្សោយ។
បើតាមអាជ្ញាធរគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឱ្យដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀនកាលពីឆ្នាំ២០២១ សមត្ថកិច្ចចាប់ជនល្មើសជាង ១ម៉ឺន ២ពាន់នាក់ ក្នុងនោះអ្នកប្រើប្រាស់ ៣០% និងអ្នកប្រព្រឹត្តិបទល្មើសគ្រឿងញៀនដូចជា ជួញដូរ រក្សាទុក និងដាំដុះចំនួន ៧០% ខណៈគ្រឿងញៀនត្រូវបានសមត្ថកិច្ចរឹបអូសបានប្រហែលជា ៤តោនកន្លះ។ លើសពីនេះ ការបង្ក្រាបគ្រឿងញៀននៅឆ្នាំ២០២១ បានកើនឡើងប្រហែល ៣០% បើធៀបកាលពីឆ្នាំ២០២០។
កាលពីខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) បានចាត់ទុកប្រទេសកម្ពុជា គឺជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយ ក្រោយពីរកឃើញថា ការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមិនមានការថយចុះឡើយ បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺ Covid-19 ក្តី៕