លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

ច្បាប់

អ្នកវិភាគ​ថា​តុលាការ​ប្រទេស​បារាំង​គ្មាន​ឥទ្ធិពល​ចាប់​ខ្លួន​លោក ហ៊ុន សែន ឡើយ

By ឌឹ ខេមបូឌា ដេលី

February 11, 2022

អ្នកវិភាគ​នយោបាយ និង​ក្រុម​មេធាវី​បាន​លើកឡើង​ថា តុលាការ​ប្រទេស​បារាំង ពុំ​មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​ចាប់​ខ្លួន​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧ នោះ​ឡើយ ដោយសារតែ​លោក​នាយករដ្ឋមន្ត្រី​នៅ​មាន​អភ័យ​ឯកសិទ្ធិ។

បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​សង្គម និង​នយោបាយ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តុលាការ​ប្រទេស​បារាំង ពុំ​មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​ចាប់​​ខ្លួន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧ នោះ​ឡើយ។ លោក​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​នៅ​ក្នុង​តំណែង ដូច្នេះ​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅឡើយ។

ចំណែក​ឯ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តុលាការ​ប្រទេស​បារាំង​មិន​មាន​លទ្ធភាព​ណា​មួយ​ក្នុង​ការ​ចាប់​ខ្លួន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។ លោក​ថា ប្រសិនបើ​តុលាការ​ត្រូវការ​ចាប់​ខ្លួន​លោក ហ៊ុន សែន មែន លុះត្រាតែ​លោក​ត្រូវ​ឆ្លងកាត់ ឬ​ចូល​ក្នុង​ទឹកដី​នៃ​ប្រទេស​បារាំង។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ប្រទេស​បារាំង ក៏​តុលាការ​ពុំ​មាន​លទ្ធភាព​ចាប់​លោក​នាយករដ្ឋមន្ត្រី​ដែរ ព្រោះ​ប៉ូលិស​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​បាន​ភ្លាមៗ​ទេ គឺ​ត្រូវ​ឆ្លង​ច្បាប់​ប្រទេស​គេ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ បាន​សរសេរ​លើ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ថា តាម​សម្ដី Pierre-Olivier Sur ជា​មេធាវី​របស់​លោក​នៅ​ទីក្រុង​ប៉ារីស ដែល​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទៅ​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ AFP ថា​តុលាការ​បារាំង កំពុងតែ​ឈាន​ទៅ​ចាប់​ខ្លួន​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន យ៉ាង​ពិតប្រាកដ។

លោក​ថា បើ​លោក ហ៊ុន សែន មិន​មាន​អភ័យ​ឯកសិទ្ធិ​ការទូត​ទេ គាត់​នឹង​ចូល​ក្រចកសេះ​ជំនួស​អ្នក​ក្រោម​ឱវាទ​គាត់ គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង។

ទោះបីជា​លោក ហ៊ុន សែន មិនទាន់​បាន​ឡើង​តុលាការ​យ៉ាងណាក៏ដោយ ក៏​សាធារណមតិ​បាន​ដឹង​យ៉ាង​ច្បាស់​ថា គាត់​ជា​ជន​ឧក្រិដ្ឋ​រួច​ទៅ​ហើយ​បន្ទាប់ពី​សេចក្តី​សម្រេច​តុលាការ​បារាំង ថ្ងៃ​ទី​៣០ ខែ​ធ្នូ​២០២១ ឲ្យ​ចាប់​ខ្លួន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង យក​ទៅ​កាត់ទោស​ពី​បទ​ប៉ុនប៉ង​សម្លាប់​លោក សម រង្ស៊ី ក្នុង​ការ​គប់​គ្រាប់បែក​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

កាលពី​ជាង ២០​ឆ្នាំ​មុន លោក សម រង្ស៊ី និង​ភរិយា​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​នៅ​តុលាការ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​ប៉ុនប៉ង​សម្លាប់​លោក និង​ភរិយា គឺ​អ្នកស្រី ជូឡុង សូមូរ៉ា លោក ជា វិជ្ជា និង​មនុស្ស​ប្រមាណ ១០០​នាក់​ផ្សេង​ទៀត។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​មនុស្ស ២​នាក់ គឺ​មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​អតីត​មេបញ្ជាការ​រង​កង​អង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និង​សព្វថ្ងៃ​ជា​នាយក​រង​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ទទួល​បន្ទុក​ប្រចាំការ​អចិន្ត្រៃយ៍​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ពី​បទ «សមគំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស»។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តុលាការ​ប្រទេស​បារាំង មិន​អាច​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​បាន​ឡើយ ម្យ៉ាង​វិញ​ទៀត កម្ពុជា​មិនមែន​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​បារាំង នោះ​ទេ។ លោក​បន្ថែម​ថា លោក ហ៊ុន សែន ក៏​មិនមែន​ជា​ឧក្រិដ្ឋជន ហើយ​ថែមទាំង​ជា​មេដឹកនាំ​ដែល​កំពុង​កាន់​អំណាច​កើត​ចេញពី​ការ​បោះឆ្នោត មិន​មាន​ហេតុផល​ណា​មួយ​ដែល​តុលាការ​ប្រទេស​បារាំង ត្រូវ​ប្រើ​អំណាច​រំលោភ​លើ​កម្ពុជា ដែល​ផ្ទុយពី​ច្បាប់​អន្តរជាតិ​នោះ​ឡើយ។ លោក​ថា មាន​តែ​លោក សម រង្ស៊ី ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ប្រព្រឹត្តិ​បទល្មើស ហើយ​ព្យាយាម​ប្រើប្រាស់​វេទិកា​អន្តរជាតិ​ទម្លាក់​កំហុស​ប្រឆាំង​លោក ហ៊ុន សែន។

យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​អាមេរិក (FBI) បញ្ជាក់​ថា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​រៀបចំ និង​បញ្ជា​ផ្ទាល់​ក្នុង​ការ​គប់​គ្រាប់បែក​នោះ។ កាលពី​ឆ្នាំ​២០១៨ រតនាគារ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឲ្យ​លោក ហ៊ីង ប៊ុនហៀង ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក ព្រោះ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៃ​ការ​បោក​គ្រាប់បែក​លើ​ក្រុម​អ្នក​តវ៉ា​អហិង្សា កាលពី​ឆ្នាំ​១៩៩៧ និង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ជាច្រើន​រាប់​មិន​អស់​ទៀត៕