28 C
Phnom Penh

អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​អន្តរជាតិ​ថា​នៅ​ពេល គ.ជ.ប. មិន​ឯករាជ្យ លទ្ធផល​បោះឆ្នោត​ក៏​មិន​ឯករាជ្យ​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ បាន​លើកឡើង​ថា នៅ​ពេល​ដែល​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប. មិន​ឯករាជ្យ នោះ​លទ្ធផល​ដែល​ស្ថាប័ន​ជា​អាជ្ញាកណ្ដាល​មួយ​នេះ​បាន​ផ្សព្វផ្សាយ គឺជា​លទ្ធផល​ដែល​មិន​ប្រកប​ដោយ​ភាព​ឯករាជ្យ​ឡើយ។

និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ការ​សិក្សា​ផ្នែក​អន្តរជាតិ​នៃ​សកលវិទ្យាល័យ Queensland លោក ឈាត ស្រ៊ាង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា អ្វី​ដែល​គណបក្ស​កាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ចង់​បាន​នោះ គឺ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​មិន​ឯករាជ្យ ហើយ​ស្ថិតនៅ​ក្រោម​គំនាប​របស់​ខ្លួន ព្រោះ​វា​ជា​ផល​ចំណេញ​ខាង​នយោបាយ​យ៉ាង​ធំធេង​របស់​ពួកគេ។

អ្នក​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​អះអាង​ថា ដើម្បី​ចៀសវាង​បញ្ហា​ដដែលៗ​កើតឡើង​ក្រោយ​ការ​បោះឆ្នោត​បន្ត​ទៀត គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មើលឃើញ​នូវ​ភាព​មិន​ឯករាជ្យ​របស់​ស្ថាប័ន​នេះ ត្រូវតែ​នាំគ្នា​កែប្រែ​ច្បាប់​ដើម្បី​ទាញ​ស្ថាប័ន​អាជ្ញាកណ្ដាល​នេះ​ចេញពី​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​ឱ្យ​បាន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ដំណើរការ​នៃ​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មកដល់ ខណៈ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​គេ​ចោទ​ថា​មិនទាន់​មាន​ឯករាជភាព​នៅឡើយ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​បោះឆ្នោត​ដែល​មិន​ឯករាជ្យ​សព្វថ្ងៃ​នេះ លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​សម្លឹង​រក​មើល​គណបក្ស​នយោបាយ​ណា​ដែល​មាន​សមត្ថភាព និង​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការ​ដឹកនាំ និង​កែប្រែ​នូវ​ប្រព័ន្ធ​គាបសង្កត់​ដែល​អាច​ឱ្យ​ស្ថាប័ន គ.ជ.ប. ធានា​នូវ​ឯករាជភាព​របស់​ខ្លួន​ចំពោះ​ម្ចាស់​ឆ្នោត​ទៅ​ថ្ងៃ​មុខ។

លោក យ៉េង វីរៈ អះអាង​ថា ជាក់ស្តែង​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​នាំគ្នា​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​នោះ​ទេ ដើម្បី​ឱ្យ​គណបក្ស​នោះ​មាន​ឱកាស​ទៅ​កែប្រែ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​មាន​ឯករាជ្យ​ពិតប្រាកដ ប៉ុន្តែ​បើ​ម្ចាស់​ឆ្នោត​នាំគ្នា​អស់សង្ឃឹម ហើយ​មិន​ទៅ​ចូលរួម​បោះឆ្នោត​នោះ គឺ​មាន​ន័យ​ថា​ពួកគាត់​នៅតែ​បន្ត​ឱ្យ​ប្រព័ន្ធ​បែប​នេះ​ដំណើរការ​បន្ត​ទៀត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប. ត្រូវ​គេ​មើលឃើញ​ថា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ធ្វើជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​រាល់​អាណត្តិ​នៃ​ការ​បោះឆ្នោត​ម្តងៗ ព្រោះ​ថា​ទាំង​ប្រធាន គ.ជ.ប. អនុប្រធាន និង​អគ្គលេខាធិការ​នៃ​ស្ថាប័ន​នេះ​ជាដើម សុទ្ធសឹងតែ​ជា​សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់ ដូចជា​លោក ប្រាជ្ញ ចន្ទ ដែល​ត្រូវ​បក្ស​កាន់​អំណាច​ជ្រើស​ជា​ប្រធាន គ.ជ.ប. កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ​ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នីតិវិធី​ដែល​អាច​ធានា​បាន​នូវ​អព្យាក្រឹត​នៃ​ស្ថាប័ន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​បាន គឺ​ប្រធាន អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប. ត្រូវតែ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ជាដាច់ខាត។ លើស​ពី​នេះ អនុប្រធាន គ.ជ.ប. ត្រូវ​ជ្រើសតាំង​ដោយ​ព្រឹទ្ធសភា ហើយ​រដ្ឋសភា​មាន​សិទ្ធិ​ជ្រើសតាំង​សមាជិក គ.ជ.ប. ១​រូប និង​សមាជិក ១​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋាភិបាល។

ដោយឡែក​គណបក្ស​នយោបាយ​នីមួយៗ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា ត្រូវ​ជ្រើសតាំង​សមាជិក គ.ជ.ប. ១​រូប​ផង​ដែរ​ចេញពី​គណបក្ស​នយោបាយ​របស់​ខ្លួន ដើម្បី​បញ្ចូល​ទៅជា​សមាជិក​គណៈកម្មាធិការ​នេះ។ បើ​លក្ខខណ្ឌ​ទាំងនេះ​មិន​អាច​ជ្រើសរើស​សមាជិក គ.ជ.ប. ឲ្យ​គ្រប់​ចំនួន ៩​រូប​នោះ​ទេ នោះ​សមាសភាព​ដែល​នៅ​ទំនេរ ត្រូវ​តែងតាំង​បង្គ្រប់​ដោយ​ព្រះមហាក្សត្រ។

លោក គឹម សុខ បញ្ជាក់​ថា ករណី​នេះ រដ្ឋសភា និង​រដ្ឋាភិបាល​មិន​ត្រូវ​ជ្រៀតជ្រែក និង​ពុំ​មាន​សិទ្ធិ​ជំទាស់​ការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គ​ឡើយ។ លោក​បញ្ជាក់​ថា ករណី​មាន​គណបក្ស​តិច​ជាង ៥ នៅ​ក្នុង​សភា​ជាតិ វិធី​ជ្រើសតាំង​អាច​ប្រព្រឹត្ត​ទៅ​ដូច​ការ​លើកឡើង​ខាងលើ ប៉ុន្តែ​ក្នុង​ករណី​មាន​គណបក្ស​លើស​ពី ៥ ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា នោះ​សមាសភាព គ.ជ.ប. អាច​ធ្វើ​ការ​ពិចារណា​បន្ថែម​សមាជិក​របស់​ខ្លួន​យោង​តាម​ចំនួន​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា​ជាក់ស្តែង។ ប៉ុន្តែ បើ គ.ជ.ប. ត្រូវតែ​កំណត់​យក​សមាជិក ៩​រូប​ដដែល គឺ​ត្រូវ​ផ្តល់​អាទិភាព​ដល់​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា​តែ ៥ ប៉ុណ្ណោះ សម្រាប់​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​នេះ។

បើ​ទោះបីជា​គេ​មើលឃើញ​ថា គ.ជ.ប. មិនទាន់​ឯករាជ្យ​ក៏ដោយ ក្រសួង​មហាផ្ទៃ បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា គណបក្ស​នយោបាយ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ត្រឹមត្រូវ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នេះ មាន​ចំនួន​ជាង ៤០​គណបក្ស​ហើយ ខណៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជាកំហិត​ទៅ​ហើយ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស