38 C
Phnom Penh

លោក ហ៊ុន សែន អួត​អំពី​ការ​ស្វាគមន៍​របស់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ​អ្នកវិភាគ​ចាត់ទុក​ថា​គ្មាន​ន័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​អួត​អំពី​ការ​ស្វាគមន៍​ចំពោះ​បណ្តា​មេដឹកនាំ​ពិភពលោក​នានា ជាពិសេស​គឺ​ការ​ស្វាគមន៍​របស់​អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ម៉ៃក ភែន (Mike Pence) ដែល​ជា​អតីត​អនុប្រធានាធិបតី​ធ្លាប់តែ​លើកឡើង​ពី​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ពី​មូលដ្ឋាន​យោធា​មហាអំណាច​ចិន នៅ​តំបន់​កំពង់ផែ​រាម នៅ​កម្ពុជា​នា​ពេល​កន្លងមក។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នេះ​ថា ក្នុង​នាម​លោក​ជា​សហប្រធាន​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ លោក​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បណ្តា​មេដឹកនាំ​ពិភពលោក​នានា ក្នុង​នោះ​រួម​មាន​អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ម៉ៃក ភែន (Mike Pence) និង​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ជាដើម។

លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្ដីពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ស្វាគមន៍​មេដឹកនាំ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​សុក្រ ទី​១១ កុម្ភៈ ចុង​សប្តាហ៍​នេះ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​បង្ហាញ​រូបភាព​ដែល​លោក​បាន​ចាប់​ដៃ​ស្វាគមន៍​ជាមួយ​អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ម៉ៃក ភែន (Mike Pence) ផង​ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០១៨ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Mike Pence ធ្លាប់​បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ទៅ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដោយ​បង្ហាញ​អំពី​កង្វល់​ចម្បង​បំផុត​នៃ​មូលដ្ឋាន​យោធា​ចិន នៅ​កម្ពុជា និង​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ផ្តល់​មូលដ្ឋាន​តំបន់​រាម​ឱ្យ​កងទ័ព​ជើងទឹក​ចិន​ឈរ​ជើង​មែន​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ដោយ​ចៀស​មិន​ផុត​នោះ​ទេ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាន​ចេញ​មុខ​ច្រានចោល​ជាច្រើន​លើក​ច្រើនសា​អំពី​មូលដ្ឋាន​យោធា​ចិន​នៅ​តំបន់​រាម ខេត្ត​ព្រះសីហនុ និង​តំបន់​តារាសាគរ​នៃ​ខេត្ត​កោះកុង។ លោក ហ៊ុន សែន បាន​លើកឡើង​ថា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម និង​ជា​យុទ្ធនាការ​របស់​ក្រុម​ប្រទេស​លោក​ខាងលិច ដើម្បី​រក​លេស​មួលបង្កាច់ និង​ទម្លាក់​កំហុស​ដាក់​លើ​រដ្ឋាភិបាល​របស់​លោក​ប៉ុណ្ណោះ ប៉ុន្តែ​ទោះ​យ៉ាងណា រហូត​មក​ទល់​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា-អាមេរិក ក៏​នៅ​មិន​សូវ​ល្អ​នោះ​ដែរ។

ជុំវិញ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នេះ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ ក្រសួង​យុត្តិធម៌​អាមេរិក លាតត្រដាង​ជា​សាធារណៈ​នូវ​កិច្ចព្រមព្រៀង​សម្ងាត់​មួយ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១​ដុល្លារ​អាមេរិក ដែល​លោក ហ៊ុន សែន បាន​ចំណាយ​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ការ​ជួល​ក្រុមហ៊ុន​មេធាវី​អាមេរិក​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក​ឡើងវិញ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទោះ​ជា​លោក ហ៊ុន សែន ព្យាយាម​បង្ហាញ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាមេរិក​យ៉ាងណាក៏ដោយ ក៏​សភា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​កំពុងតែ​ត្រៀម​អនុម័ត​ច្បាប់​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ផ្ដាច់ការ​របស់​លោក​ជាបន្តបន្ទាប់ ដូចជា​ច្បាប់ Cambodia Democracy Act ឬ​ហៅ​កាត់​ថា H.R 4686 សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.3052 ជាដើម។

ជាង​នេះ​ទៀត ច្បាប់​ស្ដីពី​គណនេយ្យភាព​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣ ដែល​កំពុងតែ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ២​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ កាលពី​ពេល​ថ្មីៗ​នេះ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស