29.3 C
Phnom Penh

លោក កឹម សុខា៖ ការ​សិក្សា​លទ្ធិប្រជាធិបតេយ្យ​ពី​ប្រទេស​លោកសេរី​មិនមែន​ជា​អំពើ​ក្បត់​ជាតិ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា ការ​សិក្សា​ឈ្វេងយល់​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាមួយ​ប្រទេស​ជា​មិត្ត​កម្ពុជា នោះ​វា​មិនមែន​ជា​អំពើ​ក្បត់​ជាតិ ឬ​ការ​បង្ក​មហន្តរាយ​ដល់​ជាតិ និង​ពលរដ្ឋ​ឡើយ។

លោក កឹម សុខា បាន​បន្ត​សរសេរ​សារ និង​បង្ហាញ​រូបភាព​ស្អាតស្អំ​របស់​លោក ខណៈ​តុលាការ​ក្រុង​ភ្នំពេញ កំពុង​ដំណើរការ​សវនាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង «ក្បត់​ជាតិ» ដ៏​ចម្រូងចម្រាស។

លោក កឹម សុខា បាន​បង្ហាញ​សារ​លើ​បណ្ដាញ​សង្គម Facebook ដោយ​ភ្ជាប់​ជាមួយ​នឹង​រូបភាព បន្ទាប់ពី​ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​កាណាដា ប្រចាំ​បី​ប្រទេស គឺ​កម្ពុជា ថៃ និង​ឡាវ មាន​ស្ថានទូត​នៅ​ទីក្រុង​បាងកក អ្នកស្រី Sarah Taylor បាន​ទៅ​ជួប​សម្ដែង​ការ​គួរសម សួរ​សុខទុក្ខ និង​ពិភាក្សា​ការងារ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​សុក្រ ទី​១១ កុម្ភៈ នេះ។

លោក កឹម សុខា សរសេរ​នៅ​លើ​គណនី Facebook របស់​លោក​ថា ក្នុង​ជំនួប​នេះ លោកស្រី Sarah Taylor បាន​លើកឡើង​ថា ប្រទេស​កាណាដា បាន​ជួយ​កម្ពុជា​កន្លងមក​ក្នុង​ការ​ស្វែងរក​សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការ​អភិវឌ្ឍ ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​ទៀត ហើយ​ប្រទេស​កាណាដា នៅតែ​ចង់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​កាណាដា កំពុង​តាមដាន​អំពី​ស្ថានភាព​នានា​ក្នុង​ប្រទេស​កម្ពុជា និង​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​នយោបាយ​របស់​លោក។

លោក កឹម សុខា បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នកស្រី​ឯកអគ្គរាជទូត​ដែល​ទើប​តែ​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ ដើម្បី​បំពេញ​បេសកកម្ម​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថកិច្ច​នៅ​កម្ពុជា ហើយ​ដែល​បាន​ផ្តល់​កិត្តិយស​ដល់​លោក ដោយ​បាន​មក​ជួប​លោក​ផ្ទាល់​ដល់​គេហដ្ឋាន​នៅ​ពេលនេះ ហើយ​ចង់​ជួយ​កម្ពុជា​បន្ត​ទៀត។

កាណាដា គឺជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ជឿនលឿន​ដ៏​ធំ​មួយ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង និង​ជា​មិត្ត​របស់​កម្ពុជា​ដូចជា​សហភាព​អឺរ៉ុប អង់គ្លេស និង​សហរដ្ឋ​អាមេរិក​ផង​ដែរ ដែល​រហូត​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​ទទួល​បាន​ផលប្រយោជន៍​ពី​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនេះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​តាមរយៈ​ទីផ្សារ​ទំនិញ​ពី​ប្រទេស​កម្ពុជា។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​លើកឡើង​ថា ការ​សិក្សា​ឈ្វេយល់​អំពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬ​ការ​ទំនាក់ទំនង​ជាមួយ​មិត្ត​របស់​កម្ពុជា គឺ​មិនមែន​ជា​អំពើ​ក្បត់​ជាតិ ឬ​ការ​បង្ក​មហន្តរាយ​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​ឡើយ។ ផ្ទុយទៅវិញ គុណ​តម្លៃ​របស់​មនុស្ស​ដែល​មាន​កេរ្តិ៍ឈ្មោះ​សាយភាយ នាំ​ឱ្យ​ញាតិមិត្ត​ជិត​ឆ្ងាយ​គោរព​រាប់​អាន​ដោយសារ​ធ្វើ​អំពើ​ល្អ មាន​គោលជំហរ​ត្រឹមត្រូវ មាន​ភាព​ស្មោះត្រង់ មាន​ការ​លះបង់​អត់ធ្មត់ គឺជា​ការ​ចូលរួម​ចំណែក​ដែល​អាច​នាំ​មក​នូវ​សេចក្តី​សុខ សេចក្តី​ចម្រើន​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​អស់​រយៈពេល​ជាង ៤​ឆ្នាំ​មក​ហើយ គិត​ចាប់ពី​ថ្ងៃ​ដែល​កងកម្លាំង​រដ្ឋាភិបាល​ឆ្មក់​ចូល​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ថា​លោក​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ «ក្បត់​ជាតិ» ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ លោក កឹម សុខា នៅតែ​ស្អាតស្អំ ដោយ​តុលាការ​មិន​មាន​ភស្តុតាង​ណា​មួយ​ចោទប្រកាន់​លើ​រូប​គាត់​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស