32 C
Phnom Penh

តុលាការ​ប្រកាស​បន្ត​សំណុំរឿង​ឧកញ៉ា ឌួង ងៀប ក្រោយ​មាន​ការ​លាតត្រដាង​អំពើពុករលួយ​របស់​ចៅក្រម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​បន្ត​នីតិវិធី​សំណុំរឿង​ឧត្ដមសេនីយ៍​ផ្កាយ​៣ និង​ជា​ឧកញ៉ា គឺ​លោក ឌួង ងៀប ដោយ​សំអាង​ថា ដើម្បី​កុំ​ឱ្យ​ជន​ត្រូវ​ចោទ​ថា​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ការ​ចេញ​ប្រកាស​បន្ត​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​លោក ឌួង ងៀប បាន​ឡាយ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook ដោយ​លាតត្រដាង​ពី​អំពើពុករលួយ​របស់​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​សំណុំរឿង​ចោទប្រកាន់​លោក​ពី​បទ «ឆបោក​ជនជាតិ​តៃវ៉ាន់» និង​រឿង​ជម្លោះ​ក្នុង​គ្រួសារ​ផង​ដែរ។

បើ​តាម​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​រៀបរាប់​ថា លោក​សុខចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង ដោយសារតែ​គ្មាន​លុយ​ឱ្យ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត​ឡើយ។ ករណី​នេះ លោក ឌួង ងៀប បាន​អំពាវនាវ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ក្រោម​ហេតុផល​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ទេ។

ពីរ​ថ្ងៃ​ក្រោយ​បន្ទាប់ពី​ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប បាន​បង្ហោះ​លាតត្រដាង​អំពើពុករលួយ​នៅ​តុលាការ​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​លើកឡើង​ថា តុលាការ​នឹង​បន្ត​អនុវត្ត​តាម​នីតិវិធី​ជាធរមាន​ចំពោះ​ករណី​នេះ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ឡើយ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​តុលាការ​ដដែល​ថា ពាក់ព័ន្ធ​នឹង​ករណី​លោក ឌួង ងៀប លក់​ដី​មួយ​កន្លែង​ដែល​អ្នកទិញ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី ឈ្មោះ CHIH YU និង​ឈ្មោះ YAO CHING KING ដោយ​បាន​ប្រគល់​ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន​ជាង ៧​លាន​ដុល្លារ​រួចរាល់​ហើយ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំ​មាន​ដី​ប្រគល់​ឱ្យ​ម្ចាស់​លុយ​ឡើយ។ លើស​ពី​នេះ លុយ​ជាង ៥​លាន​ដុល្លារ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​យក​មក​តម្កល់​នោះ គឺ​ធ្វើ​តាម​ដីកា​សម្រេច​ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១។ ករណី​នេះ ជា​កាតព្វកិច្ច​ដែល​តម្រូវ​ឱ្យ​ជន​ត្រូវ​ចោទ​ដាក់​ប្រាក់​ធានា​មិន​ឃុំ​ខ្លួន​តែប៉ុណ្ណោះ។

ចំណែក​ឯ​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ដែល​អះអាង​ថា​ដៃគូ​ភាគហ៊ុន​រកស៊ី​ជាមួយ​លោក ឌួង ងៀប ក៏​បាន​ចេញ​បំភ្លឺ​ដោយ​លើកឡើង​ថា នៅ​ឆ្នាំ​២០១៧ ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ខ្លួន​បាន​មក​ស្រុក​ខ្មែរ​ដើម្បី​ចាប់​ដៃគូ​រកស៊ី​ជាមួយ​គ្នា ហើយ​ឆ្នាំ​២០១៩ ម្ចាស់​ភាគហ៊ុន​ក៏​បាន​មក​ចូល​សម្ពោធ​បុរី​ឧកញ៉ា ឌួង ងៀប ដែរ ប៉ុន្តែ​បែរជា​ថា​មិន​ស្គាល់​ខ្លួន​ដែល​ជា​ដៃគូ​ភាគហ៊ុន​ទៅវិញ។

ជនជាតិ​ចិន​តៃវ៉ាន់​រូប​នេះ​អះអាង​ថា ត្បិត​ឧកញ៉ា ឌួង ងៀប ចេញ​មូលប្បទានប័ត្រ​ឱ្យ​ខ្លួន​ពិតមែន ប៉ុន្តែ​មូលប្បទានប័ត្រ​នោះ​មិន​មាន​លុយ​ឡើយ។ លោក​ចាត់ទុក​ការ​លើកឡើង​របស់​ឧកញ៉ា ឌួង ងៀប មិន​បាន​ស្គាល់​ដៃគូ​រកស៊ី​របស់​ខ្លួន​នោះ មិនមែន​ជា​ការពិត។

បើ​តាម​វីដេអូ​ឃ្លីប​របស់​ឧកញ៉ា ឌួង ងៀប ទាំង​ពីរ​បាន​លើកឡើង​ថា ខ្លួន​មិន​មាន​ប្រាក់​ចំនួន ៥​លាន​ដុល្លារ​តម្កល់​នៅ​តុលាការ​តាម​ការ​បង្គាប់​របស់​ចៅក្រម ជា​ថ្នូរ​នឹង​មិន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ទៀត​ឡើយ ដោយសារ​ពេល​លោក​ចូល​ទៅ​តុលាការ​ម្ដង គឺ​ត្រូវ​យក​លុយ​ទៅ​ម្ដង ហើយ​ពេលនេះ​លោក​គ្មាន​លុយ​ឱ្យ​ទៀត​ទេ។

បើ​ទោះបីជា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​បន្ត​នីតិវិធី​សំណុំរឿង​ឧត្ដមសេនីយ៍​ផ្កាយ​៣ លោក ឌួង ងៀប ទៀត​ក៏​ពិតមែន ប៉ុន្តែ​តុលាការ​មិន​បាន​បដិសេធ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក ឌួង ងៀប ដែល​អះអាង​ថា​បាន​ចំណាយ​លុយ​ក្រៅ​ផ្លូវការ​ច្រើន ដើម្បី​ឱ្យ​ទៅ​មន្ត្រី​តុលាការ​រហូត​ដល់​ខ្លួន​អស់​លទ្ធភាព​នោះ​ឡើយ។

យ៉ាងណាក៏ដោយ ករណី​លោក ឌួង ងៀប លាតត្រដាង​ពី​ភាព​អយុត្តិធម៌​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា អំពើពុករលួយ​ចាក់ឫស​ជ្រៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​បាន​រងគ្រោះ​ធ្លាក់​ខ្លួន​អស់​ទ្រព្យ ដោយសារ​ល្បែង​ពុករលួយ​របស់​ចៅក្រម​នៅ​កម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស