សហរដ្ឋអាមេរិកប្រកាសបើកវេទិកាសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០២៣ ដោយមានគោលដៅពង្រឹងកម្លាំងវិនិយោគទុន និងពាណិជ្ជកម្មបើកចំហជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់ ដោយធានាឲ្យបានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
យោងតាមសេចក្ដីប្រកាសព័ត៌មាននៃការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Jen Psaki បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានមោទកភាពដែលធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅឆ្នាំ២០២៣។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ លោកប្រធានាធិបតី ចូ បៃដិន និងអនុប្រធានាធិបតី អ្នកស្រី កាម៉ាឡា ហារីស នឹងជាអធិបតីភាពសម្រាប់វេទិកា APEC នៅឆ្នាំក្រោយនេះ។
ជាមួយគ្នានេះ APEC នៅឆ្នាំ២០២៣ ផ្ដោតសំខាន់ទៅលើគោលដៅរបស់សហរដ្ឋអាមេរិកដែលពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនៃទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយសហរដ្ឋអាមេរិកថ្លែងអំណរគុណចំពោះសម្ព័ន្ធដៃគូ APEC ដែលគាំទ្រសហរដ្ឋអាមេរិកជាអ្នករៀបចំវេទិកាសេដ្ឋកិច្ចអន្តរជាតិនេះ។
ជាមួយគ្នានេះទៀត រដ្ឋការរបស់លោក ចូ បៃដិន ចាត់ទុកជាអាទិភាព គឺកម្លាំងសេដ្ឋកិច្ចនៃដៃគូសហប្រតិបត្តិការ APEC ដែលកំណត់អត្តសញ្ញាណរួមជាមួយគ្នាឆ្ពោះទៅគោលដៅសំដៅផ្ដល់ការរីកចម្រើនសម្រាប់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកពាណិជ្ជកម្ម Katherine Tai និងក្រុមការងារសហរដ្ឋអាមេរិកពេលនេះ កំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីពង្រីកពង្រឹងដៃគូទាំងអស់នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលជាគោលដៅនៃការចែករំលែកផលប្រយោជន៍បទពិសោធន៍ទៅថ្ងៃអនាគត ដែលក្នុងនោះរួមមានការសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម គំរូនៃស្តង់ដារសេដ្ឋកិច្ចឌីជីថល និងបណ្ដាញបច្ចេកទេស។
មួយវិញទៀត វេទិកា APEC នៅឆ្នាំ២០២៣ សំដៅកាត់បន្ថយឧស្ម័នកាបូនិច និងបោសសម្អាតបរិស្ថានអាក្រក់។ មិនតែប៉ុណ្ណោះទៀត រដ្ឋមន្ត្រីការបរទេស Antony Bliken ដែលខណៈនេះកំពុងស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាគោលដៅនៃដំណើរទស្សនកិច្ចពង្រឹងទំនាក់ទំនងការទូត ហើយបង្កើនការចែករំលែកនៃអាទិភាពទាំងឡាយរបស់សហរដ្ឋអាមេរិក។
សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់សហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលថៃ ដែលឆ្នាំ២០២២ នេះ គឺជាម្ចាស់ផ្ទះនៃអ្នករៀបចំវេទិកា APEC ហើយនៅឆ្នាំ២០២៤ គឺប្រទេសប៉េរ៉ូ ជាអ្នកបន្តរៀបចំ APEC បន្ទាប់ពីសហរដ្ឋអាមេរិក។ គ្រប់ដៃគូទាំងអស់នៃសម្ពន្ធភាព APEC គឺស្ថិតនៅលើរបៀបវារៈសម្រាប់ផលប្រយោជន៍នៃប្រទេសដៃគូទាំងអស់នេះ។
ជាមួយគ្នានេះ ពីដែនកោះតៃវ៉ាន់ឯណោះវិញ ក្រសួងការបរទេសដែនកោះនេះបានប្រកាសគាំទ្រចំពោះសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើបង្កើតនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ហៅកាត់ថា IPEF ដោយចាត់ទុកសំណើនេះថាជាការដោះដូរទស្សនៈគ្នាទៅវិញទៅមកជាមួយនឹងទីក្រុងវ៉ាស៊ីនតោន និងដៃគូសហប្រតិបត្តិការក្នុងតំបន់។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសដែនកោះតៃវ៉ាន់ ដែលថ្លែងដោយអ្នកនាំពាក្យ គឺអ្នកស្រី Joanne Ou បានបញ្ជាក់ថា សំណើរបស់សហរដ្ឋអាមេរិកពិតជាមានតម្លៃដែលដែនកោះតៃវ៉ាន់រីករាយនឹងចូលរួមផងដែរ ហើយវាដូចជាសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដូចនេះដែរ។
ក្រសួងការបរទេសតៃវ៉ាន់ សូមស្វាគមន៍ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដែលស្នើឲ្យបង្កើតនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកមួយនេះ ដោយចាត់ទុកថាជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយក្លាយជាបណ្ដាញទំនាក់ទំនងក្នុងគោលដៅពង្រឹងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគី ហើយជាគោលដៅនៃការលើកទឹកចិត្តកាន់តែរឹងមាំថែមទៀតនៃសមាហរណកម្មសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។
យោងតាមសារព័ត៌មានរបស់កោះតៃវ៉ាន់ សំណើរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីខែតុលា ឆ្នាំ២០២១ ដែលពេលនោះសហរដ្ឋអាមេរិកពង្រីកសម្ពន្ធភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឲ្យកាន់តែមានចំនួនច្រើន និងកាន់តែរឹងមាំ។
សូមជម្រាបថា ប្រទេសដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការឥណ្ឌូប៉ាស៊ីហ្វិកមាន ២១ប្រទេស គឺមានកោះតៃវ៉ាន់ តែពុំមានកម្ពុជា ឡាវ ភូមា ដែលជាសមាជិកនៃសមាគមអាស៊ាននោះទេ៕