30 C
Phnom Penh

បទវិភាគ៖ តើ​យុវជន​ខ្មែរ​គួរ​ចូលរួម និង​បន្ត​វេន​អ្នក​នយោបាយ​បែប​ណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម ជាពិសេស​ក្នុង​បញ្ហា​នយោបាយ គឺជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជាតិ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ជ្រើស​ក្រុម បក្ស ឬ​ប្រព័ន្ធ​នយោបាយ​ត្រូវ ទើប​ជា​រឿង​ល្អ និង​មាន​ប្រយោជន៍​ពិតប្រាកដ​ដល់​ជាតិ។

ផ្ទុយទៅវិញ ប្រសិនបើ​យុវជន​ជ្រើសរើស​ចូលរួម​ជាមួយ​ក្រុម បក្ស ឬ​មេដឹកនាំ​ហិង្សា ឬ​លាប​ពណ៌ លទ្ធផល​ដែល​ពួកគេ​ផ្តល់​ជូន​សង្គម​វិញ​ក៏​ដូច្នោះ​ដែរ។ ជាក់ស្តែង ក្រុម​យុវជន​ដែល​ចូលរួម​ជាមួយ​លោក ហ៊ុន សែន ឬ​គណបក្ស​របស់​គាត់ លទ្ធផល​ដែល​ពួកគាត់​ផ្តល់​ជូន​ជាតិ​ខ្មែរ​វិញ គឺ​របប​ផ្ដាច់ការ អំពើ​ហិង្សា ភាព​ក្រីក្រ និង​សេវា​សាធារណៈ​ដូចជា មន្ទីរពេទ្យ និង​ប្រព័ន្ធ​អប់រំ​គ្មាន​គុណភាព។

យុវជន​គឺជា​សសរ​ទ្រូង​ប្រទេស​ជាតិ! យុវជន​គឺជា​ទំពាំង​ស្នង​ឫស្សី!។ល។ ទាំងនេះ​គឺជា​ពាក្យពេចន៍​ដែល​យុវជន​តែងតែ​ឮ​ពី​អ្នក​នយោបាយ ពី​គ្រូបង្រៀន និង​អ្នក​អប់រំ​ផ្សេងៗ​ទៀត។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​តែងតែ​ឮ​សំឡេង​ពី​ខាង​យុវជន​វិញ​ដែរ​ថា យុវជន​ជា​ម្ចាស់​អនាគត​ប្រទេស​ជាតិ ឬ​យុវជន​ជា​អ្នក​បន្ត​វេន​ពី​មនុស្ស​ចាស់។

ជា​ការពិត ទស្សនៈ​ខាងលើ​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ។ តែ​គេ​មាន​សំណួរ​ជាច្រើន​ទាក់ទិន​នឹង​ទស្សនៈ​ទាំងនេះ ដូចជា៖

  • តើ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​អ្វី និង​ផ្តល់​អ្វី​ជូន​យុវជន​ដើម្បី​ពួកគេ​ក្លាយ​ជា​ទំពាំង​ល្អ និង​ជា​សសរ​ទ្រូង​រឹងមាំ​សម្រាប់​ប្រទេស​ជាតិ?
  • តើ​អ្នក​នយោបាយ​គួរតែ​ធ្វើ​គំរូ និង​ផ្តល់​ឱកាស​បែប​ណា​ដល់​យុវជន?
  • តើ​គ្រូបង្រៀន និង​អ្នក​អប់រំ​ផ្សេងៗ ត្រូវការ​អ្វី​ខ្លះ និង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យុវជន?
  • តើ​យុវជន​ត្រូវការ​អ្វី រៀន​អ្វី ធ្វើ​អ្វី និង​រៀបចំ​ខ្លួន​បែប​ណា ដើម្បី​ក្លាយ​ជា​ទំពាំង​ល្អ និង​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ?

សំណួរ​ទាំងនេះ គឺជា​ប្រធានបទ​ដែល​ត្រូវ​ធ្វើ​ការ​សិក្សា និង​ពិភាក្សា​ច្រើន​ជាមួយ​ភាគី​ពាក់ព័ន្ធ ប៉ុន្តែ​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា គេ​ឃើញ​មេដឹកនាំ​នយោបាយ សកម្មជន​នយោបាយ អ្នកវិភាគ និង​បញ្ញវន្ត​មួយ​ចំនួន កំពុង​បញ្ចេញ​វោហារសាស្ត្រ​ទាក់ទាញ​យុវជន​យ៉ាង​អឺងកង​រំពង​ក្នុង​ការ​ចូលរួម​នយោបាយ?

ជា​ការពិត ការ​លើក​ទឹកចិត្ត និង​ជំរុញ​យុវជន​ឱ្យ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ គឺជា​រឿង​ល្អ និង​ត្រឹមត្រូវ ប៉ុន្តែ​តើ​អ្វី​ដែល​ពួកគេ​លើកឡើង​នោះ​ជា​ចេតនា​ល្អ​ពិតប្រាកដ​ដែរ​ឬ​ទេ?

យុវជន​គណបក្ស​ប្រជាជន​កម្ពុជា

ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចាកចេញ​ទៅ​បើក​គណបក្ស​ថ្មី​នោះ សុទ្ធតែ​បាន​ប្រកាស​ថា ពួកគេ​ជា​ឈាម​ថ្មី​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ និង​បង្កើត​គណបក្ស​ថ្មី​ដើម្បី​យុវជន​ជំនាន់​ក្រោយ។ ប៉ុន្តែ​ក្រុម​អ្នក​ឈាម​ថ្មី ឬ​អ្នក​បន្ត​វេន​ដែល​អ្នក​ខ្លះ​មាន​វ័យ​ជាង ៥០ ឬ ៧០​ឆ្នាំ​នោះ សុទ្ធតែ​កំពុង​ធ្វើជា​ប្រធាន​គណបក្ស​ដែល​ខ្លួន​គាត់​អះអាង​ថា​បង្កើត​ដើម្បី​យុវជន​ជំនាន់​ក្រោយ។

ចរន្ត​នៃ​ការ​ផាត់ចោល​អ្នក​នយោបាយ​ជើងចាស់​ជំនួស​ដោយ​អ្នក​នយោបាយ​ជើងថ្មី កំពុងតែ​មាន​សន្ទុះ​កើន​ឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​តែងតាំង​កូនច្បង​របស់​គាត់​ឱ្យ​ត្រៀម​ស្នង​តំណែង។

អ្នកវិភាគ​ខ្លះ​សម្ដែង​ការ​បារម្ភ​ចំពោះ​អ្នក​នយោបាយ​ក្នុង​ក្រុម​ប្រឆាំង និង​បញ្ញវន្ត​ខ្លះ​កំពុង​រត់​តាម​អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន។ លោក ហ៊ុន សែន បាន​ព្យាយាម​កម្ចាត់​គូប្រកួត​នយោបាយ​ខ្លាំងៗ​របស់​គាត់​ឱ្យ​ស្ថិតនៅ​ក្រៅ​សង្វៀន​ប្រកួត និង​អូសទាញ​អ្នក​នយោបាយ​ថ្មីៗ ឬ​របាយ​លំៗ​ដើម្បី​កំដរ​ឆាក​របស់​គាត់។ ជាក់ស្តែង លោក ហ៊ុន សែន កម្ចាត់​លោក សម រង្ស៊ី ឱ្យ​នៅ​ក្រៅ​ឆាក​នយោបាយ និង​បាន​ឃុំ​ខ្លួន​លោក កឹម សុខា មិន​ឱ្យ​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ។

ស្រប​គ្នា​នឹង​លោក ហ៊ុន សែន អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន បាន​បោះបង់​ចោល​គណបក្ស និង​ប្រធាន​របស់​ខ្លួន​ដែល​កំពុង​ជាប់​បម្រាម​នយោបាយ ទៅ​សុំ​សិទ្ធិ​បង្កើត​បក្ស​ថ្មី​ក្រោម​លេស​ធ្វើ​ដំណើរ​ទៅ​មុខ ឬ​ដើម្បី​យុវជន​ជំនាន់​ក្រោយ ឬ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី និង​បង្កើត​ចលនា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ជាមួយ​គ្នា​នេះ ក្រុម​លោក សម រង្ស៊ី ក៏​បាន​ដើរ​តាម​គន្លង​ដូចគ្នា​ដែរ ដោយ​បាន​ប្រមែប្រមូល​គ្នា​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា វិល​ទៅ​ចូលរួម​ក្នុង​គណបក្ស​ភ្លើង​ទៀន​វិញ។

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង

លោក ប៉ា ងួនទៀង ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk ថា គេ​មិន​ត្រូវ​ផ្តល់​តម្លៃ​អ្នក​នយោបាយ​ដោយ​ផ្អែកលើ​អាយុ​នោះ​ទេ។ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​មាន​អាយុ​ជាង ៧០​ឆ្នាំ​នោះ តែ​បាន​កសាង​ប្រជាធិបតេយ្យ និង​បម្រើ​ជាតិ​គេ​ល្អ​ជាង​មេដឹកនាំ​កូរ៉េ​ខាងជើង ដែល​មាន​អាយុ​ជាង ៣០​ឆ្នាំ​ប៉ុណ្ណោះ។

មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុនអ៊ុន មិនមែន​គ្រាន់តែ​មិន​បាន​បម្រើ​ប្រជាពលរដ្ឋ​ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្លាប់ និង​ធ្វើ​ទារុណកម្ម​ជនជាតិ​ឯង​យ៉ាង​ឃោរឃៅ​ទៀត​ផង។ បើ​តាម​លោក ប៉ា ងួនទៀង តម្លៃ​របស់​អ្នក​នយោបាយ គឺ​ស្ថិត​លើ​គុណសម្បត្តិ មែន​មែន​ស្ថិត​លើ​អាយុ ឬ​ជើងចាស់ ឬ​ជើងថ្មី​អ្វី​ឡើយ។

តាម​ច្បាប់​ធម្មជាតិ មនុស្ស​កើត ចាស់ ឈឺ ស្លាប់។ ដូច្នេះ យុវជន​បន្ត​វេន​មនុស្ស​ចាស់ ឬ​មនុស្ស​ជំនាន់​ក្រោយ​បន្ត​វេន​មនុស្ស​ជំនាន់​មុន គឺជា​រឿង​ចាំបាច់។ ប៉ុន្តែ​តើ​យុវជន ឬ​មនុស្ស​ជំនាន់​ក្រោយ​ចាំបាច់​ត្រូវ​រង់ចាំ​ទទួល​តែ​ការ​ផ្ទេរ​មរតក​ពី​អ្នក​នយោបាយ​ជើងចាស់ ឬ​យ៉ាង​ណា? ការពិត តម្លៃ​របស់​មនុស្ស គឺជា​ការ​កសាង​គុណសម្បត្តិ​ចំពោះ​សង្គម​ជាតិ​ក្នុង​កម្រិត​ណា​មួយ​ដែល​មាន​ការ​ទទួលស្គាល់ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ឧទាហរណ៍ បណ្ឌិត កែម ឡី បាន​កសាង​គុណសម្បត្តិ​ចំពោះ​ជាតិ​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ការ​ផ្ទេរ​មរតក​ពី​ឥស្សរជន​ណា​ម្នាក់​ឡើយ។ គុណសម្បត្តិ​បម្រើ​ជាតិ​ដ៏​មោះមុត​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​គោរព​ស្រឡាញ់ និង​គាំទ្រ​យ៉ាង​ច្រើន​កុះករ។ ដូច្នេះ ទស្សនៈ​ដែល​មនុស្ស​ចាស់​ត្រូវ​ផ្ទេរ​ឱ្យ​ក្មេង ឬ​ក្មេង​ត្រូវ​ទទួល​មរតក​ពី​មនុស្ស​ចាស់ ហាក់ដូចជា​ទស្សនៈ​អន់ថយ​ដោយ​មិន​ផ្តល់​តម្លៃ​លើ​គុណសម្បត្តិ​នៃ​ស្នាដៃ​ចំពោះ​ជាតិ​ឡើយ។

រូបថត​បណ្ឌិត កែម ឡី

បើ​គេ​ពិនិត្យ​មើល​អំពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ផ្ទេរ​តំណែង​ឱ្យ​យុវជន​ដូច​គាត់​ដែរ​នោះ តើ​គាត់​ពិតជា​មាន​ចេតនា​គិតគូរ​ដល់​យុវជន​ពិតប្រាកដ​ឬ​យ៉ាង​ណា?

លោក ហ៊ុន សែន ប្រើ​ល្បិច​ផង សំឡុត​ផង និង​គំរាម​ផង​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​គាត់ ដើម្បី​បាន​តែងតាំង​លោក ហ៊ុន ម៉ាណែត នោះ ក៏​ព្រោះ​តែ​យុវជន ម៉ាណែត ជា​កូន​របស់​គាត់។ សំណួរ​សួរ​ថា តើ​លោក ហ៊ុន សែន ប្រឹងប្រែង​បែប​នេះ​ទេ ប្រសិនបើ​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​កូន​របស់​គាត់​នោះ? ឬ​ថា តើ​គេ​ដែល​ឃើញ​លោក ហ៊ុន សែន បាន​ប្រឹងប្រែង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យុវជន​ខ្មែរ​ក្នុង​នាម​គាត់​ជា​មេដឹកនាំ​ប្រទេស និង​ចាយ​លុយ​ជាតិ​អស់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នោះ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ គេ​អាច​ពិនិត្យ​មើល​ឥរិយាបថ និង​សកម្មភាព​របស់​លោក ហ៊ុន សែន កន្លងមក។

ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន មេដឹកនាំ​របស់​គេ​មាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​យុវជន ដោយ​បង្កើត​កម្មវិធី​នយោបាយ​ផ្សេងៗ និង​ពង្រឹង​គុណភាព​វិស័យ​អប់រំ​សម្រាប់​យុវជន​របស់​គេ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ស្រដៀង​គ្នា​នឹង​ប្រទេស​ទាំងនោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​គោល​នយោបាយ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៣ និង ២០១៧ ស្តី​អំពី​ការ​ពង្រឹង​គុណភាព​អប់រំ ការ​បង្កើត​ការងារ និង​ការ​ផ្តល់​ឱកាស​ដល់​យុវជន​គ្រប់ៗ​គ្នា។

ឧទាហរណ៍ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ដាក់​លុយ​ជាតិ​យ៉ាងតិច ១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឲ្យ​យុវជន​ខ្មែរ​ខ្ចី​យក​ទៅ​បង់ថ្លៃ​សិក្សា​រៀនសូត្រ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​សម្រេច​ដាក់​លុយ​ឱ្យ​ថ្នាក់​ឃុំ ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ពង្រឹង​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន និង​បង្កើត​ការងារ​ដល់​យុវជន។

ប៉ុន្តែ​បើ​គេ​ងាក​មក​មើល​របប​លោក ហ៊ុន សែន វិញ យុវជន​ខ្មែរ​ពុំ​មាន​ជម្រើស​ណា​ក្រៅតែ​ពី​ការ​ទទួលយក​ការ​សិក្សា​ក្នុង​ប្រព័ន្ធ​អប់រំ​ដ៏​ទន់ខ្សោយ និង​ជា​ប្រព័ន្ធ​មួយ​ដែល​កូនចៅ​របស់​លោក ហ៊ុន សែន និង​បក្សពួក​គាត់​មិន​ដែល​ទទួលយក។

ឧទាហរណ៍ កូន​របស់​លោក ហ៊ុន សែន ទាំងអស់​សុទ្ធតែ​បញ្ជូន​ទៅ​រៀន​នៅ​បរទេស ជាពិសេស​ប្រទេស​សេរី មិន​ដែល​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​កុម្មុយនីស្ត ឬ​សង្គម​និយម​នោះ​ឡើយ។ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​ខ្មែរ​ឱ្យ​បាន​ចូល​រៀន​នៅ​តាម​មហាវិទ្យាល័យ​ឯកជន​នានា​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​នោះ គឺ​ដើម្បី​តែ​ផលប្រយោជន៍​នយោបាយ​របស់​គាត់ និង​បក្សពួក​តែប៉ុណ្ណោះ។

យុវជន​ដែល​ទទួល​បាន​អាហារូបករណ៍​ទាំងនោះ ភាគច្រើន​លើសលប់​ត្រូវតែ​ដឹង​គុណ​លោក គ្រប់គ្រង ត្រួតពិនិត្យ​ដោយ​បក្ស​របស់​លោក​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស និង​ត្រូវតែ​ចូល​ជា​សមាជិក ឬ​បម្រើ​គណបក្ស​កុម្មុយនីស្ត​របស់​គាត់។ ម្យ៉ាង​ទៀត អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ គឺ​មិនមែន​ជា​គោល​នយោបាយ​របស់​ជាតិ​ដែល​រដ្ឋាភិបាល​ត្រូវ​កំណត់​លុយ​ជាតិ​ជាក់លាក់​នោះ​ទេ ហើយ​យុវជន​ដែល​ទទួល​អាហារូបករណ៍​នោះ ពុំ​មាន​លទ្ធភាព​រើស​សាលា​ដែល​មាន​គុណភាព។

សរុប​មក គេ​ហាក់ដូចជា​មើល​មិន​ឃើញ​សោះ​អំពី​ការ​គិតគូរ​ជា​ប្រព័ន្ធ​ចំពោះ​អនាគត​យុវជន​ខ្មែរ​ពី​សំណាក់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ប្រមាណ​ជិត ៤០​ឆ្នាំ​មក​នេះ។

យោង​តាម​សេចក្តី​រាយការណ៍​ភ្នាក់ងារ UNDP ដែល​ដកស្រង់​ផ្សាយ​ដោយ​អង្គការ Pact កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ពលរដ្ឋ​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ក្រោម ៣០​ឆ្នាំ​មាន​ចំនួន​រហូត​ដល់ ៦៥% ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។ ផ្អែកលើ​តួលេខ​នេះ គេ​អាច​ឃើញ​ចំនួន​យុវជន និង​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី គឺជា​ចំនួន​ភាគច្រើន​ដែល​របប​លោក ហ៊ុន សែន ត្រូវ​ទទួល​ខុសត្រូវ​ឱ្យ​ពួកគេ​ក្លាយ​ជា​ទំពាំង​ល្អ និង​រឹងមាំ​សម្រាប់​ប្រទេស​ជាតិ។

ប៉ុន្តែ​បើ​គេ​មើល​សេចក្តី​រាយការណ៍​ពី​អង្គការ​សហប្រជាជាតិ​ដែល​ថ្លែង​ដោយ​អ្នកស្រី Pauline Tamesis អ្នក​សម្របសម្រួល​ពី​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ ៣៤% នៃ​យុវជន​ខ្មែរ​មាន​អាយុ​ពី ១៥ ដល់ ១៩​ឆ្នាំ និង ៧១% នៃ​យុវជន​មាន​អាយុ​ចាប់ពី ២០ ដល់ ២៤​ឆ្នាំ ពុំ​ទទួល​បាន​ការ​អប់រំ​ត្រឹមត្រូវ​ឡើយ។ ស្រដៀង​គ្នា​នេះ ធនាគារ​ពិភពលោក​បាន​បង្ហាញ​សេចក្តី​រាយការណ៍​ឆ្នាំ​២០១៩ និង ២០២០ ថា ថ្វីបើ​អត្រា​សិស្ស​ដែល​បាន​រៀន​ចប់​កម្រិត​បឋមសិក្សា​មាន ៩៧% តែ​អត្រា​រៀន​ចប់​មធ្យមសិក្សា​ចំណេះ​ទូទៅ​មាន​តែ ៤៥% ប៉ុណ្ណោះ។

ក្រុម​សិស្ស​ដែល​ទទួល​​បាន​​និទ្ទេស​ A នៅក្នុង​ការ​ប្រឡង​​មធ្យមសិក្សា​ទុតិយភូមិ​ ស្ដាប់​​ប្រសាសន៍​​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​​ពិធី​ប្រគល់រង្វាន់​នៅ​វិមាន​សន្តិភាព​​ ក្នុងរាជធានី​ភ្នំពេញ។ (រូបថត​ឯកសារ)

តើ​នេះ​ឬ​ជា​វិធី​ដែល​លោក ហ៊ុន សែន លើកស្ទួយ​យុវជន ឬ​បណ្តុះបណ្តាល​ទំពាំង​ស្នង​ឫស្សី?

លើស​ពី​នេះ​ទៀត ពលករ​ខ្មែរ​ដែល​ស្ថិត​ក្នុង​អាយុ​យុវវ័យ​ប្រមាណ​ជាង ២​លាន​នាក់ បាន​ចាកចោល​គ្រួសារ​ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​តាម​ប្រទេស​នានា ព្រោះ​តែ​របប​លោក ហ៊ុន សែន គ្មាន​លទ្ធភាព​បង្កើត​ការងារ​ឱ្យ​ពួកគេ។ ក្រៅតែ​ពី​គ្មាន​លទ្ធភាព​ជួយ​ឱ្យ​យុវជន​ខ្មែរ​ទទួល​បាន​ការ​អប់រំ​ត្រឹមត្រូវ និង​ការងារ​ធ្វើ​ក្នុង​ស្រុក របប​លោក ហ៊ុន សែន ក៏​បាន​រារាំង​យុវជន​ខ្មែរ​មិន​ឱ្យ​មាន​ឱកាស​ចូលរួម​កិច្ចការ​សង្គម ឬ​នយោបាយ​ដ៏​ទូលំទូលាយ​ឡើយ។ យុវជន​ណា​ដែល​ហ៊ាន​បញ្ចេញមតិ​លើ​បញ្ហា​នយោបាយ បញ្ហា​សង្គម ឬ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ទទួល​ការ​គំរាមកំហែង និង​ចាប់​ខ្លួន​ជាបន្តបន្ទាប់។ ដូច​គ្នា​ដែរ សាលារៀន និង​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស បាន​រឹតត្បិត​លើ​ការ​ពិភាក្សា​អំពី​បញ្ហា​នយោបាយ និង​សង្គម។

ជា​សក្ខីភាព សារព័ត៌មាន​អាស៊ីសេរី (RFA) បាន​ចុះផ្សាយ​កាលពី​ខែ​មីនា ឆ្នាំ​២០១២ ថា សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ហាម​និស្សិត​មិន​ឱ្យ​សរសេរ​និក្ខេបបទ​អំពី​រឿង​បញ្ហា​ការងារ និង​បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា។ ដូច​គ្នា​នេះ​ដែរ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ វិទ្យុ​បារាំង​អន្តរជាតិ (RFI) បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ គឺ​លោក ហង់ ជួន ណារ៉ុន ដែល​ថ្លែង​ថា សិស្ស​និស្សិត​មិន​អនុញ្ញាត​ឲ្យ​ពិភាក្សា​រឿង​នយោបាយ​ក្នុង​សាលារៀន​ឡើយ។ ការ​រឹតត្បិត​ទាំងនេះ គឺជា​ការ​រារាំង​ការ​រីក​លូតលាស់​ផ្នែក​គំនិត​យុវជន​ខ្មែរ។

បើ​គេ​ពិនិត្យ​មើល​សេចក្តី​រាយការណ៍​ទាំងឡាយ​ដូច​បាន​លើកឡើង​រៀង​មក​នេះ របប​លោក ហ៊ុន សែន ពុំ​បាន​រៀបចំ​ប្រព័ន្ធ​អ្វី​ទេ​ក្នុង​ការ​ជួយ​លើកស្ទួយ​យុវជន។ ផ្ទុយទៅវិញ របប​នេះ​មាន​តែ​បង្កើត​ប្រព័ន្ធ​គាបសង្កត់ និង​បំផ្លាញ​ភាព​លូតលាស់​នៃ​គំនិត និង​អនាគត​យុវជន​ខ្មែរ។ លើស​ពី​នេះ លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ដែល​មាន​អត្តចរិត​ហិង្សា​ឃោរឃៅ ពូកែ​សំឡុត គំរាមកំហែង បំបែកបំបាក់​ជាតិ លាប​ពណ៌ ចោទ និង​ចាប់​ចង កាត់ទោស​ដាក់​គុក។ល។

បើ​អ៊ីចឹង តើ​គាត់​ចង់​ឱ្យ​យុវជន​ក្លាយ​ជា​អ្នក​បន្ត​វេន​យ៉ាង​ម៉េច? តើ​គាត់​មាន​អ្វី​ជា​ភាព​គំរូ​ល្អ​ដើម្បី​ផ្ទេរ​ជូន​យុវជន ក្រៅតែ​ពី​អត្តុក្កង្សនកថា ឬ​សម្ដី​លើក​តម្កើង​តែ​ខ្លួនឯង​នោះ? ឬ​ក៏​គាត់​ចង់​ឃើញ​យុវជន​បន្ត​វេន​តាម​គន្លង​បំផ្លាញ​ជាតិ និង​សេចក្តី​សុខ​របស់​ពលរដ្ឋ​ខ្មែរ​ដូច​រូប​គាត់?

ជា​ការពិត លោក ហ៊ុន សែន មាន​ចេតនា​ពិត​តែ​កសាង​កូន​របស់​គាត់​ឲ្យ​ស្នង​តំណែង​ជំនួស​គាត់ និង​ផ្តល់​ឱកាស​ឱ្យ​តែ​កូនចៅ​របស់​ត្រកូល ហ៊ុន និង​បក្សពួក​គាត់​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ក្នុង​សង្គម ដើម្បី​បន្ត​បេសកកម្ម​កិបកេង​លុយ​រដ្ឋ និង​បំផ្លាញ​ជាតិ​តែប៉ុណ្ណោះ។ តួយ៉ាង​កូន​របស់​គាត់ កូន​លោក ទៀ បាញ់ កូន​លោក សាយ ឈុំ កូន​លោក ឱម យ៉ិនទៀង។ល។ សុទ្ធតែ​កាន់​តំណែង​សំខាន់​ក្នុង​របប​គាត់។ ជាមួយ​គ្នា​នេះ ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​បញ្ញវន្ត​ខ្លះ​កំពុង​អំពាវនាវ​ឱ្យ​យុវជន​បន្ត​វេន ឬ​ចូលរួម​ក្នុង​ឆាក​នយោបាយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ស្ដាំ) និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

សំណួរ​សួរ​ថា តើ​ពួកគេ​ចង់​ឃើញ​យុវជន​បន្ត​វេន​ក្នុង​រូបភាព​បែប​ណា? ក្នុង​រូបភាព​ហិង្សា លាប​ពណ៌ ឬ​បំបែកបំបាក់​ជាតិ? បើ​ចូលរួម​ក្នុង​ឆាក​នយោបាយ តើ​ចូលរួម​ក្នុង​ប្រព័ន្ធ​បែប​ណា? តើ​គួរ​ចូលរួម​ក្នុង​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​គេ​អាច​ចាប់ និង​រំលាយ​ស្រេចតែចិត្ត​ឬ​យ៉ាង​ណា?

ជាក់ស្តែង ពេល​ក្រុម​ខ្មែរក្រហម​ឡើង​កាន់​អំណាច កម្មាភិបាល​នៃ​ក្រុម​នេះ​បាន​ទាក់ទាញ​និស្សិត​ខ្មែរ​ក្នុង​ប្រទេស​បារាំង និង​បណ្តា​ប្រទេស​ដទៃ​ទៀត ឱ្យ​ត្រឡប់​មក​ស្រុក​វិញ ថា​ដើម្បី​ចូលរួម​កសាង​ជាតិ។ ទីបំផុត ក្រុម​និស្សិត​ទាំងអស់​នោះ​ត្រូវ​បាន​សម្លាប់​ចោល​ទាំងអស់​ដោយ​ពួក​ខ្មែរ​កុម្មុយនីស្ត​ដែល​ចាត់ទុក​អ្នក​ចេះដឹង​ជា​សត្រូវ​របស់​ខ្លួន។

ក្រុម​និស្សិត​ដែល​ចាញ់​បោក​ខ្មែរក្រហម​នៅ​ពេល​នោះ គឺជា​កំហុស​ឆ្គង​មួយ ព្រោះ​តែ​ពួកគេ​គិត​ថា ការ​ចូលរួម​នយោបាយ គឺ​ស្នេហា​ជាតិ។ តែ​ពួកគេ​មិន​បាន​គិត​ថា ពួកគេ​គួរតែ​ចូលរួម​ក្នុង​ប្រព័ន្ធ​នយោបាយ​បែប​ណា ហើយ​មេដឹកនាំ​នោះ​មាន​ជំហរ​នយោបាយ ឬ​គុណសម្បត្តិ​បែប​ណា និង​មាន​អ្វី​ជា​សំអាង។

ជា​ច្បាប់​ធម្មជាតិ ជីវិត​មនុស្ស​មិន​អមតៈ​ទេ ហើយ​ប្រទេស​ជាតិ ឬ​កិច្ចការ​នយោបាយ​ក៏​មិនមែន​ជា​កម្មសិទ្ធិ​របស់​នរណា​ម្នាក់​ដែរ។ ចំពោះ​ជន​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន និង​អ្នក​ដទៃ​ទៀត​តែងតែ​គិត​ថា មុខនាទី អំណាច ឬ​ប្រទេស​ជាតិ​នេះ គឺជា​កម្មសិទ្ធិ​របស់​ខ្លួន។ ដោយសារ​ការ​គិត​បែប​នោះ​ហើយ ទើប​ជន​ផ្ដាច់ការ​រមែង​គិត​អំពី​ការ​ផ្ទេរ​អំណាច ឬ​មុខនាទី​ទៅ​អ្នក​នេះ ឬ​អ្នក​នោះ​ដែល​ខ្លួន​ទុកចិត្ត។

តាមពិត វា​ជា​ការ​ចាំបាច់ និង​សំខាន់​ដែល​យុវជន​គួរ​រៀបចំ​ខ្លួន​ឱ្យ​ក្លាយ​ជា​បុគ្គល​ដ៏​មាន​សក្ដានុពល និង​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​សង្គម ឬ​នយោបាយ ដើម្បី​ជួយ​ជាតិ។ រឿង​ជាតិ បញ្ហា​ជាតិ តម្រូវ​ឲ្យ​ពលរដ្ឋ​ជាតិ​នោះ​មាន​ក្តី​ស្នេហា​ដុះ​ចេញពី​ក្រឪ​បេះដូង​ម្នាក់ៗ មិន​ចាំបាច់​មាន​អ្នក​ណា​ទៅ​លួងលោម​ថ្នម​ចិត្ត​ឲ្យ​ចេះ​ស្នេហា​នោះ​ទេ ដែល​ផ្ទុយពី​រឿង​ជំនួញ​ជួញដូរ​ដែល​ត្រូវ​និយាយ​បញ្ចុះបញ្ចូល។ ប៉ុន្តែ​យុវជន​គួរតែ​គិត​អំពី​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​ធានា​ថា តើ​ការ​ចូលរួម​របស់​ពួកគេ​អាច​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ជាតិ​ឬ​ក៏​អត់។

លោក ហ៊ុន សែន ដែល​ចំណាយ​ពេល​យុវវ័យ​របស់​គាត់​ដើម្បី​ចូលរួម​ចលនា​តស៊ូ​ជាមួយ​ពួក​ខ្មែរក្រហម​កុម្មុយនីស្ត និង​ក្រោយ​មក​ជាមួយ​ពួក​វៀតណាម​ក្រហម​កុម្មុយនីស្ត ឬ​ខ្មែរ​យៀកមិញ ទីបំផុត​ថ្វីបើ​គាត់​បាន​អំណាច តែ​លទ្ធផល​ដែល​គាត់​ទទួល​បាន គឺ​ការ​បំផ្លាញ​ជីវិត​ខ្មែរ​រាប់​លាន​នាក់​ក្នុង​សម័យ​ខ្មែរ​ក្រហម និង​ការ​បំផ្លាញ​ជាតិ​ដូច​ពេល​បច្ចុប្បន្ន​នេះ។

ដូច្នេះ ទាំង​ក្រុម​យុវជន និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត គួរតែ​កៀរគរ​យុវជន​ឱ្យ​ចូលរួម​តស៊ូ ឬ​ប្រយុទ្ធ​ដើម្បី​បង្កើត​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​ធានា​នូវ​សេរីភាព និង​ការ​គោរព​សិទ្ធិ​ទាំងអស់​គ្នា ជាជាង​គ្រាន់តែ​ចូលរួម​នយោបាយ​ក្នុង​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​គេ​មិន​ហ៊ាន​និយាយ ឬ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី និង​សុវត្ថិភាព។ ក្រៅពី​នេះ អ្នក​នយោបាយ​គួរតែ​ខំ​ធ្វើ​ជា​គំរូ​ល្អ​ដល់​យុវជន និង​ផ្តល់​ឱកាស​ដល់​យុវជន​អភិវឌ្ឍ​ខ្លួន ហើយ​ទុក​ឱកាស​ឱ្យ​យុវជន​ជ្រើសរើស និង​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស