លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ និង​ជា​ឧកញ៉ា​ផង។ (រូបថត​ពី​ហ្វេសប៊ុក)

ច្បាប់

ចៅក្រម​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា ឌួង ងៀប បន្ទាប់ពី​លាតត្រដាង​អំពើពុករលួយ​នៅ​តុលាការ

By ឌឹ ខេមបូឌា ដេលី

February 15, 2022

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រេច​ឃុំ​ខ្លួន​ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប ដែល​បាន​លាតត្រដាង​អំពើពុករលួយ​នៅ​ក្នុង​តុលាការ​នា​ពេល​ថ្មីៗ​នេះ​នៅ​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​នឹង​បទល្មើស «ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន»។

សេចក្ដី​ប្រកាស​បន្ត​សំណុំរឿង​លោក ឌួង ងៀប ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ឧត្ដមសេនីយ៍​ផ្កាយ​៣ លោក ឌួង ងៀប បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​លាតត្រដាង​ពី​ការ​ទទួល​រង​ភាព​អយុត្តិធម៌ និង​អំពើពុករលួយ​របស់​ចៅក្រម​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា បន្ទាប់ពី​រូបលោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ឆបោក​ជនជាតិ​ចិន​តៃវ៉ាន់»។

ទាក់ទង​នឹង​ករណី​នេះ អ្នកស្រី ហ៊ុន ស៊ីណាត បាន​សរសេរ​លើ​ទំព័រ Facebook កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​ទទូច​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្រោម​ហេតុផល​ថា ឧត្ដមសេនីយ៍​ផ្កាយ​៣ លោក ឌួង ងៀប នៅ​ក្រោម​ឱវាទ​ក្រសួង និង​បាន​ប្រព្រឹត្ត​អំពើ​ឆបោក និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​ឱ្យ​ចិន យក​លុយ ២០​ម៉ឺន​ដុល្លារ។

បើ​តាម​វីដេអូ​នោះ លោក ឌួង ងៀប រៀបរាប់​ពី​ការ​ចោទប្រកាន់ ហើយ​លោក​បាន​អង្វរ​តុលាការ​ឱ្យ​ជួយ​ដោយ​សំអាង​ថា ខ្លួន​មិន​ដែល​បោក​អ្នក​ណា​សូម្បី​តែ​មួយ​រៀល​នោះ​ទេ។ លើស​ពី​នេះ នៅ​ពេល​ដែល​ទៅ​តុលាការ​ម្ដងៗ លោក​តែង​ត្រូវ​បង់​លុយ​ទៅ​មន្ត្រី​តុលាការ​រហូត ទោះបី​លោក​មិន​មាន​កំហុស​ក៏ដោយ។

លោក ឌួង ងៀប បញ្ជាក់​ថា ហេតុ​ដែល​លោក​ចេញ​វីដេអូ​លើ​បណ្ដាញ​សង្គម​និយាយ​នោះ ដោយសារ​លោក​ទ្រាំ​ជាមួយ​ចៅក្រម​លែង​បាន និង​អស់​លទ្ធភាព​ដោយ​គ្មាន​លុយ​យក​ឱ្យ​ចៅក្រម​បន្ត​ទៀត។ ករណី​នេះ លោក​អំពាវនាវ​ដោយ​រក​ជំនួយ​ពី​លោក ហ៊ុន សែន ឱ្យ​ជួយ​រក​យុត្តិធម៌​ក្រោម​ហេតុផល​ថា មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​តុលាការ​ចោទប្រកាន់។

លោក ឌួង ងៀប បាន​បញ្ជាក់​ថា រូបលោក​គ្មាន​ប្រាក់ ៥​លាន​ដុល្លារ​ដើម្បី​យក​ទៅ​តម្កល់​នៅ​តុលាការ​តាម​បង្គាប់​របស់​ចៅក្រម ជា​ថ្នូរ​មិន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ទៀត​ឡើយ។ លោក​សុខចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង​តែម្ដង។

ពាក់ព័ន្ធ​នឹង​រឿង​លោក ឌួង ងៀប លាតត្រដាង​ពី​ភាព​អយុត្តិធម៌​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​យល់​ថា បាន​ឆ្លុះបញ្ចាំង​ពី​អំពើពុករលួយ​ចាក់ឫស​ជ្រៅ​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​បាន​និង​កំពុង​រងគ្រោះ​ធ្លាក់​ខ្លួន​អស់​ទ្រព្យ ដោយសារ​ល្បែង​ពុករលួយ​របស់​ចៅក្រម​នៅ​កម្ពុជា។

អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ដោយ​រក​ឃើញ​ថា កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​មាន​អំពើពុករលួយ​លំដាប់​ថ្នាក់​ខ្ពស់​ជាងគេ បើ​ធៀប​ទៅ​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន៕