34 C
Phnom Penh

លោក ហ៊ុន សែន អួត​ពី​វត្តមាន​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេ​កម្មាភិបាល​នៃ​របប​វាល​ពិឃាត លោក ហ៊ុន សែន បាន​អះអាង​ថា វត្តមាន​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កន្លងទៅ​នេះ បាន​លើកស្ទួយ និង​ផ្សព្វផ្សាយ​នូវ​វិសាលភាព​សន្តិភាព មិន​ត្រឹមតែ​សម្រាប់​ឧបទ្វីប​កូរ៉េ​ប៉ុណ្ណោះ​ទេ គឺ​បាន​ផ្សាយ​ទៅកាន់​ពិភពលោក​ទាំងមូល​ថែមទៀត។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ឆ្នាំ​២០២២ ដែល​លោក​ទទួល​បាន គឺជា​កិត្តិយស និង​មោទកភាព​របស់​កម្ពុជា​ទាំងមូល និង​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ដឹកនាំ​ប្រកប​ដោយ​សន្តិភាព​របស់​លោក​ផង​ដែរ។

មេដឹកនាំ​តាម​បែប​ត​ត្រកូល​រូប​នេះ​អះអាង​ថា ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ដែល​លោក​ទទួល​នេះ គឺ​ពិតជា​ស័ក្តិសម​សម្រាប់​មេដឹកនាំ​ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងឡាយ ដោយ​យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​របស់​ខ្លួន។

ទោះ​យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ថា នៅ​លើ​លោក​នេះ​ពុំ​មាន​ពានរង្វាន់​សន្តិភាព​ដែល​មាន​កិត្តិយស​ឯណា​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​ប្រឡាក់​ទៅ​ដោយ​ឈាម និង​ជោគជាំ​ដោយ​ទឹកភ្នែក​របស់​ពលរដ្ឋ​ស្លូតត្រង់​នោះ​ទេ។

លោក គឹម សុខ អះអាង​ថា លុះត្រាតែ​ពិភពលោក​នេះ​ឲ្យ​តម្លៃ​លើ​អំពើ​ផ្ដាច់ការ អំពើ​ឧក្រិដ្ឋ​កម្ម អំពើ​អយុត្តិធម៌ ការ​បង្ហូរ​ឈាម​មនុស្ស​តាម​ទំនើង​ចិត្ត ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លូតត្រង់​ឈឺចាប់​ហូរ​ទឹកភ្នែក និង​អំពើ​លក់​ជាតិ​ឯង ជាដើម ទើប​ពានរង្វាន់​សន្តិភាព​របស់​លោក ហ៊ុន សែន នេះ​មាន​តម្លៃ។

អ្នកវិភាគ​រូប​នេះ​រិះគន់​ថា ប្រសិនបើ​លោក ហ៊ុន សែន មាន​ចិត្ត​ស្នេហា​ជាតិ​ដោយ​ពិតប្រាកដ​នោះ លោក​ច្បាស់​ជា​ខ្មាស​ពលរដ្ឋ​ខ្មែរ ពលរដ្ឋ​កូរ៉េ និង​ពិភពលោក​យ៉ាង​ខ្លាំង ព្រោះ​ថា​លោក​បាន​ចាយ​លុយ​ជាតិ​ទៅដល់​អង្គការ​អាជីវកម្ម​សាសនា​មួយ​នៅ​កូរ៉េ​ខាងត្បូង ដើម្បី​បង្កើត​ពានរង្វាន់​ឲ្យ​គាត់​ស្រប​ពេល​ដែល​គាត់​កំពុងតែ​សម្លាប់​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ចាប់​ខ្លួន​កម្មករ ចាប់​ខ្លួន​សកម្មជន​សង្គម ជាពិសេស​ជា​មនុស្ស​ដែល​មេដឹកនាំ​រដ្ឋ​អាស៊ាន​កំពុងតែ​រិះគន់​ពី​ការ​ដឹកនាំ​មិន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ផង​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ​មាន​តែ​ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​១៩៩១ និង​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ជា​អចិន្ត្រៃយ៍ ដើម្បី​ខ្លួនឯង​អាច​កាន់កាប់​អំណាច​ផ្ដាច់មុខ​ដូច​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្ពុជា​នៅ​ក្រោម​ពាក្យ​សន្តិភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន គឺ​ពោរពេញ​ទៅ​ដោយ​ការ​គំរាមកំហែង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភ័យខ្លាច​គ្រប់ៗ​គ្នា ក្នុង​នោះ​លោក ហ៊ុន សែន ក៏​ធ្លាប់​សារភាព​ដែរ​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម សកម្មជន​នយោបាយ គឺ​លោក​ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់។ ជាង​នេះ​ទៀត ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ស្នាដៃ​របស់​លោក ហ៊ុន សែន ផង​ដែរ។

ក្រៅពី​ការ​រំលោភ​ច្បាប់ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន ក៏​បាន​សហការ​ជាមួយ​បរទេស​ឈ្លានពាន​សម្បទាន​ទឹកដី​រាប់​មិន​អស់​ឱ្យ​ទៅ​រដ្ឋាភិបាល​ក្រុង​ហាណូយ តាមរយៈ​នៃ​ការ​បង្កើត​ផែនទី​ខុសច្បាប់​ថ្មី​ដែល​ជា​ការ​ចង់​បាន​របស់​វៀតណាម និង​ការ​ដាក់​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស​កុម្មុយនីស្ត ដូចជា​ប្រទេស​វៀតណាម ដើម្បី​ខ្ចី​កម្លាំង​បរទេស​ទាំងនោះ​ជួយ​ពង្រឹង​អំណាច​ត​វង្ស​ត្រកូល​របស់​ខ្លួន​ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស