នៅពេលដែលពិភពលោកកំពុងតែភ័យខ្លាចការផ្ទុះសង្គ្រាមនៃអឺរ៉ុបខាងកើត និងសង្គ្រាមវាយលុកពីមហាអំណាចរុស្ស៊ី លើប្រទេសអ៊ុយក្រែន អ្នកសង្កេតការណ៍ និងអ្នកជំនាញខាងផ្នែកដំណោះស្រាយ ឬក៏អ្នកជំនាញផ្នែកពន្លត់ភ្នក់ភ្លើងសង្គ្រាម កំពុងតែសម្លឹងមើលថា តើការទប់ស្កាត់ស្ថានភាពតានតឹងនៅអឺរ៉ុបខាងកើតនេះដោយមធ្យោបាយណាខ្លះ?
មកដល់ពេលនេះ អ្នកជំនាញផ្នែកយោធាមួយចំនួននៅអឺរ៉ុបខាងកើត បារម្ភខ្លាចមានការប៉ះទង្គិចគ្នាមិនត្រឹមតែរុស្ស៊ី និងអ៊ុយក្រែននោះទេ គឺវាអាចរុស្ស៊ី និងអង្គការយោធាណាតូ (NATO) ផងដែរ ព្រោះពេលនេះ ណាតូបានដាក់ពង្រាយទ័ព និងសព្វាវុធរួចរាល់អស់ហើយនៅអឺរ៉ុបខាងកើត ជាពិសេសទៅលើប្រទេសដែលនៅជាប់នឹងព្រំដែនប្រទេសរុស្ស៊ី។
កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យមើលស្ថានភាពនៅអឺរ៉ុបខាងកើត ជាពិសេសបានធ្វើការវាយតម្លៃអំពីសកម្មភាពអនុត្តរភាពកងទ័ពរុស្ស៊ី ដែលកំពុងរៀបចំផែនការលុកលុយអ៊ុយក្រែន ហើយអាចប៉ះពាល់ដល់អឺរ៉ុបខាងកើត។ ក្នុងកិច្ចប្រជុំនេះ ភាពតានតឹងបានផ្ទុះឡើងបន្ទាប់ពីតំណាងរបស់សហរដ្ឋអាមេរិក អង់គ្លេស ចង្អុលមុខចំៗទៅលើតំណាងប្រទេសរុស្ស៊ី ថាជាអ្នកបង្កហេតុ។
តំណាងប្រទេសរុស្ស៊ី បានឆ្លើយតបដោយប្រតិកម្មថា ដើមចមគឺកើតចេញពីលោកខាងលិច និងអង្គការណាតូ។ នៅក្នុងនោះ តំណាងប្រទេសចិន ឡើងការពាររុស្ស៊ី។ កិច្ចប្រជុំបិទបញ្ចប់បានត្រឹមតែឈ្លោះគ្នា និងគំរាមគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
តែយ៉ាងណា ប្រទេសភាគច្រើននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទាមទារឲ្យរុស្ស៊ី បន្ថយសកម្មភាពយោធាទៅលើប្រទេសអ៊ុយក្រែន។ មកដល់ពេលនេះ ស្ថានការណ៍យោធានៅតែតានតឹងនៅឡើយ។
ពិភពលោកកំពុងតែស្វែងរកជនទាំងឡាយណាដែលជាអ្នកស្ថាបនិកសន្តិភាព និងជាអ្នកបានពានរង្វាន់ដោយសារជាអ្នកស្ថាបនិកសន្តិភាព គួរទៅជួយរកដំណោះស្រាយនៅអឺរ៉ុបខាងកើត ហើយក្រុមនោះ ឬបុរសនោះមិនគួរអឹមអៀនលាក់ខ្លួននោះទេ គឺគួរតែចេញមុខទៅជួយរកដំណោះស្រាយ ដើម្បីឱ្យឈានទៅរកការកាត់បន្ថយភាពតានតឹងនៅអឺរ៉ុបខាងកើតទាំងមូល។
បុរសរូបណាដែលមានក្រុមខ្លួនអះអាងថាជាអ្នកស្ថាបនិកសន្តិភាពពិភពលោក គួរដឹកនាំគណប្រតិភូរបស់ខ្លួនចេញទៅអឺរ៉ុបខាងកើត ចេញទៅប្រទេសអ៊ុយក្រែន ហើយជួបប្រធានាធិបតីរុស្ស៊ី ជួបប្រធានាធិបតីអ៊ុយក្រែន ដើម្បីឲ្យមេដឹកនាំប្រទេសពីរនេះមកអង្គុយតុចរចាជាមួយគ្នា ហើយឈានទៅដល់ការកាត់បន្ថយភាពតានតឹងផ្នែកយោធាដែលកំពុងកើតមានតាមព្រំដែននៃប្រទេសទាំងពីរ។
ចុងក្រោយនេះ ប្រធានាធិបតីបារាំង Macron បានទៅជួបលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន ហេ្សឡេនស្គី ដោយបានសន្ទនាគ្នាច្រើនម៉ោងក្នុងការរកមធ្យោបាយបន្ថយកម្ដៅយោធាតាមព្រំដែនរុស្ស៊ី និងអ៊ុយក្រែន។
ទីបំផុត មេដឹកនាំរុស្ស៊ី បានត្រឹមតែប្រាប់លោក Macron ថា ជម្រើសការទូតនៅតែលើតុចរចា និងជម្រើសកងទ័ពក៏នៅលើតុចរចា។ លោក ពូទីន បានប្រាប់ទៀតថា លោកមិនលើកទ័ពវាយអ៊ុយក្រែន នោះទេ ប៉ុន្តែចលនាកងទ័ពរបស់រុស្ស៊ី មកកាន់អ៊ុយក្រែនកាន់តែខ្លាំង។ កាលពីសប្ដាហ៍មុនទៀតនោះ ប្រធានាធិបតីតួកគី ក៏បានទៅជួបប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ផងដែរ ដោយបញ្ចុះបញ្ចូលឲ្យមេដឹកនាំទាំងពីរបន្ថយភាពតានតឹងដាក់គ្នាផ្នែកយោធា ហើយជួបគ្នាដោយផ្ទាល់ ជាពិសេសមេដឹកនាំតួកគី សម្របសម្រួលឲ្យរុស្ស៊ីបន្ថយការដាក់សម្ពាធយោធាទៅលើអ៊ុយក្រែន ដែលជាប្រទេសទន់ខ្សោយ។
ឥឡូវនេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជួបមេដឹកនាំនៃប្រទេសទាំងពីរនេះ គឺក្នុងបំណងផ្សះផ្សាប្រទេសទាំងពីរឲ្យមានសន្តិភាពជាមួយគ្នាឡើងវិញ។ នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ នេះ អធិការបតីអាល្លឺម៉ង់ ត្រូវទៅដល់ទីក្រុងមូស្គូ ហើយថ្ងៃអង្គារបន្ទាប់មកត្រូវទៅដល់ទីក្រុងគៀវ។ គោលបំណងទំនងគឺដូចនឹងប្រធានាធិបតីបារាំង Macron ផងដែរ។
តែទីបំផុត មេដឹកនាំរុស្ស៊ី និងមេដឹកនាំអ៊ុយក្រែន ពុំបានជួបគ្នានោះទេ។ យ៉ាងនេះក្ដី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលមិនមែនជាអ្នកសម្របសម្រួលឲ្យរុស្ស៊ី-អ៊ុយក្រែនត្រូវគ្នានោះទេ គឺមេដឹកនាំមហាអំណាចមួយនេះតែងតែប្រើមធ្យោបាយមួយ គឺគំរាមរុស្ស៊ី ដោយព្រមានមិនឲ្យក្រុងមូស្គូ លើកទ័ពវាយអ៊ុយក្រែននោះទេ។ លោក បៃដិន ប្រាប់លោក ពូទីន ថាក្រុងមូស្គូ នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានតែឈ្លានពានអ៊ុយក្រែន ហើយព្រមានថាកុំប៉ះពាល់ប្រទេសសមាជិកណាតូឱ្យសោះ។ សម្រាប់លោក ពូទីន មិនទទួលយកការព្រមានរបស់លោក បៃដិន នោះទេ ហើយបានប្រតិកម្មវិញថា អ្វីៗដែលធ្វើឲ្យអ៊ុយក្រែនហ៊ានប្រឈមមុខនឹងរុស្ស៊ី ក៏ដោយសារតែអ៊ុយក្រែន អាងអាមេរិក និងអាងណាតូនៅពីក្រោយ។
សម្រាប់រុស្ស៊ី ព្រមានថា អ្វីៗវាអាចធូរស្រាល បើណាតូដើរចេញពីអ៊ុយក្រែន បើណាតូលែងមានកងទ័ពរបស់ខ្លួននៅអឺរ៉ុបខាងកើតដែលជាប់នឹងព្រំដែនរុស្ស៊ី។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងយោធា នៅតែព្រមានថា ភាពផុយស្រួយរវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន និងភាពផុយស្រួយរវាងកងទ័ពរុស្ស៊ី និងណាតូ គឺឡើងកម្រិតខ្ពស់បំផុតនៅពេលនេះ។
យ៉ាងណា ពិភពលោកមានអ្នកស្ថាបនិកសន្តិភាពមួយហើយដែលទើបតែទទួលបានពានរង្វាន់ពីអង្គការមួយនៅកូរ៉េខាងត្បូង គឺមានឈ្មោះថាជាអ្នកស្ថាបនិកសន្តិភាពសកល។ បុរសនេះគួរតែដឹកនាំប្រតិភូរបស់ខ្លួនទៅអឺរ៉ុបខាងកើត ដើម្បីរុញឲ្យមានសន្តិភាពនៅតំបន់នោះ ព្រោះអ្នកស្ថាបនិកសន្តិភាពនេះមានបទពិសោធន៍ច្រើនណាស់ក្នុងការពន្លត់ភ្នក់ភ្លើងសង្គ្រាមក្នុងប្រទេសខ្លួនឯង។ ប៉ុន្តែពុំមានបទពិសោធន៍ម្ដងណាទេចំពោះភ្នក់ភ្លើងសង្គ្រាមនៅប្រទេសដទៃ និងតំបន់ដទៃនៃពិភពលោក។
អ្នកស្ថាបនិកសន្តិភាពសកលនេះ គួរតែសាកល្បងទៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជួបមេដឹកនាំប្រទេសពីរនេះ ហើយបញ្ចុះបញ្ចូលឲ្យពន្លត់ភាពតានតឹងផ្នែកយោធានៅអឺរ៉ុបខាងកើតទាំងមូល។ តែយ៉ាងណា សូមកុំផ្ដល់គំនិតថា បើអ្នកជាប្រទេសទន់ខ្សោយ គឺអ្នកមិនត្រូវហ៊ានប្រឈមមុខជាមួយប្រទេសខ្លាំងនោះទេ។ តែបើអ្នកសុខចិត្តទទួលយកសន្តិភាពពីប្រទេសខ្លាំង គឺប្រទេសអ្នកនឹងបានសន្តិភាព ហើយអំណាចរបស់អ្នកនឹងនៅតែរឹងមាំដដែល គឺប្រទេសខ្លាំងនោះគេនឹងជួយការពារអំណាចរបស់អ្នក៕