31 C
Phnom Penh

រុស្ស៊ី​ព្រម​ដក​ទ័ព​រថក្រោះ​មួយ​ចំនួន​ត្រឡប់​ទៅ​មូលដ្ឋាន​ក្រោម​ការ​សម្របសម្រួល​ផង​និង​ព្រមាន​ផង​ពី​មេដឹកនាំ​អាល្លឺម៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​មុន​ចេញ​ដំណើរ​ពី​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដែល​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី Volodymyr Zelenskiy កាលពី​ថ្ងៃ​ចន្ទ ទី​១៤ កុម្ភៈ លោក Olaf Scholz អធិការបតី​អាល្លឺម៉ង់ បាន​ទៅ​ដល់​ទីក្រុង​មូស្គូ ហើយ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC អធិការបតី​អាល្លឺម៉ង់​រូប​នេះ​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែល​រំពឹង​ថា លោក​នឹង​ស្នើ​ឱ្យ​រុស្ស៊ី បន្ថយ​ភាព​តានតឹង​ទៅលើ​ប្រទេស​អ៊ុយក្រែន ក្រោម​ការ​សន្យា​របស់​លោក​ដែល​ធានា​ថា អ៊ុយក្រែន​នឹង​មិន​អាច​ក្លាយ​ជា​សមាជិក​ទី​៣១ របស់​អង្គការ​យោធា​ណាតូ (NATO) ឡើយ។ តែ​ដំណឹង​ចុងក្រោយ​ដែល​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC គឺ​រុស្ស៊ី ចាប់ផ្ដើម​ដក​ទ័ព​រថក្រោះ​មួយ​ចំនួន​ចេញពី​ទីតាំង​នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ុយក្រែន ដោយ​ត្រឡប់​ទៅ​មូលដ្ឋាន​របស់​ពួកគេ​វិញ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ នេះ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ថា ការ​ធ្វើ​សមយុទ្ធ​ដ៏​ធំ​មួយ​ទោះ​ជា​នៅ​បន្ត តែ​អង្គភាព​កងទ័ព​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ពួកគេ​វិញ។

រុស្ស៊ី បាន​ដាក់​ពង្រាយ​ទ័ព​របស់​ខ្លួន​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន ដែល​ជា​ការ​ព្រមាន​លើក​ទ័ព​លុកលុយ​អតីត​រដ្ឋ​ចំណុះ​សហភាព​សូវៀត​មួយ​នេះ ព្រោះ​តែ​ក្រុង​មូស្គូ មិន​ចង់​ឱ្យ​អ៊ុយក្រែន ក្លាយ​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ​ដាច់ខាត។ តែ​បែប​នេះ​ក្ដី ក្រុង​មូស្គូ នៅតែ​ច្រានចោល​ចំពោះ​ការ​ចោទ​ថា​ការ​ដាក់​ពង្រាយ​ទ័ព​ដ៏​ច្រើន​សន្ធឹក​នេះ គឺ​ដើម្បី​លុកលុយ​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី Igor Konashenkov បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​ដែល​ត្រូវ​ធ្វើ​សមយុទ្ធ គឺ​នៅតែ​ស្ថិតនៅ​លើ​ទីតាំង​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ទើប​អាច​សម្រេច​ថា​តើ​ត្រូវ​ដក​មក​វិញ ឬ​បន្ត​រក្សាទុក​ឱ្យ​លើ​ទីតាំង​ដដែល។ បន្ទាប់ពី​រុស្ស៊ី ប្រកាស​ដូចនេះ រដ្ឋាភិបាល​អង់គ្លេស និង​ប្រទេស​សម្ពន្ធមិត្ត​របស់​អាមេរិក នៅតែ​គិត​ថា​ការ​មិន​ដឹង​ចំនួន​ទ័ព​ជាក់លាក់​ដែល​ត្រូវ​ដក​ចេញពី​ទីតាំង​ជាប់​ព្រំដែន​អ៊ុយក្រែន គឺ​មិន​ប្រាកដ​ថា​រុស្ស៊ី​មាន​ចេតនា​ធ្វើ​ឱ្យ​ធូរស្រាល​ស្ថានការណ៍​យោធា​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ។

តែ​យ៉ាងណា សញ្ញា​ដែល​រុស្ស៊ី​ផ្ដល់​ឱ្យ​នេះ ធ្វើឡើង​បន្ទាប់ពី​អធិការបតី​អាល្លឺម៉ង់ ដែល​មុន​ទៅ​ដល់​ទីក្រុង​មូស្គូ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ នេះ ហើយ​ត្រូវ​ជួប​ប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន គឺ​លោក Olaf Scholz បាន​ស្នើសុំ​ជា​ចំហ​ឲ្យ​រុស្ស៊ី ជា​អ្នក​ចាប់ផ្ដើម​បន្ថយ​ភាព​តានតឹង​ដាក់​ទៅលើ​អ៊ុយក្រែន ដោយ​សន្យា​ថា​នឹង​ធ្វើតាម​សំណើ​របស់​រុស្ស៊ី ដែល​សុំ​កុំ​ឲ្យ​អ៊ុយក្រែន ជា​សមាជិក​យោធា​ណាតូ។

ប៉ុន្តែ​មេដឹកនាំ​អាល្លឺម៉ង់​រូប​នេះ​ព្រមាន​ថា បើ​ក្រុង​មូស្គូ លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន គឺ​អាល្លឺម៉ង់​នឹង​សហការ​ជាមួយ​សមាជិក​ណាតូ​ធំៗ ដូចជា​អាមេរិក អង់គ្លេស បារាំង កាណាដា ហុឡង់ដ៍ និង​អ៊ីតាលី នឹង​ឆ្លើយតប​ទៅលើ​ប្រទេស​រុស្ស៊ី ដោយ​បិទ​ខ្ទប់​ទាំងស្រុង​នូវ​ទីផ្សារ​របស់​រុស្ស៊ី ដែល​បញ្ចេញ​ឧស្ម័ន​ទៅ​លក់​នៅ​អឺរ៉ុប និង​បិទ​ទាំងអស់​នូវ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី ដែល​ទៅ​ទីផ្សារ​អឺរ៉ុប​ឆ្លងកាត់​ប្រទេស​អាល្លឺម៉ង់។

សម្រាប់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ព្រមាន​ថា បើ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺ​មាន​ន័យ​ថា រុស្ស៊ី​ចង់​បិទ​បញ្ចប់​ទំនាក់ទំនង​ការ​លក់​ឧស្ម័ន​របស់​រុស្ស៊ី នៅ​លើ​ទីផ្សារ​អឺរ៉ុប។ សេដ្ឋកិច្ច​របស់​រុស្ស៊ី គឺ​ពឹងផ្អែក​ខ្លាំង​លើ​ការ​លក់​ឧស្ម័ន​នៅ​លើ​ទីផ្សារ​អឺរ៉ុប។

ពី​រដ្ឋធានី​គៀវ ឯណោះ​វិញ ប្រធានាធិបតី Volodymyr Zelenskiy ដែល​ថ្លែង​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ លោក​បាន​អំពាវនាវ​សុំ​ឱ្យ​ជន​រួម​ជាតិ​អ៊ុយក្រែន បង្ហូត​ទង់ជាតិ​អ៊ុយក្រែន​នៅ​តាម​មុខ​ផ្ទះ​រៀងៗ​ខ្លួន ដែល​លោក​ថា​ត្រូវ​នាំគ្នា​ស្រឡាញ់​មាតុភូមិ​កំណើត​របស់​ខ្លួន គឺ​កុំ​លក់​ឧត្តមគតិ​របស់​ខ្លួន​ដើម្បី​សន្តិភាព​ក្រោម​សម្ពាធ​របស់​ប្រទេស​ឈ្លានពាន។ លោក​បាន​ទទូច​ថា នៅ​ថ្ងៃ​បុណ្យ​ជាតិ ១៦ កុម្ភៈ គឺ​ជន​រួម​ជាតិ​ត្រូវ​នាំគ្នា​ច្រៀង​ចម្រៀង​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​គ្រប់ៗ​គ្នា។

លោក Zelenskiy បាន​ប្រាប់​អធិការបតី​អាល្លឺម៉ង់​ថា ទាំង​រូបលោក និង​ប្រជាជន​អ៊ុយក្រែន នឹង​មិន​ដោះដូរ​សន្តិភាព​ដោយ​ការ​ប្រគល់​ដី​ឱ្យ​អ្នក​ឈ្លានពាន​ឡើយ ប៉ុន្តែ​លោក​សង្ឃឹម​ថា មហាអំណាច​រុស្ស៊ី នឹង​មិន​ធ្វើ​សង្គ្រាម​វាយលុក​អ៊ុយក្រែន​នោះ​ទេ ខណៈ​លោក​ចាត់ទុក​ភាព​ភ័យខ្លាច​ថា​រុស្ស៊ី នឹង​បើក​ទ្វារ​សង្គ្រាម​វាយ​លុកលុយ​អ៊ុយក្រែន គឺ​គ្រាន់តែ​ជា​ការ​បង្អើល​ប៉ុណ្ណោះ។ យ៉ាងនេះ​ក្ដី មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​បង្ហើប​ថា មាន​គេ​ប្រាប់​លោក​ថា រុស្ស៊ី​នឹង​លើក​ទ័ព​វាយ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ តែ​សម្រាប់​រូបលោក​នៅតែ​មិន​ជឿ​ឡើយ។

ទោះ​ជា​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​មាន​សុទិដ្ឋិនិយម​ថា រុស្ស៊ី​នឹង​មិន​លើក​ទ័ព​វាយ​អ៊ុយក្រែន​ពិតមែន តែ​កងទ័ព​អ៊ុយក្រែន​ដែល​ដាក់​ពង្រាយ​តាម​ព្រំដែន​ជាប់​នឹង​រុស្ស៊ី គឺ​មាន​ជាង ១៥​ម៉ឺន​នាក់​ជាមួយ​នឹង​ការ​ហាត់​សម​សង្គ្រាម​សឹង​រាល់ថ្ងៃ។

យ៉ាងណា អ្នក​សង្កេតការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា រុស្ស៊ី​កំពុង​តថ្លៃ​ជាមួយ​អ៊ុយក្រែន​ផង និង​ជាមួយ​អង្គការ​យោធា​ណាតូ​ផង។ អ្វី​ដែល​មហាអំណាច​យោធា​មួយ​នេះ​ចង់​បាន គឺ​មាន ៣​ចំណុច៖

  • ទី​១ អ៊ុយក្រែន​មិន​អាច​ក្លាយ​ជា​សមាជិក​ណាតូ​ដាច់ខាត។
  • ទី​២ កងទ័ព​របស់​ណាតូ ត្រូវ​ដក ឬ​កាត់បន្ថយ​ចេញពី​ប្រទេស​ដែល​បាន​ដាក់​ពង្រាយ​ជាប់​នឹង​ព្រំដែន​រុស្ស៊ី។
  • និង​ទី​៣ រុស្ស៊ី​ចង់​បាន​ទឹកដី​ពី​អ៊ុយក្រែន​យ៉ាងតិច​មួយ​ក្នុង​ចំណោម ៣​តំបន់ គឺ​តំបន់​ដុនបាស់ គឺ​ដូច​កាលពី​រុស្ស៊ី យក​បាន​តំបន់​គ្រីមៀរ ពី​អ៊ុយក្រែន នៅ​ក្រោម​ការ​បោះឆ្នោត​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​អ៊ុយក្រែន មក​ចំណុះ​ឱ្យ​រុស្ស៊ី​នៅ​ឆ្នាំ​២០១៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស