31 C
Phnom Penh

ឧកញ៉ា ទ្រី ភាព ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» បន្ថែម​ទៀត​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងមក​នេះ។

ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ និង​អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ​ចំនួន​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ដ៏​អាក្រក់​ហូរហែ ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ចំណោម​ក្រុម​ឧកញ៉ា​ព្រៃឈើ​មួយ​ចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» ដល់​ឧកញ៉ា ទ្រី ភាព និង​ភរិយា គឺ​ឧកញ៉ា គៀង ស្រីនាង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួម​ទាំង​ក្រុមហ៊ុន​ច្រើន​ទៀត។

ការ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ផ្តល់​គោរមងារ​ដល់​ឧកញ៉ា ទ្រី ភាព និង​ភរិយា ឧកញ៉ា គៀង ស្រីនាង ជា «អ្នក​ឧកញ៉ា» គឺ​តាម​សេចក្តី​ទូល​ថ្វាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ បង្ហាញ​ការ​សោកស្ដាយ​ដែល​លោក ទ្រី ភាព ដែល​ជា​អ្នក​ល្បី​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» នោះ។ លោក​ថា រដ្ឋាភិបាល និង​តុលាការ​គួរតែ​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ព្រៃឈើ ជាជាង​ផ្ដល់​គោរមងារ​ដល់​អ្នក​បំផ្លាញ​ប្រទេស​ជាតិ។

ជាមួយ​គ្នា​នេះ សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ក៏​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដែរ​ថា បច្ចុប្បន្ន​ស្ថានភាព​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ផ្នែក​ខាង​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ កំពុងតែ​ឈាន​ចូល​ដំណាក់កាល​ប្រកាស​អាសន្ន​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ហាម​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល ចុះ​ល្បាត​កាលពី​ពេល​កន្លងមក។ លោក​បាន​អំពាវនាវ​ដល់​មហាជន សកម្មជន អង្គការ​សង្គម​ស៊ីវិល ជាពិសេស​អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ តាមដាន និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ បើ​ពុំ​ដូច្នោះ​ទេ ព្រៃឡង់​នឹង​វិនាស។

កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០០៤ ប្រមុខ​រដ្ឋ​ស្ដីទី លោក ជា ស៊ីម បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ជា «ឧកញ៉ា»។ ឧកញ៉ា ទ្រី ភាព ដែល​ត្រូវ​បាន​អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ​ចំនួន​ចាត់ទុក​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​អាជីវកម្ម​រកស៊ី​ឈើ​ចំនួន ២១ ក្នុង​នោះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៤​ក្រុមហ៊ុន​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ផង​ដែរ។

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ឈ្មោះ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ជាមួយ​នឹង​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ រួម​ជាមួយ​សមាជិក​គ្រួសារ ៣​នាក់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស