34 C
Phnom Penh

មេដឹកនាំ​រុស្ស៊ី​ប្រកាស​ស្វែងរក​ការ​ចរចា​ម្ដង​ទៀត​ជាមួយ​បស្ចិម​ប្រទេស​ក្រោយ​ពី​ដក​ទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​ជាប់​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារ ទី​១៥ កុម្ភៈ បាន​ថ្លែង​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ធ្វើការ​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​លើ​បញ្ហា​សន្តិសុខ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​អ៊ុយក្រែន។

ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង បាន​ធ្វើឡើង​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បង្ហើប​ថា នៅ​យប់​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ នេះ រុស្ស៊ី​អាច​លើក​កងទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ឲ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់ Olaf Scholz ក្នុង​ទីក្រុង​មូស្គូ។ ក្នុង​សន្និសីទ​នេះ លោក ពូទីន បាន​ថ្លែង​ថា ភាគី​រុស្ស៊ី​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើការ​បន្ថែម​ទៀត​ក្នុង​ការ​ចរចា​ដើម្បី​បន្ថយ​កម្ដៅ។

តាម​មេដឹកនាំ​រុស្ស៊ី​រូប​នេះ រុស្ស៊ី​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​រុស្ស៊ី​មិន​អាច​បិទ​ភ្នែក​របស់​ខ្លួន​នៅ​ពេល​សហរដ្ឋ​អាមេរិក និង​អង្គការ​យោធា​ណាតូ (NATO) ប្រែ​ក្រឡាស់​ការ​បកស្រាយ​អំពី​គោលការណ៍​ស្ដីពី​ភាព​មិន​អាច​បំបែក​បាន​នៃ​សន្តិសុខ​អឺរ៉ុប​ខាងកើត ដែល​លោក​ថា​គ្មាន​ប្រទេស​ណា​មួយ​អាច​ពង្រឹង​សន្តិសុខ​របស់​ខ្លួន​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។

តាម​ប្រភព​របស់ AFP ជំនួប​រវាង​លោក Scholz ជាមួយ​នឹង​លោក Putin បាន​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ ហើយ​ជំនួប​នេះ​ធ្វើឡើង​បន្ទាប់ពី​អធិការបតី​អាល្លឺម៉ង់​រូប​នេះ​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​ក្នុង​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន។ នៅ​ទីនោះ​ហើយ​ដែល​លោក Scholz បង្ហាញ​ការ​គាំទ្រ​មេដឹកនាំ​អ៊ុយក្រែន។

នៅ​ពេល​ដែល​អធិការបតី​អាល្លឺម៉ង់ កំពុង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​បញ្ជាក់​អំពី​ការ​ដក​កងទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន ដោយ​បាន​អះអាង​ថា ការ​ចល័ត​កងទ័ព​នៅ​តាម​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន​ប្រសិនបើ​ស្ថានការណ៍​ប្រែប្រួល គឺជា​ការ​ចាំបាច់។

ក្រុម​បស្ចិម​ប្រទេស​បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​បង្កើន​កងទ័ព​របស់​រុស្ស៊ី​នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ុយក្រែន និង​អំពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​លុកលុយ​អ៊ុយក្រែន ព្រោះ​កងទ័ព​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ដាក់​ពង្រាយ​មាន​ជាង ១០​ម៉ឺន​នាក់ ដោយ​មាន​ទាំង​សព្វាវុធ​ធុន​ធ្ងន់ រួម​កាំជ្រួច S-400 ដែល​អាច​បាញ់​កម្ទេច​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ទៀត​ផង។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​កាលពី​សប្ដាហ៍​មុន​ជាមួយ​លោក បូរីស ចនសុន នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Jens Stoltenberg អគ្គលេខាធិការ​យោធា​ណាតូ​បាន​ថ្លែង​ថា ស្ថានការណ៍​នៅ​ពេលនេះ គឺ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​ចំពោះ​សន្តិសុខ​នៅ​អឺរ៉ុប ព្រោះ​ចំនួន​កងទ័ព​រុស្ស៊ី​ដែល​ឡោមព័ទ្ធ​អ៊ុយក្រែន និង​នៅ​ខាងកើត​អឺរ៉ុប នៅ​បន្ត​កើន​ឡើង​នៅឡើយ។ អគ្គលេខាធិការ​អង្គការ​ណាតូ​អះអាង​ថា ណាតូ​មិន​បាន​គំរាម​ទៅលើ​រុស្ស៊ី​មុន​ទេ តែ​លោក​ថា​ណាតូ​ត្រូវតែ​ត្រៀម​ខ្លួន​ក្នុង​ករណី​ស្ថានការណ៍​អាក្រក់​កើតឡើង។

លោក Jens Stoltenberg បាន​បញ្ជាក់​ថា សម្ពន្ធមិត្ត​ណាតូ​នៅតែ​បន្ត​តាំងចិត្ត​ស្វែងរក​ដំណោះស្រាយ​ការទូត​ជាមួយ​រុស្ស៊ី​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ សម្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ថ្លែង​ថា ខណៈ​នេះ​អឺរ៉ុប​ទាំងមូល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ ដែល​សម្ព័ន្ធ​ណាតូ​ត្រូវតែ​ត្រៀម​ដើម្បី​ទប់សា្កត់​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​នេះ។

នៅ​ពេល​សួរ​ចំ​ករណី​អ៊ុយក្រែន ដែល​ចង់​ក្លាយ​ជា​សមាជិក​ណាតូ លោក បូរីស ចនសុន បាន​បង្ហើប​ថា អ៊ុយក្រែន​មាន​សិទ្ធិ​ចង់​ក្លាយ​ជា​សមាជិក​របស់​ណាតូ ហើយ​ក៏​មាន​សិទ្ធិ​មិន​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​នេះ​ដែរ។

ជាមួយ​នឹង​ស្ថានការណ៍​ដ៏​តានតឹង​នេះ នាយករដ្ឋមន្ត្រី​ដាណឺម៉ាក បាន​ប្រកាស​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ជូន​កងទ័ព​មក​តាំង​នៅ​លើ​ដី​ដាណឺម៉ាក ដើម្បី​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ករណី​ផ្ទុះ​សង្គ្រាម​ណា​មួយ​ជាមួយ​រុស្ស៊ី។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន អ្នកស្រី Liz Truss រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បាន​ទៅ​ជួប​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី នៅ​ក្រុង​មូស្គូ។ ក្រោយ​ជំនួប​នេះ អ្នកស្រី​បាន​ឱ្យ​ដឹង​ថា ភាគី​រុស្ស៊ី​បាន​អះអាង​ជា​ថ្មី​ថា រុស្ស៊ី​គ្មាន​គម្រោង​វាយប្រហារ​លើ​អ៊ុយក្រែន​នោះ​ទេ។

តែ​ដំណឹង​ចុងក្រោយ​ពី VOA ផ្សាយ​ជា​ភាសា​អង់គ្លេស ដែល​ស្រង់​ប្រភព​របស់​ចារកម្ម​យោធា​ណាតូ លោក​អគ្គលេខាធិការ Jens Stoltenberg និយាយ​ថា ពុំ​មាន​ភស្តុតាង​ណា​មួយ​ជា​ផ្លូវការ​អំពី​រុស្ស៊ី​ដក​ទ័ព​ចេញពី​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន​នោះ​ទេ។ លោក​ថា រុស្ស៊ី​នៅតែ​មាន​ឱកាស​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន ហើយ​អាច​វាយលុក​ដោយ​ទ្រង់ទ្រាយ​ធំ ដែល​លោក​ថា ណាតូ​ត្រូវតែ​ត្រៀម​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឱ្យ​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស