អ្នកសង្កេតការណ៍កម្ពុជាអះអាងថា មេដឹកនាំរដ្ឋាភិបាលឯកបក្សនៅកម្ពុជា លោក ហ៊ុន សែន ជាមេដឹកនាំដែលមានសារជាតិជាមនុស្សកុម្មុយនីស្ត ដូច្នេះហើយទើបលោកមិនអាចដោះស្រាយវិបត្តិ និងបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបាន។
អ្នកសង្កេតការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា ការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺបរាជ័យគ្រប់ផែនការទាំងអស់ ហើយផែនការដែលបរាជ័យធំបំផុតរបស់លោក ហ៊ុន សែន គឺការមិនអាចបញ្ឈប់ការជិះជាន់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្លួនឯងបាន។
លោក សុខ សុគន្ធ រិះគន់ថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មានឋានៈជានាយករដ្ឋមន្ត្រីដឹកនាំមន្ត្រីរដ្ឋាភិបាលរាប់សិបនាក់ ប៉ុន្តែលោកគ្រាន់តែជាមេដឹកនាំដែលមានគំនិតខ្លី គ្មានសមត្ថភាព និងបានត្រឹមតែឈ្លោះជាមួយពលរដ្ឋខ្លួនឯង ដូចជាឈ្លោះជាមួយក្រុមអ្នកវិភាគ ឈ្លោះជាមួយក្រុមអ្នកនយោបាយប្រឆាំង និងការចាប់ខ្លួនសកម្មជនសង្គម ជាដើម។
អ្នកសង្កេតការណ៍កម្ពុជារូបនេះបញ្ជាក់ថា បើទោះបីជាលោក ហ៊ុន សែន ដឹកនាំមិនត្រឹមត្រូវ ឬគ្មានសមត្ថភាពដឹកនាំឱ្យបានល្អក៏ដោយ ក៏លោកនៅតែគាំទ្រលោក ហ៊ុន សែន ដែរ ព្រោះថាមនុស្សតែងមានកំហុស ប៉ុន្តែសំខាន់នោះ គឺលោកមានបំណងជួយលោក ហ៊ុន សែន ដែលមានរហស្សនាមថាបុរសខ្លាំងនៅកម្ពុជារូបនេះឲ្យចេះកែកំហុសរបស់ខ្លួន។
ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា គ្មាននរណាអាចកែប្រែលោក ហ៊ុន សែន បានទេ ព្រោះគាត់គឺជាមេដឹកនាំដែលមានអត្តចរិតចូលចិត្តប្រើអំណាចបំពានលើអ្នកដទៃ ទោះបីគាត់ដឹងថាទង្វើដែលគាត់ធ្វើនោះមិនត្រឹមត្រូវក៏ដោយ។
លោក គឹម សុខ រិះគន់ថា សកម្មភាពទុច្ចរិតដែលលោក ហ៊ុន សែន បានប្រព្រឹត្តកន្លងមក គឺជាផែនការដែលគាត់បានរៀបចំទាំងអស់ ដូចជាការបំពានលើអំណាច និងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ជាដើម មិនមែនលោក ហ៊ុន សែន មិនដឹង ឬមិនយល់នោះទេ ហើយទង្វើបែបនេះគឺជាការប្រឆាំងទៅនឹងព្រះមហាក្សត្រដែលការពារដោយរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគរូបនេះអះអាងថា ការដឹកនាំនយោបាយរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន សព្វថ្ងៃនេះ មានតែធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ និងបង្កើតភាពសម្អប់កាន់តែខ្លាំងពីបណ្តាប្រទេសជាមិត្តតែប៉ុណ្ណោះ ព្រោះថាការដឹកនាំដែលរំលោភច្បាប់ រំលោភព្រះមហាក្សត្រ រំលោភសិទ្ធិពលរដ្ឋ និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យពីសំណាក់រដ្ឋាភិបាលឯកបក្សរបស់គាត់បច្ចុប្បន្ននេះ ទទួលបានផលការដាក់ទណ្ឌកម្ម ការថ្កោលទោស និងការព្រមានពីសហគមន៍អន្តរជាតិប៉ុណ្ណោះ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវគេមើលឃើញថាជាមេដឹកនាំខ្មែរដែលមានកម្រិតវប្បធម៌ទាប ដែលប្រកាន់របៀបដឹកនាំដូចគ្នាទៅនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយការដឹកនាំរបស់លោករយៈពេល ៤ទសវត្សមកនេះ បានបង្ហាញឱ្យឃើញថា ភាពជាមេដឹកនាំរបស់លោកលេចធ្លោតែខាងបំបែកបំបាក់ជាតិឯង រំលោភច្បាប់ រំលោភព្រះមហាក្សត្រ និងក្រាញអំណាចបន្តត្រកូលរបស់ខ្លួនប៉ុណ្ណោះ៕