តុលាការកំពូលសម្រេចទម្លាក់ចោលបទចោទលើឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀតក្នុងសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដូចការសម្រេចរបស់សាលាឧទ្ធរណ៍ដែរ។
តុលាការកំពូលបានបើកសវនាការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លើបណ្ដឹងសារទុក្ខមេធាវីការពារក្ដីឱ្យគ្រួសារឧកញ៉ា អ៊ឹង ម៉េងជឺ ប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀត ខណៈសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យជនជាប់ចោទទាំង ៥នាក់ជាប់ពន្ធនាគារអស់មួយជីវិត។
តុលាការកំពូល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសសាលដីកាដោយតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានទម្លាក់ចោលបទចោទប្រកាន់លើឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀតឱ្យមានសេរីភាពវិញ ខណៈជនជាប់ចោទម្នាក់ទៀតឈ្មោះ សៀង វាសនា តុលាការរក្សាបទចោទ និងឃុំខ្លួននៅពន្ធនាគារដដែល។
បើតាមប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ឱ្យដឹងថា មូលហេតុដែលសម្រេចទម្លាក់បទចោទលើឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀត គឺដោយសំអាងថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ ចំណែកឈ្មោះ សៀង វាសនា តុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិត ក្រោមហេតុផលថា របាយការណ៍នគរបាលយុត្តិធម៌ និងតំណាងអយ្យការបានរកឃើញថា ឈ្មោះ សៀង វាសនា ពិតជាបានប្រព្រឹត្តបទល្មើសដោយបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មែន។
តែយ៉ាងណា អំឡុងពេលសវនាការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មេធាវីការពារក្ដីឱ្យឈ្មោះ សៀង វាសនា បានលើកឡើងថា មូលហេតុដែលកូនក្ដីឆ្លើយចម្លើយបែបនេះនៅនគរបាលយុត្តិធម៌ ដោយសារតែមានការធ្វើទារុកម្ម និងដាក់ទណ្ឌកម្ម ខណៈពេលកើតហេតុនោះកូនក្ដីរបស់គាត់នៅខេត្តកំពង់ឆ្នាំង មិនបាននៅរាជធានីភ្នំពេញឡើយ។
ឃាតកម្មកណ្ដាលក្រុងភ្នំពេញកើតឡើងលើថៅកែស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ គឺឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។ ក្រោយឃាតកម្មនេះ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៥នាក់ ក្នុងនោះក៏មានឧកញ៉ា ថោង សារ៉ាត់ ដែរ។
ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៤នាក់ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត។ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ២០២០ ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ ក្នុងនោះមានឈ្មោះ កួយ ចាន់ថុល ឈ្មោះ មាស សម្បត្តិ ហៅ ទូច និងឈ្មោះ ឃុន ចិត្រា ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាព ខណៈឈ្មោះ សៀង វាសនា ត្រូវតុលាការរក្សាបទចោទប្រកាន់ និងបន្តឃុំខ្លួននៅពន្ធនាគារដដែល៕